អានតួអត្ថបទ

គ.ជ.ប.បង្ហាញ​គំរូ​សន្លឹក​ឆ្នោត និង​ទឹកខ្មៅ​លុបលាង​មិនជ្រះ​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ គ​.​ជ​.​ប​. បានបង្ហាញ​គំរូ​សន្លឹកឆ្នោត និង​ទឹកខ្មៅ​លុបលាង​មិន​ជ្រះ សម្រាប់​ប្រើប្រាស់ ក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់ នា​ថ្ងៃ​អាទិត្យ ទី​៣​មិថុនា​ខាង​មុខ។ ចំណែក​គណបក្ស​នយោបាយ ចំនួន ១០ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត ក៏​បាន​ត្រៀម​ខ្លួន​រួចរាល់ សម្រាប់​ការឃោសនា​បោះឆ្នោត​រយៈពេល ១៥ ថ្ងៃ ចាប់ផ្តើម នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១២។ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នឹង​ជួបជុំ​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ នៅ​ថ្ងៃ​ផ្តើម​ឃោសនាបោះឆ្នោត​បោះឆ្នោត​ឃុំ​សង្កាត់ នា​ថ្ងៃ​សុក្រ​ស្អែក។ រីឯ​គណបក្ស​នយោបាយ ៧ ផ្សេងទៀត គ្រាន់តែ​ជួបជុំ ចាក់​មេក្រូ និង​ចែក​ខិតប័ណ្ណ តាម​ឃុំ​សង្កាត់ ដែល​គណបក្ស​ទាំង​នោះ បាន​ឈរឈ្មោះ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បង្ហាញ​ទឹកថ្នាំ​ដែល​គេ​នឹង​ប្រើ​នៅក្នុង​ការបោះឆ្នោត​ឃុំសង្កាត់​នៅថ្ងៃ​ទី ៣​មិថុនា ២០១២
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បង្ហាញ​ទឹកថ្នាំ​ដែល​គេ​នឹង​ប្រើ​នៅក្នុង​ការបោះឆ្នោត​ឃុំសង្កាត់​នៅថ្ងៃ​ទី ៣​មិថុនា ២០១២
ផ្សាយពាណិជ្ជកម្ម

គ.ជ.ប បាន​បោះពុម្ព​សន្លឹកឆ្នោត​ចំនួន ១០.៦១៩.៨៥០ សន្លឹក សម្រាប់​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត​​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៣ ឆ្នាំ​២០១២ នា​ថ្ងៃ​ទី​៣​មិថុនា។ សន្លឹក​ឆ្នោត​ទាំង​នោះ មាន​ពីរបែប គឺ​ទំហំ A4 សម្រាប់​ឃុំ​-​សង្កាត់​ណា ដែល​មាន​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​ចាប់ពី ១ ដល់ ៦ គណបក្ស និង​មួយបែប​ទៀត ទំហំ S4 សម្រាប់​ឃុំ​-​សង្កាត់​ណា ដែល​មាន​គណបក្សនយោបាយ​ឈរ​ឈ្មោះ​ចំនួន ៧ គណបក្ស។

លោកស្រី ស៊ីន ជុំបូ អនុប្រធាន គ.ជ.ប. បាន​ប្រកាស​ក្នុង​កិច្ចប្រជុំ​នៅ​ព្រឹក​មិញ​ថា សន្លឹក​ឆ្នោត​ទាំង​នោះ មាន ១.៦៣៣ ប្រភេទ គឺ​ខុស​គ្នា ពី​ឃុំ​សង្កាត់​មួយ ទៅ​ឃុំ​សង្កាត់​មួយទៀត នៅ​ទូទាំង ១.៦៣៣ ឃុំ​-​សង្កាត់ ទូទាំង​ប្រទេស។

ឃុំ​សង្កាត់ ដែល​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា តែ​មួយ​ឈរ​ឈ្មោះ មាន​ចំនួន ១៥ ឃុំ​សង្កាត់។ រីឯ​ឃុំ​សង្កាត់ ដែល​មាន​គណបក្ស​ឈរ​ឈ្មោះ​ច្រើនជាងគេ មាន​ចំនួន ៧ គណបក្ស នៅក្នុង ៣០ ឃុំ​សង្កាត់ ក្នុង​ចំណោម​ឃុំ​សង្កាត់​សរុប ១.៦៣៣ ឃុំ​សង្កាត់។

គ.ជ.ប. បាន​ចំណាយ​ថវិកា ១,៦ លាន​ដុល្លារ​អាមេរិក ទៅលើ​ការបោះពុម្ព​សន្លឹកឆ្នោត ខណៈ​ដែល​ការបោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៣ ត្រូវ​ចំណាយ​សរុប ១៩,៥ លាន​ដុល្លារ។

ក្នុង​កិច្ចប្រជុំ​នៅ​ព្រឹកមិញ គ​.​ជ​.​ប​. ក៏​បាន​បង្ហាញ​ទឹកខ្មៅ លុបលាង​មិន​ជ្រះ ចំនួន ៣៦.៩៦០ ដប សម្រាប់​ប្រើប្រាស់​នៅក្នុង​ការិយាល័យ​បោះឆ្នោត​ចំនួន ១៨.១០៧ ការិយាល័យ​នៅ​ទូទាំង​ប្រទេស។ ក្នុង​មួយ​ការិយាល័យ ប្រើ​ទឹកខ្មៅ ចំនួន ២​ដប។

គ​.​ជ​.​ប​. បាន​ចំណាយ​ទឹកប្រាក់​ចំនួន ៨១ ម៉ឺន​ដុល្លារ ដើម្បី​ទិញ​ទឹកខ្មៅ​ទាំងនោះ មកពី​ប្រទេស​ឥណ្ឌា។ ភ្នាក់ងារ​គណបក្សនយោបាយ អ្នក​សង្កេតការណ៍​បោះឆ្នោត និង​អ្នកកាសែត បាន​សាកល្បង ជ្រលក់​ម្រាមដៃ ក្នុង​ដប​ទឹកខ្មៅ ដែល​សម្រាប់​ប្រើប្រាស់ សម្គាល់​អ្នកបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ថ្ងៃ​ទី​៣​មិថុនា​ខាង​មុខ។​

លោកស្រី ស៊ីន ជុំបូ បាន​គូសបញ្ជាក់ថា “​ទឹកខ្មៅ សម្រាប់​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៣ ឆ្នាំ​២០១២ គឺ​ទិញ​ពី​ប្រទេស​ឥណ្ឌា ដែល​មាន​ប្រសិទ្ធភាព​ល្អ ហើយ គ.ជ.ប​តែងតែ​បញ្ជា​​ទិញ​ទឹក​ខ្មៅ​នោះ យកមក​ប្រើប្រាស់ ក្នុង​ការបោះឆ្នោត​លើក​មុនៗ”។

នៅក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់ នា​ថ្ងៃ​ទី​៣​មិថុនា ឆ្នាំ​២០១២ មាន​អ្នកបោះឆ្នោត​សរុប​ចំនួន ៩.២០៣.៤៩៣ នាក់ ដើម្បី​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ សរុប​ចំនួន ១១.៤៥៩ នាក់ នៅក្នុង ១.៦៣៣ ឃុំ​សង្កាត់​ទូទាំង​ប្រទេស និង​មាន ១០ គណបក្ស​នយោបាយ​ចូលរួម​ប្រកួតប្រជែង។

គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ប្រកាស​រួច​ហើយ​ថា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៨​ឧសភា ដែល​ជា​ថ្ងៃ​ផ្តើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត រយៈពេល ១៥ ថ្ងៃ គណបក្ស​ទាំង​បី នឹង​ជួបជុំ​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ ពិសេស​នៅ​ភ្នំពេញ។

គណបក្ស​ប្រជាជន​កម្ពុជា ជួបជុំ​នៅ​កោះ​ពេជ្រ ដោយ​មាន​អ្នកចូលរួម​ប្រមាណ ១​ម៉ឺន​នាក់។ រីឯ​គណបក្ស​សមរង្ស៊ី ជួបជុំ​មុខ​វត្ត​បទុម ដោយ​មាន​អ្នកចូលរួម​ពី ៦.០០០ ទៅ ៧.០០០ នាក់។ ចំណែក​​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​កឹម​សុខា ជួបជុំ​លើផ្លូវ​ជិត​ទីស្នាក់ការ​ធំ នៅ​ជិត​ផ្សារ​មាន់អាំង មុន​នឹង​ជិះឡាន ហែ​ក្បួន​ឃោសនា។

ដោយឡែក​គណបក្ស ៧ ផ្សេងទៀត រាប់​ទាំង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​នរោត្តម រណឫទ្ធិ ទោះ​ជា​មិន​ហែ​ក្បួន​តាម​ផ្លូវ តែ​គណបក្ស​ទាំងនេះ ក៏​នឹង​ជួបជុំ ចាក់​មេក្រូ​ឃោសនា និង​ចែក​ខិតប័ណ្ណ​ដល់​អ្នកបោះឆ្នោត​នៅ​ឃុំ​សង្កាត់​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ