អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ៩ វិច្ឆិកា

ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​៩​វិច្ឆិកា គម្រប់​ខួប​លើក​ទី​៥៨ ត្រូវបាន​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី និង​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា នាម៉ឺន​សព្វ​មុខ​មន្ត្រី ព្រមទាំង​មហាជន​យ៉ាងច្រើន​កុះករ នៅ​វិមាន​ឯករាជ្យ។ ទិវា​បុណ្យ​ឯករាជ្យ ជា​ការ​រំលឹក​ដល់​ស្នាព្រះហស្ត​​របស់​សម្តេច​ព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​ដឹកនាំ​ធ្វើ​ព្រះរាជបូជនីយកិច្ច ទាមទារ​ឯករាជ្យ​ពេញលេញ​ពី​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា ឆ្នាំ​១៩៥៣។ បារាំង បាន​ធ្វើ​អាណាព្យាបាល​លើ​កម្ពុជា ចាប់តាំង​ពី​ឆ្នាំ​១៨៦៣។​

ព្រះ​មហាក្សត្រ​នរោត្តម សីហមុនី និង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក្នុង​ឱកាស​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃទី​៩ វិច្ឆិកា ២០១១
ព្រះ​មហាក្សត្រ​នរោត្តម សីហមុនី និង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក្នុង​ឱកាស​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃទី​៩ វិច្ឆិកា ២០១១ © ចាន់ណា/rfi
ផ្សាយពាណិជ្ជកម្ម

បុណ្យ​ខួប​អនុស្សាវរីយ៍ លើក​ទី​៥៨ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​៩ វិច្ឆិកា ធ្វើឡើង​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១១​វិច្ឆិកា ឆ្នាំ​២០១១។ ពិធី​នៅ​វិមាន​ឯករាជ្យ ធ្វើ​ឡើង​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ នរោត្តម សីហមុនី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ប្រធាន​រដ្ឋសភា​លោក​ ហេង​ សំរិន មន្ត្រី​រាជការ សិស្សានុសិស្ស កងទ័ព និង​មហាជន​ជាច្រើន​នាក់។ ប៉ុន្តែ​ពិធី​នៅ​ព្រឹក​មិញ គ្មាន​វត្តមាន​របស់​លោក​ ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។

ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​៩​វិច្ឆិកា ត្រូវបាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​ដល់​ស្នា​ព្រះ​ហស្ត​​របស់​សម្តេច​ព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​ដឹកនាំ​ធ្វើ​ព្រះរាជ​បូជនីយ​កិច្ច ទាមទារ​ឯករាជ្យ​ពេញលេញ​ពី​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា ឆ្នាំ​១៩៥៣។ បារាំង បាន​ធ្វើ​ជា​អាណាព្យាបាល​លើ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៨៦៣។​

នៅ​ពេល​ចាប់ផ្តើម​ព្រះរាជ​ពិធី ដែល​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​វិទ្យុ និង​ទូរទស្សន៍​ក្នុង​ស្រុក ព្រះករុណា​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ស្តេច​យាង​ប្រទាន​កម្រង​​ផ្កា និង​គោរព​វិញ្ញាណក្ខន្ធ មុន​នឹង​ព្រះអង្គ ស្តេច​យាង​ប្រទាន​ភ្លើង​ជ័យ ដែល​ដង្ហែ​អម​ព្រះរាជ​ដំណើរ ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន លោក ​ហេង ​សំរិន និង​សម្តេច​សង្ឃ។ ភ្លើង​ជ័យ នៅ​វិមាន​ឯករាជ្យ ត្រូវ​រក្សា​ទុក​រយៈពេល ៣ ថ្ងៃ។

ទិវា​បុណ្យ​ឯករាជ្យ​ជាតិ នៅ​ព្រឹក​ថ្ងៃ​៩​វិច្ឆិកា​នេះ គ្មាន​សេចក្តី​ថ្លែងការណ៍​អ្វី​ទេ ក្រៅ​តែ​ពី​ការស្រែក​ជ័យ​ឃោស សាទរ អម​ដោយ​សំឡេង​ត្រែ​ទ័ព។​ ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ នៅ​ឆ្នាំ​នេះ បាន​ធ្វើ​ឡើង ចំ​ពិធី​បុណ្យ​អុំទូក រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៩​វិច្ឆិកា ឆ្នាំ​២០១១។ ក៏​ប៉ុន្តែ​រដ្ឋាភិបាល បាន​លុប​ចោល​ពិធី​ប្រណាំង​ទូក នៅ​មុខ​ព្រះបរមរាជ​វាំង ដើម្បី​សន្សំ​ថវិកា​ជាតិ សម្រាប់​ជួយ​ដល់​ជន​រងគ្រោះ​ដោយសារ​ទឹកជំនន់។

ក៏​ប៉ុន្តែ​រយៈពេល​បី​យប់ ចាប់ពី​យប់​ថ្ងៃ​ទី​៩​វិច្ឆិកា ឆ្នាំ​២០១១ មាន​ការបាញ់​កាំជ្រួច នៅមុខ​វាំង។ ក្នុង​នោះ ក៏​មាន​ការសម្តែង​សិល្បៈ​ជូន​មហាជន​ទស្សនា​កំសាន្ត​តាម​ទីធ្លា​សាធារណៈ នៅ​វាល​ព្រះមេរុ នៅ​វត្ត​ភ្នំ និង​នៅ​មុខ​វត្ត​បទុមវតី។ ដោយឡែក​ស្តង់​លក់​ផលិតផល​បញ្ចុះ​តម្លៃ សម្រាប់​ពិធី​បុណ្យ​អុំទូក មាន​តែ​នៅ​កោះ​ពេជ្រ​មួយ​ប៉ុណ្ណោះ។

កាលពី​យប់​ថ្ងៃ​បង្ហើយ​ពិធី​បុណ្យ​អុំទូក​ឆ្នាំមុន ថ្ងៃ​២២​វិច្ឆិកា មាន​ឧបទ្ទវហេតុ ផ្អើល​រត់​ជាន់​គ្នា នៅ​លើ​ស្ពាន​កោះ​ពេជ្រ បណ្តាល​ឲ្យ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ៣៥៣ នាក់ បាន​ស្លាប់ និង​របួស​ជិត ៥០០ នាក់​ផ្សេង​ទៀត។

​ក៏​ប៉ុន្តែ​នៅ​ឆ្នាំនេះ អាជ្ញាធរ​បាន​បង្កើន​ការប្រុងប្រយ័ត្ន និង​ធ្វើ​ស្ពាន​ថ្មី​២​បន្ថែម​ទៀត ដើម្បី​ចេញ​ចូល​តំបន់​កោះ​ពេជ្រ ខណៈ​ដែល​អ្នក​មក​លេង​បុណ្យអុំទូក នៅ​ភ្នំពេញ​ឆ្នាំ​នេះ មិន​មាន​ច្រើន​ដូច​រៀងរាល់​ឆ្នាំ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ