អានតួអត្ថបទ
កម្ពុជា

មេធាវី​នួនជា​ សួរ​ដេញ​ដោល​សាក្សី​ពី​សំណុំរឿង​០០៣​ និង​០០៤​

ក្នុង​​សវនាកា​រ​លើ​​សំណុំរឿង​​០០២​ នៅ​​រសៀល​​ថ្ងៃ​​ច័ន្ទ​​នេះ​ លោក ​Michiel Pestman​ សហ​​មេធាវី​​បរទេស​​ការពា​រ​លោក​​នួន​ជា​ បាន​លើក​ឡើង​​ពី​​ករណី​​តា ​អាន ​ឬ ​អោម អាន​ អតីត​​ប្រធាន​​តំបន់​ ៤១​ ក្នុង​​ខេត្ត​​កំពង់ចាម​​នៅ​​សម័យ​​ខ្មែរក្រហម​ បាន​​សួរ​ដេញដោល​​លើ​​សាក្សី​ជា​​អតីត​​កម្មា​ភិបាល​​ខ្មែរ​ក្រហម​ អ្នកស្រី​ ប្រាក់ យុទ្ធ​។​ ក៏​ប៉ុន្តែ​​អ្នកស្រី​ ប្រាក់ យុទ្ធ​ បាន​​បដិសេធ ​មិន​​ឆ្លើយ​​អ្វី​​ទាំង​អស់​ដោយ​​អះអាង​​ថា ​ក្នុង​​​ជំនាន់​​ខ្មែរក្រហម​ អ្នកស្រី​ មិន​ដឹង​​ពី​​ការងារ​​របស់​​តា​អាន​​ឡើយ​។​ តា​អាន​ ត្រូវ​បាន​​មេ​ធាវី​​លោក​​នួន​ជា​ អះអាង​​​​ថា​ស្ថិត​​ក្នុង​​សំណុំរឿង​​០០៤​​ដ៏​​ចម្រូង​ចម្រាស​។​​

​លោក ​Michiel Pestman ​សហមេធាវីបរទេស​ការពារ​លោក នួន ជា​​
​លោក ​Michiel Pestman ​សហមេធាវីបរទេស​ការពារ​លោក នួន ជា​​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

 

​មុន​ពេល​បញ្ចប់​ការផ្តល់​សក្ខីកម្ម នៅ​តុលាការ​ខ្មែរក្រហម ក្នុងនាម​ជា​សាក្សី អ្នកស្រី ប្រាក់ យុទ្ធ​ អតីត​កម្មាភិបាល​ខ្មែរក្រហម បានអះអាងថា អ្នកស្រី មិន​បានដឹង​រឿង​តា​អាន បើ​ទោះបី​ជា​​ក្នុង​ជំនាន់​ខ្មែរក្រហម អ្នកស្រី ប្រាក់ យុទ្ធ បាន​ធ្វើ​ការងារ​ជាមួយ​តា​អាន នៅ​តំបន់ ៣៥ ក្នុង​ខេត្ត​កំពត ហើយ​ផ្លាស់​មក​ធ្វើការ​នៅ​តំបន់ ៤១ ក្នុង​ខេត្ត​កំពង់ចាម ជា​កម្មា​ភិបាល​ខ្មែរ​ក្រហម​ជា​មួយ​​គ្នា​ក៏​ដោយ​។​

​លោក អោម អាន ឬ​តា​អាន ស្ថិតនៅ​ក្នុង​សំណុំរឿង ០០៤ ដ៏​ចម្រូងចម្រាស​ដោយ​ត្រូវ​បាន​ជំទាស់​​ដ៏​ខ្លាំងក្លា​ពី​ភាគី​កម្ពុជា ពិសេស​រដ្ឋាភិបាល​កម្ពុ​ជា រួម​ទាំង​សំណុំរឿង ០០៣​។

សំណុំរឿង​លេខ០០៣ មាន​អតីត​មេ​ខ្មែរក្រហម ២ នាក់គឺ​លោក មាស មុតនិង​លោកស៊ូ ម៉េត​។​ ចំណែក​សំណុំរឿង​លេខ ០០៤ មាន​ជនសង្ស័យ ៣ គឺ​លោក យឹម ទិត​, លោក អោម អាន និង​អ្នកស្រី អ៊ឹម ចែម​។ អ្នក​មាន​ឈ្មោះ​ក្នុង​សំណុំរឿង​០០៣ និង​០០៤ ទាំង ៥ នាក់ គឺ​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម ដែល​មាន​តួនាទី ជា​ប្រធាន​តំបន់ ប្រចាំ​នៅតាម​ខេត្ត​នានា ក្នុង​ជំនាន់​ខ្មែរក្រហម​។​

​យ៉ាងណាក៏ដោយ​ក្នុង​បន្ទប់​សវនាការ អ្នកស្រី ប្រាក់ យុទ្ធ បាន​បដិសេធថា ទាំង​ក្នុង​របប​ខ្មែរ​ក្រហមនិង​ទាំងក្រោយ​ខ្មែរក្រហម​ដួល​រលំ អ្នកស្រី ក៏​មិន​បានដឹងថា តា​អានរស់នៅ​កន្លែង​ណា​ឡើយ​។

​ការលើកឡើង​របស់​សាក្សី​រូបនេះ ជា​ការឆ្លើយតប​នឹង​សំណួរ​របស់​សហ​មេធាវី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី ​និង​មេធាវី​បរទេស​ការពា​រលោក​នួន​ជា នៅក្នុង​សវនាការ​កាត់ទោស​មេ​ខ្មែរ​ក្រហម ក្នុង​សំណុំរឿង​០០២ កាលពី​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​។​

​ក៏​ប៉ុន្តែ​មក​ដល់​ត្រង់នេះ លោក​ចៅក្រម និល ណុន ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង បាន​ហាម​​​មិនឲ្យ​មេធាវីលោកនួនជា​សួរដេញដោល​លើ​សំណុំរឿង​០០៣ និង​០០៤ ដែល​ចាក​ប្រធាន​បទ ក្នុង​សវនាកា​រលើ​សំណុំរឿង​០០២ នៅពេល​នេះ​ទេ​។

​ក៏ប៉ុន្តែ​លោក​មេធាវី​របស់​លោក​នួន​ជា នៅតែ​ព្យាយាម​សួរដេញដោល​សាក្សី អ្នកស្រី ប្រាក់ យុទ្ធ ពី​រឿង​០០៣ និង​០០៤​។ រហូត​ដល់​ចៅក្រម ហាមឃាត់ និង​ផ្អាក​ការ​សួរ​ដេញ​ដោល។
​មុន​ពេល​ឈប់​សម្រាក​នៅ​រសៀល​នេះ លោក​ចៅក្រម និល ណុន ក៏​បាន​ប្រកាស​ឲ្យ​​ដើម​បណ្តឹង​​រដ្ឋប្បវេណីដែល​អង្គុយ​ក្នុង​បន្ទប់​សវនាការ រក្សា​ភាព​ស្ងៀមស្ងាត់ ដោយ​មិន​ត្រូវ​បញ្ចេញ​សំឡេង​អ្វី ដែល​មិន​សមរម្យ​ឡើយ​។ ជនរងគ្រោះ​ចង់ឲ្យ​តុលាការ​ខ្មែរក្រហម ដំណើរការ​បន្ត​លើ​សំណុំរឿង​០០៣ និង​០០៤៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ