អានតួអត្ថបទ
កម្ពុជា

ប្រតិបត្តិការ​​បំបែក​សំបុក​ពួក​សង្គម​ងងឹត​ជនជាតិ​ចិន​នៅ​ភ្នំពេញ​

សមត្ថកិច្ច​ប៉ូលិស​​ក្រសួង​មហាផ្ទៃ​​ ​បាន​​បើក​​ប្រតិបត្តិការ​​ជា​ថ្មី​​ម្តង​ទៀត​​ដើម្បី​​ចាប់​ខ្លួន​​ពួក​​សង្គម​ងងឹត​​ជា​ជន​​ជាតិ​ចិន​​ដែល​​មក​​សម្ងំ​​លាក់​ខ្លួន​​ធ្វើ​​សកម្មភាព​​ឧក្រិដ្ឋកម្ម​​ឆ្លង​ដែន​​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា។​ ក្នុង​​​​ប្រតិបត្តិការ​​តាំង​ពី​​ ​រសៀល​​រហូត​ដល់​​យប់​​ថ្ងៃ​​សុក្រ​​ម្សិលមិញ​​​ សមត្ថកិច្ច​​ចាប់​បាន​​ជន​ជាតិ​​ចិន​​ចំនួន​៦៩​នាក់​​នៅ​ក្នុង​​ទីតាំង​ផ្សេងៗ​ពី​គ្នា​​ក្នុង​​ទីក្រុង​​ភ្នំពេញ។​ អ្នក​​ទាំង​នោះ​​ត្រូវ​គេ​​សង្ស័យ​ថា​ជា​​បណ្តាញ​​ក្រុម​​ចាប់​​ជម្រិត​​ឆ្លង​ដែន​​​តាម​រយៈ​ការ​ប្រើ​​ប្រព័ន្ធ​​បច្ចេក​វិជ្ជា​​ទំនើប។

សមត្ថកិច្ច​​ប៉ូលិស​ក្រសួង​មហាផ្ទៃ​​​បើក​ប្រតិបត្តិការ​ជា​ថ្មី​​ដើម្បី​ចាប់​ខ្លួន​ជន​ជាតិ​ចិន​ដែល​មក​សម្ងំ​លាក់​ខ្លួន​ធ្វើ​សកម្មភាព​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៅ​ក្នុង​​ប្រទេស​កម្ពុជា​
សមត្ថកិច្ច​​ប៉ូលិស​ក្រសួង​មហាផ្ទៃ​​​បើក​ប្រតិបត្តិការ​ជា​ថ្មី​​ដើម្បី​ចាប់​ខ្លួន​ជន​ជាតិ​ចិន​ដែល​មក​សម្ងំ​លាក់​ខ្លួន​ធ្វើ​សកម្មភាព​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

យ៉ាងហោចណាស់​មាន​ជន​សង្ស័យ​ក្នុង​ខ្សែបណ្តាញ​សង្គមងងឹត​ជនជាតិ​ចិន​ចំនួន៦៩នាក់​ត្រូវបាន​សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ​នៅក្នុង​ប្រតិបត្តិការ​មួយ​ដើម្បី​បំបែកសំបុក​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៅ​កម្ពុជា។

ប្រតិបត្តិការ​នេះ​បាន​បើក​ធ្វើ​តាំងពី​រសៀល រហូតដល់​យប់​ថ្ងៃទី១៨ឧសភា​ម្សិលមិញ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ក្នុង​ទីតាំង​ជាច្រើន​កន្លែង រួមមាន​ខណ្ឌ​ពោធិ​សែន​ជ័យ ខណ្ឌទួលគោក ខណ្ឌ​សែន​​សុន និង​ខណ្ឌ​ឬ​ស្សី​កែវ។

ក្រុម​ជនជាតិ​ចិន​ទាំងនោះ​ត្រូវគេ​សង្ស័យថា ជា​អ្នកធ្វើ​សកម្មភាព​ចាប់​ជម្រិត​ជនជាតិ​ចិន​ដូច​គ្នា​​ដែល​នៅក្រៅ​ប្រទេស ហើយ​គំរាម​ទារប្រាក់​ពី​គ្រួសារ​នៅឯ​ប្រទេស​ចិន​តាម​ប្រព​ន្ធ័​បច្ចេក​វិទ្យា​​ទំនើប។ ពួក​ជន​សង្គមងងឹត​ចិន​ទាំងនោះ​បានមក​សម្ងំ​លាក់ខ្លួន​ធ្វើ​សកម្មភាព​នៅក្នុង​ប្រទេស​កម្ពុជា។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ចន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​​បាន​ប្រាប់​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា ក្នុងចំណោម​ជនជាតិ​ចិន​ដែល​ត្រូវបាន​ចាប់ខ្លួន​ចំនួន​៦៩​នាក់​​នោះ​​ ​មាន​​ស្ត្រី​ ៦​នាក់។

ក្រុម​ជនជាតិ​ចិន​ទាំងនោះ​នឹងត្រូវ​បញ្ជូនទៅ​ប្រទេស​ចិន​វិញ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ចិន​ចាត់ការ​តាមផ្លូវ​ច្បាប់។ ក្រសួងមហាផ្ទៃ​និង​ស្ថាប​ន័​ពាក់​ព​ន្ធ័​កំពុងតែ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ដើម្បី​បញ្ជូន​​ខ្លួន​ពួកគេ។ លោក​គៀត ចន្ទ​ថា​រិ​ទ្ធ​ឲ្យ​ដឹង​ទៀតថា រដ្ឋាភិបាល​កម្ពុជា​បាន​សហការ​យ៉ាង​ល្អ​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​និង​បណ្តា​ប្រទេស​ជា​មិត្ត​ទាំងអស់​ពាក់​ព​ន្ធ័​នឹង​ការ បង្ក្រាប​​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នេះ។ ការបង្ក្រាប​ជន​សង្គមងងឹត​ជាតិចិន​នៅពេលនេះ​គឺ​ដោយសារតែ​អាជ្ញាធរ​កម្ពុជា​បានទទួល​ព័ត៌មាន និង​កិច្ចសហការ​ពី​រដ្ឋាភិបាល​ចិន។សមត្ថកិច្ច​ប៉ូលិស​ក៏បាន​អំពាវនាវ​រក​កិច្ចសហការ​ពី​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ​ដើម្បី​បំបែក​សំបុក​​ជន​សង្គម​ងងឹត​ឆ្លងដែន​ទាំងនោះ។

សូមបញ្ជាក់ថា ប្រតិបត្តិ​ការចាប់​ពួក​សង្គមងងឹត​ឆ្លងដែន​នេះ​ បាន​បើក​ធ្វើជា​ច្រើនដង​មក​ហើយ​។ ជាក់ស្តែង ជនជាតិ​ចិន​ចំនួន ១៨៦ នាក់ រួមទាំង​ជនជាតិ​វៀតណាម​ម្នាក់​ផង ត្រូវបាន​ចាប់​ខ្លួន​​នៅក្នុង​ប្រតិបត្តិការ​កាលពី​ខែមិថុនា​ឆ្នាំ២០១១ កន្លងទៅ​នៅ ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តស្វាយរៀង។ អ្នក​ទាំងនោះ​ក៏​ត្រូវបាន​រដ្ឋាភិបាល​ប​ញ្ជូ​ន​ទៅ​ប្រទេស​ដើម​វិញ​ដែរ។ មិនមែន​តែ​កម្ពុជា​ទេបណ្តា​ប្រទេស​ផ្សេងទៀត​ក្នុង​សមាគម​អាស៊ាន​ក៏​ធ្លាប់បាន​បើក​យុទ្ធនាការ​​បង្ក្រាប​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នេះដែរ​ដោយមាន​កិច្ចសហការ​ពី​ប្រទេស​ចិន៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ