អានតួអត្ថបទ
កម្ពុជា

កម្ពុជា​នឹងរៀន​មេរៀន​ព្រំដែន​កម្ពុជា​វៀតណាម​ព្រឹកថ្ងៃ​ព្រហស្បតិ៍​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី៨​សីហា​ស្អែក​នេះ ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​ត្រូវ​បាន​អំពាវនាវ​អោយ​​តាម​ដាន​បទបង្ហាញ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​លើ​សំណុំរឿង​ព្រំដែន​កម្ពុជា​វៀតណាម។ ការ​អំពាវនាវ​ត្រូវបាន​ផ្សពផ្សាយ​យ៉ាងទូលំ​ទូលាយ​។ នៅ​តាម​ទី​សាធារណៈ វត្តអារ៉ាម​ក៏​ត្រូវ​បាន​ណែនាំ​អោយ​ដាក់​ទូរទស្សន៍​ដែល​បញ្ចាំង​ពី​ការ​ផ្សាយ​ផ្ទាល់​ការ​បកស្រាយ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ពី​សាល​ប្រជុំ​ពេញអង្គ​រដ្ឋសភា​ផងដែរ។

​ប្រវត្តិ​​ព្រំដែន​​កម្ពុជា​-​វៀតណាម​​ដែល​​ប្រមុខ​​រដ្ឋាភិបាល​​​កម្ពុជា​​ ហ៊ុន សែន ​​គ្រោង​​ពេល​​​​៤​ម៉ោង​ដើម្បី​ពន្យល់​​​នៅ​ក្នុង​​​រដ្ឋសភា​​
​ប្រវត្តិ​​ព្រំដែន​​កម្ពុជា​-​វៀតណាម​​ដែល​​ប្រមុខ​​រដ្ឋាភិបាល​​​កម្ពុជា​​ ហ៊ុន សែន ​​គ្រោង​​ពេល​​​​៤​ម៉ោង​ដើម្បី​ពន្យល់​​​នៅ​ក្នុង​​​រដ្ឋសភា​​ © ដឺលុច
ផ្សាយពាណិជ្ជកម្ម

តាំងពីពលរដ្ឋ​សាមញ្ញ រហូត​ដល់​មន្ត្រី​រាជការ មន្ត្រី​នគរបាល យោធា​ សិស្ស និស្សិត រួមទាំង​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ដែល​កំពុង​ជួយ​វាស់វែង​ដីធ្លី​អោយ​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត និងជនបទ​ផងនោះ ពួកគេ​បាន​ទទួល​បញ្ជា និង​ការ​ណែនាំ​អោយ​តាម​ដាន​ការ​បកស្រាយ​ជា​សាធារណៈ​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នៅព្រឹក​ថ្ងៃព្រហស្បតិ៍​ស្អែកនេះ។ គឺ​ជា​ការ​លើក​ឡើង​អំពី​សារបាន​នៃ​ប្រវត្តិ​ព្រំដែន​កម្ពុជា​វៀតណាម​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក​ហ៊ុន សែន​បាន​គ្រោង​ពេល​វេលា​៤​ម៉ោង​ឯណោះ​នៅ​ក្នុង​រដ្ឋសភា។

 
វត្តមាន​របស់​លោក​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​ស្អែក​នេះ​គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​សំណើ​របស់​អ្នក​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​។
តាំងពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ សេចក្តី​ជូន​ដំណឹង​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​សាលា​រាជធានី​ភ្នំពេញ​ផង ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាងទូលំ​ទូលាយ​ដើម្បី​អោយ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​​ត្រៀម​ចាប់​ស្តាប់​ការ​បកស្រាយ​របស់​លោក​នាយករដ្ឋមន្ត្រី។ ការ​ត្រៀម​ដាក់​ទូរទស្សន៍​​ដើម្បី​បញ្ចាំង​ការ​ផ្សាយ​ផ្ទាល់​ការ​បកស្រាយ​របស់​លោក​ហ៊ុន សែន​ត្រូវ​បាន​គ្រោង​នៅ​តាម​បេនឡាន ទីផ្សារ វត្តអារ៉ាម តាម​ឃុំ សង្កាត់ និង​នៅ​តាម​ទីសាធារណៈ​នានា​ផ្សេងទៀត​តាម​តែ​អាជ្ញាធរ​មូលដ្ឋាន​អាចធ្វើ​បាន។ ​មន្ត្រី​រាជការ​ក៏​ត្រូវ​អនុញ្ញាត​អោយ​ជួប​ប្រជុំ​មើល​ការ​ផ្សាយ​ផ្ទាល់​នេះ​ដែរ។ នេះ​គឺ​ជា​យុទ្ធនាការ​មួយ​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ទេ ខណៈ​ដែល​របៀបវារៈ​ព្រំដែន​គឺ​ជា​របៀប​ដ៏​រសើប​មួយ​របស់​អ្នក​នយោបាយ​កន្លង​មក។ បញ្ហា​ព្រំដែន​តែងតែ​​ជា​ប្រធាន​បទ​នៃការ​ឃោសនា​បោះឆ្នោតរបស់​គណបក្ស​ជំទាស់ ក្នុង​ការ​វាយ​ប្រហារ​រដ្ឋាភិបាល។

នៅ​ថ្ងៃ​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​តាម​មីក្រូ​ពី​ពិធី​សម្ពោធ​ផ្លូវ​ជាតិខេត្ត​ព្រះវិហារ​បន្ថែម​​ទៀត​អំពី​ព្រឹត្តិការណ៍​នៅ​ព្រឹក​ស្អែក​នេះ ដោយចាត់​ទុកថា នោះ​គឺ​ជា​ការ​រៀនសូត្រ​អំពី​មេរៀន​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប។

ព្រោះ​តែ​ឆ្លើយ​តប​តាម​សំណើរ​របស់​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី លោក​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ចំអក​រួច​ហើយ​ទៅ​កាន់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​នេះ ​ដើម្បី​មិន​អោយ​ពួកគេ​ដើរចេញ​ពី​កិច្ច​ប្រជុំ​សភា​នៅ​ស្អែក​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ