អានតួអត្ថបទ
មេឌីទែរ៉ាណេ

គ្រោះថ្នាក់​លិចកប៉ាល់​ជនអន្តោប្រវេសន៍​ថ្មីទៀត​នៅ​សមុទ្រ​មេឌីទែរ៉ាណេ​

មហន្តរាយ​នៃ​ការ​លិច​កប៉ាល់​ជនអន្តោប្រវេសន៍​​ បាន​កើតឡើង​ជាថ្មី​ម្តងទៀត​ហើយ កាលពី​រសៀល​ថ្ងៃ​សុក្រម្សិលមិញ នៅ​សមុទ្រ​មេឌីទែរ៉ាណេ ខាងត្បូង​ប្រទេស​ម៉ាល់ត៍​ និង​ខាងត្បូង​កោះ​អ៊ីតាលី Lampedusa។ កប៉ាល់​​ដឹក​ជនអន្តោប្រវេសន៍​ប្រមាណ​២៣០ទៅ២៥០នាក់​​ ​ធ្វើដំណើរ​ទៅកោះ​Lampedusa។ យោងតាមអ្នកនាំពាក្យ​រដ្ឋាភិបាល​ម៉ាល់ត៍ រហូត​មកដល់ពេលនេះ គេ​ស្រង់បាន​​​​សាកសព​មនុស្ស​៣១នាក់ហើយ។ ជនដែល​រួច​ពី​ការស្លាប់​បាន​ប្រាប់ថា ពួកគេ​​មកពី​​ស៊ីរី និង​ប៉ាឡេស្ទីន។

រហូតមកដល់​ពេលនេះ គេ​ស្រង់បាន​​​​សាកសព​មនុស្ស​៣១នាក់ហើយ។
រហូតមកដល់​ពេលនេះ គេ​ស្រង់បាន​​​​សាកសព​មនុស្ស​៣១នាក់ហើយ។ Reuters
ផ្សាយពាណិជ្ជកម្ម

សារព័ត៌មាន​បារាំង​AFP ចុះផ្សាយ​នៅព្រឹកថ្ងៃ​សៅរ៍នេះថា​ ជនអន្តោប្រវេសន៍​១៤៣នាក់ បានត្រូវ​​ជួយសង្គ្រោះ​ និង​នាំ​មកដល់​ទីក្រុង​វ៉ាលេតា​ ប្រទេស​ម៉ាល់ត៍ហើយ។ គ្រោះថ្នាក់​លិចកប៉ាល់​​ថ្មី​​​​នេះ បានកើតឡើង​​កាលពី​រសៀល​ថ្ងៃ​សុក្រ​ម្សិលមិញ នៅ​ចំកណ្តាល​​តំបន់​ត្រីកោណ​ រវាង​ប្រទេស​ម៉ាល់ត៍ លីប៊ី និង​កោះ​ឡាំពេឌូសា ​នៃ​ប្រទេស​អ៊ីតាលី។ ជន​អន្តោប្រវេសន៍​ដែលបាន​បាត់បង់​ជីវិត​ភាគច្រើន ជា​ស្ត្រី និងកុមារ។

យោងតាម​​ទាហាន​ប្រទេស​ម៉ាល់ត៍ កប៉ាល់​ជនអន្តោប្រវេសន៍​​​បាន​ចាប់​លិចចុះទៅក្នុង​សមុទ្រ​មេឌីទែរ៉ាណេ នៅពេល​ដែល​ជនអន្តោប្រវេសន៍​បាន​នាំគ្នា​ធ្វើចលនា​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​យន្តហោះ​យោធា​ម៉ាល់ត៍មួយគ្រឿង​ ដែល​ហោះហើរ​នៅទីនោះ។ នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាល់ត៍ លោក ចូសេហ្វ មុស្កា បាន​ប្រកាស​នៅថ្ងៃ​សុក្រ​ម្សិលមិញ​ថា មន្ទីរពេទ្យ​រដ្ឋធានីវ៉ាលេតា បាន​ត្រៀម​លក្ខណៈជា​អតិបរមា ​ដើម្បី​ជួយ​ព្យាបាល​ជនរងគ្រោះ​ ​ដែល​រួចផុតពីការ​ស្លាប់។

រីឯ​នាវា​ចំបាំង​ជើងទឹក​អ៊ីតាលី ឈ្មោះថា លីប្រា បាន​ជួយសង្គ្រោះ​ជនអន្តោប្រវេសន៍​បាន​៥៦នាក់។ ពួកគេ​ត្រូវ​បញ្ជូនទៅ​ឃុំ Porto Empedocle ក្នុង​ខេត្តអ៊ីតាលី​ឈ្មោះថា Agrigente។

គ្រោះថ្នាក់​លិចកប៉ាល់​ជនអន្តោប្រវេសន៍​ថ្មីនេះ បាន​កើតឡើង​​តែ​ជាង​មួយសប្តាហ៍​ប៉ុណ្ណោះ​ បន្ទាប់​ពី​​គ្រោះថ្នាក់​លិចកប៉ាល់នេសាទ​ នៅ​កោះឡាំពេឌូសា អ៊ីតាលី កាលពី​ថ្ងៃ​៣តុលា។ កប៉ាល់​នេសាទ​នោះ បាន​ដឹកមនុស្ស​៥០០នាក់ ភាគច្រើន​ជា​ប្រជាជន​អាហ្វ្រិក​មកពី​ប្រទេស​​អេរីត្រេ។ មានតែ​មនុស្ស​១៥៥នាក់​ប៉ុណ្ណោះ​ ដែល​បាន​រួចជីវិត​ ពី​គ្រោះថ្នាក់​នោះ។ រហូត​មកដល់ពេលនេះ​ គេ​​​ស្រង់បាន​សាកសព​មនុស្ស​៣៣៩នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ