អានតួអត្ថបទ
កម្ពុជា

NACD​គ្រោងផ្តល់ការព្យាបាលដល់អ្នកញៀនគ្រឿងញៀន​ក្នុងពន្ធនាគារ​នៅឆ្នាំ​២០១៦​នេះ

ក្នុងទិសដៅការងារ សម្រាប់ឆ្នាំ ២០១៦ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហៅកាត់ថា NACD មានគម្រោងថា នៅពេលខាងមុខ នឹងផ្តល់ការព្យាបាល និងស្តារនីតិសម្បទា ដល់អ្នកញៀនគ្រឿងញៀន នៅក្នុងពន្ធនាគារ។ សព្វថ្ងៃ ការព្យាបាល និងស្តារនីតិសម្បទា មានតែ ២របៀបតែប៉ុណ្ណោះ គឺនៅតាមមណ្ឌល និងដោយផ្អែកលើសមាគមន៍ ឬអង្គការនានា។ ថ្លែងក្នុងសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ ២០១៥ និងទិសដៅការងារឆ្នាំ ២០១៦ នៅថ្ងៃចន្ទ ទី១កុម្ភៈនេះ មន្ត្រីរដ្ឋាភិបាល បានបញ្ជាក់ថា កត្តានេះ មានសារៈសំខាន់ ដល់ការផ្តាច់គ្រឿងញៀនឲ្យកាន់តែមានប្រសិទ្ធភាព។ សូមបញ្ជាក់ថា ទោះជារដ្ឋាភិបាល បានអះអាងពីវិធានការការពារ ចំពោះបញ្ហាគ្រឿងញៀន ប៉ុន្តែការផលិត ការចរាចរ និងការញៀនគ្រឿងញៀន នៅតែមានការកើនឡើង ក្នុងសង្គមកម្ពុជា។ តាមរបាយការណ៍របស់ NACD ក្នុងឆ្នាំ ២០១៥ ករណីបទល្មើសគ្រឿងញៀន មានចំនួន ៣០៦១ករណី ដែលកើនឡើងជាង ១២៨ភាគរយ បើប្រៀបធៀប នឹងឆ្នាំ ២០១៤។ ក្នុងនោះសមត្ថកិច្ច បានចាប់ខ្លួនជនល្មើស បាន ៧០០៨នាក់ ដោយមានស្រី ៨៥៣នាក់ផងដែរ។

លោកកែ គឹមយ៉ាន ប្រធាន NACD ក្នុងសន្និបាតបូកសរុបលទ្ធផលត្រួតពិនិត្យ​គ្រឿងញៀនឆ្នាំ ២០១៥ និង​ទិសដៅការងារ ឆ្នាំ ២០១៦។
លោកកែ គឹមយ៉ាន ប្រធាន NACD ក្នុងសន្និបាតបូកសរុបលទ្ធផលត្រួតពិនិត្យ​គ្រឿងញៀនឆ្នាំ ២០១៥ និង​ទិសដៅការងារ ឆ្នាំ ២០១៦។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ ២០១៥ និងទិសដៅការងារឆ្នាំ ២០១៦ លោកនាយឧត្តមសេនីយ៍កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងពីការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ក្នុងឆ្នាំ ២០១៥ បើទោះបីជាករណីល្មើសគ្រឿងញៀន នៅតែមានការកើនឡើង។ ហើយដោយសារតែគ្រឿងញៀន នៅតែជាជំងឺដ៏រុំារៃរបស់សង្គមកម្ពុជា ប្រធានអាជ្ញាធរនេះ បានដាក់ចេញនូវយុទ្ធសាស្រ្តធំៗ ចំនួន ៥ចំណុច ដើម្បីពង្រឹងការអនុវត្តច្បាប់ និងបន្ថយគ្រឿងញៀនពីកម្ពុជា សម្រាប់ឆ្នាំ ២០១៦នេះ។

ក្នុងចំណុចទាំងនោះ ក៏មានចំណុចមួយ ដែលទាក់ទងនឹងការកាត់បន្ថយគ្រោះថ្នាក់ ការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គ្រោងនឹងផ្តល់ការព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនទាំងនោះ នៅក្នុងពន្ធនាគារបន្ថែមទៀត។ ប៉ុន្តែបើតាមលោកនាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំហានដំបូង គឺនឹងមានការបំពាក់សេវា និងការបណ្តុះបណ្តាលគ្រូពេទ្យនៅតាមមន្ទីរពេទ្យជិតពន្ធនាគារជាមុនសិន។ ហើយប្រសិនបើពុំមានមន្ទីរសុខាភិបាល នៅជិតនោះទេ ទើបមានការបង្កើតផ្នែកព្យាបាលអ្នកញៀនគ្រឿងញៀន ក្នុងពន្ធនាគារ។
 

លោកនាក់ យុទ្ធា និយាយថា៖ «បើសិនជាមានមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក នៅជិតពន្ធនាគារនោះ គឺយើងមិនបាច់មានសេវាព្យាបាល នៅក្នុងពន្ធនាគារទេ យើងដឹងហើយថា ទី១ គឺមានការជំពាក់ជំពិនរឿងប្រើប្រាស់ឱសថ ហើយនឹងការបណ្តុះបណ្តាលគ្រូពេទ្យ ខាងមន្ត្រីអនុរក្សពន្ធនាគារ ចឹងវាចំណាយពេលច្រើន។ បើសិនជាមានមណ្ឌលសុខភាពនៅជិត យើងគ្រាន់តែបំពាក់សេវា នឹងទៅ ហើយយកអ្នកទោសនឹង ចេញមកទទួលយកសេវានឹងទៅ ហើយមួយម៉ោងពីរម៉ោង យើងយកគាត់ទៅវិញ ……»។

អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើផ្នែកត្រួតពិនិត្យគ្រឿងញៀន បានសាទរ ចំពោះគម្រោងនេះ។ លោកស្ងួន ម៉ាឡៃវុធ នាយកប្រតិបត្តិអង្គការពន្លឺកុមារ យល់ឃើញថា កត្តានេះ អាចជួយស្តារទាំងសតិស្មារតី និងកាយសម្បទា ដល់អ្នកទោសដែលញៀនគ្រឿងញៀនបាន។
 

សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១៥ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានព្យាបាលដល់អ្នកញៀនគ្រឿងញៀន បានចំនួន ៧៧៥៣នាក់ បំពាក់សេវាព្យាបាល តាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក បាន ៤៧កន្លែង។ ក្នុងទិសដៅឆ្នាំ ២០១៦ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងពង្រឹងបន្ថែម នូវការបង្ការទប់ស្កាត់ និងបង្រ្កាបរាល់ការប៉ុនប៉ងដាំដុះ ផលិត និងចរាចរគ្រឿងញៀនគ្រប់ប្រភេទ។ ផ្សព្វផ្សាយអប់រំពីគ្រោះមហន្តរាយគ្រឿងញៀន ឲ្យកាន់តែផុសផុល ។ កាត់បន្ថយគ្រោះថ្នាក់ ការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ។ ការងារពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀន និងត្រូវប្រមូលទិន្នន័យ តាមដាន និងវាយតំលៃ ឲ្យបានទៀងទាត់។

តាមការឲ្យដឹងពីអង្គការពន្លឺកុមារ ស្ថានភាពនៃអ្នកញៀន និងអ្នកជួញដូរគ្រឿងញៀន នាពេលបច្ចុប្បន្ន ភាគច្រើនកើតឡើង ចំពោះយុវវ័យ ដោយសារតែទំនើបកម្មនៃបច្ចេកវិទ្យា កំណើននៃជនបរទេសទាំងស្របច្បាប់ និងខុសច្បាប់ និងជាពិសេស គឺការអនុវត្តច្បាប់ និងការផ្សព្វផ្សាយអប់រំ នៅមានកម្រិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ