អានតួអត្ថបទ
រុស្ស៊ី-កូរ៉េខាងជើង

ទស្សនកិច្ច​រដ្ឋមន្ត្រី​ការបរទេស កូរ៉េ​ខាងជើង នៅ​​រុស្ស៊ី

ប្រមុខការទូត​ កូរ៉េ​ខាងជើង លោក Pak Y Chun ដែលល្ងាចម្សិលមិញ បាន​អញ្ជើញ​មកដល់​​ក្រុង​ម៉ូស្គូ ដើម្បី​បំពេញ​ទស្សនកិច្ច​ការងារ​រយៈពេល​៤​ថ្ងៃ​នៅ​រុស្ស៊ី ក្នុង​បំណង​ទទួល​ការគាំទ្រ​ពី​រុស្ស៊ី ថ្ងៃនេះ​ធ្វើ​កិច្ចចរចា​ជាមួយ លោក​រដ្ឋមន្ត្រីការ​បរទេស​រុស្ស៊ី Serguei Lavrov។

លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ (ស្តាំ) ជាមួយ​ប្រធាន​សភា​កូរ៉េ​ខាង​ជើង។ រូបថត កាលពីឆ្នាំ​២០០៩
លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ (ស្តាំ) ជាមួយ​ប្រធាន​សភា​កូរ៉េ​ខាង​ជើង។ រូបថត កាលពីឆ្នាំ​២០០៩ © Reuters
ផ្សាយពាណិជ្ជកម្ម

07:06

បទ​អន្តរាគមន៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ

គោល​ដៅ​នៃ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​កូរ៉េ​ខាង​ជើង

គួរ​និយាយ​ថា ទោះបី​កម្រ​មាន​ប្រព្រឹត្ត​ទៅ​ទស្សនកិច្ច​នៃ​អ្នក​មុខ​អ្នក​ការ​កូរ៉េ​ខាង​ជើង​នៅ​ម៉ូស្គូ​ក្តី ក៏​ទស្សនកិច្ច​នេះ មាន​ទម្ងន់​ដ៏​ហំហួន​ដែរ ៖
ទី១- លោក Pak Y Chun ដែល​សព្វ​ថ្ងៃ​ជា​ប្រមុខ​ការទូត​កូរ៉េ​ខាង​ជើង ធ្លាប់​បាន​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​ ប្រចាំ​ក្រុង​ម៉ូស្គូ​ អស់​រយៈ​ពេល​ជា​យូរ​ឆ្នាំ

ទី២- នេះ​ជា​ទស្សនកិច្ច​​ឆ្លើយ​តប​​នឹង​ទស្សនកិច្ច​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov នៅ​ក្រុង​ព្យុងយ៉ាង កាលពី​ខែ​មេសា​ឆ្នាំ​ទៅ​មិញ។

ក្នុង​របៀប​វារៈ គឺ​មាន បញ្ហា​ពង្រីក​ទំនាក់ទំនង​ទ្វេ​ភាគី បញ្ហា​តំបន់​ក្នុង​ផ្ទៃ​នៃ​ភាព​តានតឹង​​ពុំ​ធ្លាប់​មាន​នៅ​ឧបទ្វីប​កូរ៉េ ក្រោយ​ពី​មាន​ការ​ផ្ទុះ​អាវុធ​​នៅ​ទីនោះ​ ដ៏​ខ្លាំងក្លា​មិន​ធ្លាប់​មាន​ បើ​គិត​ក្នុង​អំឡុង​ជាង​កន្លះ​សតវត្ស តាំងពី​សង្គ្រាម​នៅ​កូរ៉េ​បាន​ចប់​ទៅ។

ពីខាង​​ភាគី​រុស្ស៊ី ដែល​ភក្តី​នឹង​យន្តការ​នៃ​កិច្ច​ចរចា ៦ ភាគី ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង កម្មវិធី​ដែល​ជា​ក្តី​ព្រួយ​បារម្ភ​របស់​សហគមន៍​អន្តរជាតិ គឺ​តាំង​គោលដៅ​បញ្ចុះបញ្ចូល​ក្រុង​ព្យុងយ៉ាង ឲ្យ​វិល​ត្រឡប់​​ទៅ​កាន់​តុ​ចរចា​វិញ។

ដើមកំណើត​នៃ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង

គឺ​ចេញ​ពី​សហភាព​សូវៀត​តែ​ម្តង ​ដែល​ជា​រៀម​ច្បង​របស់​រុស្ស៊ី​បច្ចុប្បន្ន។ មុន​ដំបូង លោក​ប្រធានាធិបតី គីម​អ៊ីលស៊ុង មិន​សូវ​អើ​ពើ​នឹង​ការគំរាមកំហែង​ នៃ​គ្រាប់បែក​បរមាណូ​លើ​ប្រទេស​គាត់​ឡើយ ដោយ​គាត់​ហៅ​គ្រាប់​បែក​នោះ​ថា​ជា “ ខ្លា​ក្រដាស” ទេតើ។ ប៉ុន្តែ ក្រោយ​ពី​ដឹង​ថា ស.រ.អា ក្នុង​ឆ្នាំ​សង្គ្រាម​នៅ​កូរ៉េ គឺ​ពី​ឆ្នាំ១៩៥០ ដល់​១៩៥៣ មាន​គម្រោងទម្លាក់​លើ​ក្រុង​ព្យុងយ៉ាង និង​តំបន់​ជុំវិញ​ក្រុង​នេះ នូវ​គ្រាប់បែក​បរមាណូ​៧​គ្រាប់ ទើប​ក្នុង​ឆ្នាំ​១៩៥៦ កូរ៉េ​ខាងជើង​កុម្មុយនិស្ត ក៏​បាន​ចុះ​សន្ធិសញ្ញា​ ពឹង​សហភាព​សូវៀត​ឲ្យ​ជួយ​បណ្តុះបណ្តាល​សំរាប់​ខ្លួន ជា​ពួក​អ្នក​ឯកទេស​ខាង​​ផលិត​និង​ប្រើ​ធាតុ​បរមាណូ។ ពួក​អ្នក​ស្រាវជ្រាវ​នុយក្លេអ៊ែរ ​តែង​ហៅ​ឆ្នាំ ១៩៥២ ​ថា​ជា​ឆ្នាំ​បើក​សករាជ​បរមាណូ​របស់​កូរ៉េ​ខាងជើង ដោយ​កាលណោះ ទីក្រុង​ព្យុងយ៉ាង បាន​សម្រេច​​បង្កើត ​វិជ្ជាស្ថាន​ស្រាវជ្រាវ​ថាមពល​បរមាណូ។ ប៉ុន្តែ គេ​ត្រូវ​រង់​ចាំ​ដល់​ពាក់​កណ្តាល​ទី​​ទសវត្ស​ទី ៦០ ទើប​ហេដ្ឋារចនា​សម្ព័ន្ធ​បរមាណូ​របស់​កូរ៉េ​ខាង​ជើង​លេច​ចេញ​ជា​រូបរាង​មែន។

នៅ​ឆ្នាំ​១៩៥៩ កូរ៉េ​ខាង​ជើង បាន​ចុះ​សន្ធិសញ្ញា​ជាមួយ​សហភាព​សូវៀត និង​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន ស្តី​អំពី​សហប្រតិបត្តិការ​ក្នុង​វិស័យ​ប្រើ​ថាមពល​នុយក្លេអ៊ែរ សំរាប់​គោលដៅ​ស៊ីវិល។​ ពេល​នោះ​ឯង ដែល​កូរ៉េ​ខាង​ជើង​បាន​ចាប់​ផ្តើម​សង់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ ជាទី​ដែល​ក្នុង​ឆ្នាំ​១៩៦៥ មាន​ដំឡើង​ម៉ាស៊ីន​ប្រតិករ​​នុយក្លេអែរ​សូវៀត កម្លាំង​២ Megawatt។ ទោះបី ឥន្ធនៈ​ដែល​មាន​បញ្ចូល​ក្នុង​ម៉ាស៊ីន​ប្រតិករ​នេះ ជា​ Uranium ចំរើនធាតុ​ក្នុង​កំរិត​ខ្ពស់​ក្តី ក៏​ប្រតិករ​នេះ​មិន​អាច​ប្រើ​សំរាប់​ផលិត​ធាតុ ឧទាហរណ៍ បែប​យ៉ាង Plutonium ជាដើម ដែល​អាច​ប្រើ​សំរាប់​ផលិត​អាវុធ​បរមាណូ​តែម្តង។​​

មកពី​មូលហេតុ​នេះ បាន​ជា​ការងារ​ខាង​បង្កើត​អាវុធ​បរមាណូ​បាន​ចាប់​ផ្តើម​ឡើង នៅ​ដើម​ទសវត្ស​ទី​៧០។ ការសម្រេចចិត្ត​ផ្លូវ​នយោបាយ​នេះ ត្រូវ​បាន​អនុម័ត ក្រោយ​ពី​ចារកិច្ច​កូរ៉េ​ខាង​ជើង​យក​ការណ៍​បាន​ថា​កូរ៉េ​ខាង​ត្បូង មាន​ទៅ​ហើយ​កម្មវិធី​បែប​នេះ។

លុះក្នុង​ឆ្នាំ ១៩៧៤ កូរ៉េ​ខាង​ជើង បាន​ភ្ជាប់​ខ្លួន​ទៅ​នឹង​ទីភ្នាក់ងារ​អន្តរជាតិ​ខាង​ថាមពល​បរមាណូ ហៅថា AIEA។ រួច​ក្នុង​ឆ្នាំ​នោះ​ឯង ទីក្រុង​ព្យុងយ៉ាង បាន​សុំ​ចិន​ឲ្យ​ជួយ​បង្កើត​អាវុធ​បរមាណូ បន្ទាប់​មក​ពួក​អ្នក​ឯកទេស​កូរ៉េ​ខាង​ជើង ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​ក្នុង​វាលវង់​ល្បង​ពិសោធន៍​បរមាណូ​របស់​ចិន។

ក្រោយ​មក​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​នាំ​ជា​ក្តី​បារម្ភ​​ដល់​សហគមន៍​អន្តរជាតិ​​បាន​ជា​មាន​ការ​ចរចា​សំដៅ​ទប់​មហិច្ឆតា​កូរ៉េ​ខាង​ជើង​កុំ​ឲ្យ​ប្រើ​កម្មវិធី​នេះ។

គួរ​រំលឹក​ថា កិច្ច​ចរចា​នេះ បាន​ចាប់​ផ្តើម នៅ​ខែ​សីហា​ឆ្នាំ​២០០៣ ដោយ​មាន​៦​ប្រទេស​ចូល​រួម​ ពោល​គឺ ស.ប.ចិន ស.រ.អា. កូរ៉េ​ខាង​ជើង កូរ៉េ​ខាង​ត្បូង ជប៉ុន រុស្ស៊ី។ កិច្ចចរចា ៣​ជុំ​ដំបូង ដែល​បាន​ចប់​ទៅ​នៅ​ខែ​មិថុនា​ឆ្នាំ ២០០៤ ចប់​ដោយ​គ្មាន​លទ្ធផល​អ្វី​ទេ។ លុះ​នៅ​ខែ​កញ្ញា​ឆ្នាំ​នោះ ទីក្រុង​ព្យុងយ៉ាង​បាន​ដក​ខ្លួន​ចេញ​ក្រោយ​ពី​មាន​ការ​ប្រឈម​ទល់​នឹង​ខ្លួន​ពី​ខាង ស.រ.អា និង​ជប៉ុន។

ក្នុង​ដំណាក់​ទី​១ ស.រ.អា. បាន​ទាមទារ​មិន​គ្រាន់​តែ​ឲ្យ​ក្រុង​ព្យុងយ៉ាង​បញ្ឈប់​កម្មវិធី​នុយក្លេអែរ​​ប៉ុណ្ណោះ​ទេ តែ​ក៏​ឲ្យ​រុះរើ​ចេញ​ហេដ្ឋារចនា​សម្ព័ន្ធ​នុយក្លអែរ​​ដែល​ក្រុង​ព្យុងយ៉ាង​ចេះ​បង្កើត​បាន​ទៅ​ហើយ។ ជា​ថ្នូរ ស.រ.អា ​សុខ​ចិត្ត​ធានា​សន្តិសុខ​កូរ៉េ​ខាង​ជើង ហើយ​ផ្តល់​ជំនួយ​សេដ្ឋកិច្ច ​ព្រម​ទាំង​ផ្តល់​ឲ្យ​ទៅ​ក្រុង​ព្យុងយ៉ាង​ គឺ Reacteurs nucleaires 2 ដើរ​ដោយ​ទឹក​ស្រាល។ សំខាន់​បំផុត ក្រុង​ព្យុងយ៉ាង​ ឈប់​ចូលរួម​ជា​រៀង​រហូត​ក្នុង​កិច្ចចរចា​នេះ ក្រោយ​ពី ជប៉ុន​និង ស.រ.អា ​ទាមទារ​ឲ្យ​ដាក់​កម្មវិធី​នុយក្លេអែរ​កូរ៉េ​ខាង​ជើង ទៅ​នៅ​ក្រោម​ការត្រួតត្រា​របស់​ទីភ្នាក់ងារ​AIEA ឬ​ទៅ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់ គណៈកម្មការ​៥​ប្រទេស​មហា​អំណាច។ អ៊ីចឹង​ហើយ​ បាន​ជា​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ក្នុង​ជំនួប​ជាមួយ​សមភាគី​កូរ៉េ​ខាង​ជើង​ថ្ងៃ​នេះ នឹង​​ខិតខំ​អន្ទង​ក្រុង​ព្យុងយ៉ាង​ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​តុ​ចរចា​នោះ​វិញ។

ទំនាក់​ទំនង​សេដ្ឋកិច្ច​កូរ៉េ​ខាង​ជើង​និង​រុស្ស៊ី
 
 ក្នុងផ្ទៃ​សេដ្ឋ​កិច្ច​នេះ គួរ​និយាយ​ថា នៅ​រុស្ស៊ី​មាន​កម្មករ​កូរ៉េ​ខាង​ជើង​ស៊ី​ឈ្នួល​ធ្វើការ​ នៅ​រុស្ស៊ី ចំនួន ពី​១​ម៉ឺន​៥​ពាន់ ដល់ ២​ម៉ឺន​៥​ពាន់​នាក់​នៅ​តាម​វិស័យ​សំណង់ និង​កសិកម្ម រួច​ភាគ​ច្រើន ​គឺ​ផ្តុំ​នៅ​តំបន់​ចុង​បូព៌ា​រុស្ស៊ី។

ចំណែក​ខាង​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​វិញ គឺ​មាន​ទំហំ​មិន​ធំ​ទេ​ ត្រឹម​១២០​លាន​ដុល្លារ ពី​ក្នុង​នោះ​រុស្ស៊ី​លក់​ទៅ គឺ​១០៧ លាន​ជា​ប្រេងកាត និង រថយន្ត ម៉ាក Lada 500 គ្រឿង។ ​ហើយ​ទិញ​ចូល គ្រឿង​ហូប​ចុក ក្នុង​ទឹក​ប្រាក់​តែ ១៣លាន​ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ