អានតួអត្ថបទ
កម្ពុជា

លោក​​ នួនជា​​អះអាង​​​ថា​​​ខ្មែរ​​ក្រហម​​​មិន​​មែន​​​ជា​​​មនុស្ស​​​អាក្រក់​​​ទេ​​​

អង្គ​ជំនុំ​​ជម្រះ​​​សាលាដំបូង​​ របស់​​​តុលាការ​​​ខ្មែរ​​ក្រហម​​ បាន​​​បន្ត​​​បើក​សវនាការ​​កាត់​ទោស​​លើ​​លោក​ ​នួន​ជា ​លោក​ ​ខៀវ​សំផន ​និង​​លោក​ ​អៀង​សារី​ ក្នុង​​សំណុំរឿង​​០០២​ កាលពី​​ថ្ងៃ​​ចន្ទ​ ទី​​៥​​ធ្នូ​ ឆ្នាំ​​២០១១​។​ សវនាការ​​​នៅ​​​ថ្ងៃ​​​ចន្ទ​​​នេះ ​​ចូល​​​ដល់​​​ការ​​​ពិនិត្យ​​​លើ​​​ភស្តុតាង ​​ដែល​​ជា​​ការ​សួរ​ដេញ​ដោល​​អតីត​​មេ​​ខ្មែរក្រហម​​កំពូល​​ទាំង​បី ​ម្តង​ម្នាក់ៗ ​អំពី​​ប្រវត្តិ​​បក្ស​​កុម្មុយនិស្ត​​កម្ពុជា​ ដែល​​ជា​​ក្រុម​​ខ្មែរក្រហម​។​ ផ្តើម​​ដំបូង​ គឺ​​លោក​​នួន​ជា​។​ លោក​ ​​នួន​ជា​ អនុ​​លេខា​​បក្ស​​កុម្មុយនិស្ត​​កម្ពុជា​ ដែល​​ជា​​បង​​ទី​២​ សម័យ​​ខ្មែរក្រហម​ បាន​​អះអាង​​ថា ​ខ្មែរ​​ក្រហម​​របស់​​លោក​ មិន​មែន​​ជា​​មនុស្ស​​អាក្រក់​​ទេ​។​

បងទីពីរ នួន ជា នៅ​ក្នុង​សវនាការ ថ្ងៃ​ទី២២ វិច្ឆិកា ២០០១
បងទីពីរ នួន ជា នៅ​ក្នុង​សវនាការ ថ្ងៃ​ទី២២ វិច្ឆិកា ២០០១ REUTERS/Mark Peters/ECCC/Handout
ផ្សាយពាណិជ្ជកម្ម

​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៥​ធ្នូ ឆ្នាំ​២០១១ អតីត​មេ​ខ្មែរក្រហម​ចាស់ជរា លោក​នួន​ជា លោក​ខៀវ​សំផន និង​លោក​អៀង​សារី ត្រូវបាន​នាំមក​ក្នុង​បន្ទប់​សវនាការ ហើយ​អង្គុយ​នៅ​ក្រោយខ្នង​មេធាវី​រៀងៗ​ខ្លួន​។

សវនាការ​នៅ​ពេល​នេះ ចាប់ផ្តើម​លើ​ការពិភាក្សា​ដេញដោល​លើ​ការ​ពិនិត្យ​ភស្តុតាង​។ ការ​សួរ​ចម្លើយ​​ជនជាប់ចោទ ត្រូវ​ចាប់ផ្តើម​ធ្វើ​មុនគេ​។​ នោះគឺការលើកឡើង​ពីប្រវត្តិ​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ប្រវត្តិ​សាវតារ​របស់​លោក​នួន​ជា លោក​ខៀវ​សំផន និង​លោក​អៀង​សារី។

​តាម​ការលើកឡើង​ក្នុង​សវនាការ បក្ស​កុម្មុយនិស្ត​កម្ពុជា កើតចេញ​ពី​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន ដែល​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៣០ ដែល​មាន​សមាជិក​ពី​កម្ពុជា វៀតណាម និង​ឡាវ​។ នៅ​ឆ្នាំ​១៩៥១ បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន បាន​រំលាយ ហើយ​នៅ​ប្រទេស​នីមួយៗ បាន​បង្កើត​បក្ស​ថ្មី ដោយ​​នៅ​កម្ពុជា មានឈ្មោះ​ថា បក្ស​កុម្មុយនិស្ត​ប្រជាជន​បដិវត្ត​ខ្មែរ ហើយ​ក្រោយមក​ប្តូរ​ជា​បក្ស​ពលករ​ខ្មែរ និង​ចុងក្រោយ ប្តូរ​ជា​បក្ស​កុម្មុយនិស្ត​កម្ពុជា ដែល​ដឹកនាំ​ដោយ សាឡុត ស ឬ ប៉ុល ពត ដោយ​មាន​លោក នួន​ជា ជា​អនុ​លេខា​បក្ស ព្រមទាំង​មាន​លោក អៀង​សារី និង​លោក ខៀវ​សំផន ជា​សមាជិក ជាដើម​។​

ក្នុង​រង្វង់​ក្រចកសេះ កាលពី​ថ្ងៃ​ទី​៥​ធ្នូ ឆ្នាំ​២០១១ លោក នួន​ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ជា​បង​ទី​២ ក្នុងសម័យ​ខ្មែរក្រហម បាន​អង្គុយ​រៀបរាប់​ផ្ទាល់មាត់ ដោយ​មិន​មាន​កាន់​ក្រដាស​អាន ដូច​លើក​មុនៗ​ទេ​។

​លោក នួន ជា លើកឡើងថា ការជំរុញឲ្យ​លោកត​ស៊ូ ក្នុង​ចលនា​កុម្មុយនិស្ត ដោយសារ​តែ​អាណានិគម​បារាំង ធ្វើបាប វាយដំ និង​ចាប់​ខ្មែរ​ដាក់ច្រវាក់ បូក​រួម​ទាំង​អ្នក​មាន ដែល​ជា​ខ្មែរ​មួយ​​ចំនួន បាន​ធ្វើ​បាប ជិះជាន់​លើ​ប្រជារាស្ត្រ​ខ្មែរ​។​

​លោក នួន ជា ក៏​បាន​អះអាង​ថា ក្រុម​ខ្មែរ​ក្រហម​របស់​លោក ជា​អ្នកស្នេហាជាតិ ស្មោះត្រង់​នឹង​ជាតិ និង​លះបង់​គ្រួសារ មិន​ដូច​ការចោទប្រកាន់​របស់​តុលាការ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ឬ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នោះទេ​។ ផ្ទុយទៅវិញ ក្រុមខ្មែរក្រហម ស្នេហា និង​ការពារ​ជាតិ ទើប​មិន​​សុខចិត្ត​នៅក្រោម​ការដឹកនាំ​របស់​វៀតណាម​។

ប្រទេស​វៀតណាម ដែល​លោក នួន​ជា អះអាងថា បាន​បង្កើត​សង្គ្រាម និង​មានបំណង​លេប​ត្របាក់​ទឹកដី​កម្ពុជា តាម​យុទ្ធសាស្ត្រ​ពស់ថ្លាន់​រឹតរួត​លេប​កូន​ឈ្លូស​។

តាំងពីព្រឹក ដល់​រសៀល លោក នួន​ជា អាយុ ៨៥ ឆ្នាំ បាន​អង្គុយក្នុងរង្វង់ក្រចកសេះ។ ប៉ុន្តែ​នៅរសៀលថ្ងៃនេះ លោកនួនជា សុំ​តុលាការ​ផ្អាក​សវនាការ​សួរដេញដោល ដោយសារ​លោក នួន​ជា មាន​បញ្ហា​បេះដូង និង​ហត់ មិន​អាច​ឆ្លើយ​សំណួរ​ចៅក្រម​បាន​ត​ទៅ​ឡើយ​។ សវនាការ​សួរដេញដោលលោកនួនជា នឹងធ្វើ​បន្ត នៅ​ព្រឹក​ថ្ងៃទី​៦​ធ្នូ ឆ្នាំ​២០១១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ