អានតួអត្ថបទ
រុស្ស៊ី

អស់​៣​ថ្ងៃ​ជាប់​គ្នា​រដ្ឋធានី​រុស្ស៊ី​បាន​ក្លាយ​ជា​ទីប្រជុំ​នៃ​អតីត​និស្សិត​បរទេស​

ពី​ថ្ងៃទី២៨ ដល់ ៣០ វិច្ឆិកា​កន្លង​ទៅ ក្នុង​ក្រុង​ម៉ូស្គូ​មាន​ប្រព្រឹត្ត​ទៅ “ វេទិកា​ពិភពលោក​លើក​ទី៣​នៃ​បណ្តា​ពលរដ្ឋ​បរទេស​ដែល​បាន​បញ្ចប់​ការ​សិក្សា ហើយ​ទទួល​សញ្ញាប័ត្រ ពី​គ្រឹះស្ថាន​ឧត្តមសិក្សា ទាំង​សម័យ​សូវៀត ទាំង​សម័យ​ប្រទេស​រុស្ស៊ី​ថ្មី។ បាន​មក​ចូលរួម​ក្នុង​វេទិកា​នេះ គឺ​ប្រតិភូ ៨៨៨នាក់​មក​ពី​១៧០ប្រទេស មាន​មក​ពី​កម្ពុជា​ផង​ដែរ។

សកលវិទ្យាល័យទីក្រុង ម៉ូស្គូ
សកលវិទ្យាល័យទីក្រុង ម៉ូស្គូ RFI/Keo Chhaya
ផ្សាយពាណិជ្ជកម្ម

វេទិកា​ពិភពលោក​នេះ​ចាត់ចែង​ឡើង​ដោយ​ក្រសួង​អប់រំ និង​វិទ្យាសាស្ត្រ​រុស្ស៊ី ទាំង​មាន​ការ​គាំទ្រ​ពេញទី ពី​ខាង​ក្រសួង​ការបរទេស​រុស្ស៊ី។ បាន​មក​ចូលរួម គឺ​ប្រតិភូ ៨៨៨នាក់​មក​ពី​១៧០ប្រទេស​ហើយ​ក្នុង​ចំនួន​ច្រើន​ជាង​គេ គឺ​មក​ពី​ទ្វីប​អាស៊ី អាហ្វ្រិក ប៉ុន្តែ​ក្នុង​ចំនួន​តិច​ជាង គឺ​មក​ពី​ទ្វីប​អាមេរិក​ និង​អឺរ៉ុប។

ថ្លែង​សុន្ទរកថា​បើក​វេទិកា​នោះ លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​វិទ្យាសាស្ត្រ​រុស្ស៊ី Dmitri Livanov លើក​​យក​តួលេខ​ខ្លះ​មក​បង្ហាញ៖ បច្ចុប្បន្ន ធ្វើ​ការ​នៅ​តាម​ប្រទេស​គេ​រៀងៗ​ខ្លួន គឺ​មាន​អតីត​និស្សិត​​ចំនួន​ជាង ១លាន​នាក់​ឯណោះ ដែល​បាន​ទទួល​សញ្ញប័ត្រ​ពី​គ្រឹះស្ថាន​ឧត្តមសិក្សា​សូវៀត និង​រុស្ស៊ី។ គេ​ធ្វើ​ការ​សរុប​ទៅ គឺ​នៅ​តាម​១៧០ប្រទេស ហើយ​មាន​មិន​តិច​ទេ អ្នក​ដែល​កាន់​មុខតំណែង​ខ្ពស់ៗ​នៅ​ក្នុង​រដ្ឋ​ខ្លួន បែប​យ៉ាង​ជា​តំណាងរាស្ត្រ​រដ្ឋមន្ត្រី នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធានាធិបតី​ទៅ​ផង។

សព្វថ្ងៃ នៅ​លើ​ដែនដី​សហព័ន្ធ​រុស្ស៊ី​កំពុង​ក្រេប​ជញ្ជក់​ចំណេះវិជ្ជា​នៅ​តាម​គ្រឹះស្ថាន​ឧត្តមសិក្សា ៧៥០កន្លែង គឺ​និស្សិត​បរទេស​ប្រមាណ ២សែន ៥ម៉ឺននាក់​មក​ពី ១៥០ប្រទេស។ គោលដៅ​សំខាន់​បំផុត ចោទ​ដោយ​វេទិកា តាម​ដែល​គណៈកម្មាធិការ​ចាត់ចែង​ប្រកាស​ឲ្យ​ដឹង គឺ​រក្សា​ទុក​មុខមាត់​ប្រទេស​រុស្ស៊ី ជា​មហាអំណាច​ផ្នែក​សិក្សាធិការ​ទាក់ទាញ​និស្សិតបរទេស ឲ្យ​មក​សិក្សា​នៅ​តាម​គ្រឹះស្ថានឧត្តមសិក្សា​រុស្ស៊ី ពង្រឹង​ទំនាក់ទំនង​រវាង​អ្នក​ដែល​ចេញ​ពី​សាលា​ជាន់ខ្ពស់​សូវៀត និង​រុស្ស៊ី​ជម្រុញ​គេ​ឲ្យ​នៅ​ទ្រទ្រង់​ជាប់ជានិច្ច ចំណង​ជាមួយ​ប្រទេស​រុស្ស៊ី គាំទ្រ​ដល់​សកម្មភាព​គេ ខាង​ផ្សព្វផ្សាយ​ភាសា​រុស្ស៊ី។

ភាសារុស្ស៊ី ជា​ភាសា​ការងារ​មួយ ក្នុង​ចំណោម​ភាសា​ការងារ​ចំនួន៦ របស់​អ.ស.ប. នៅ​ទន្ទឹម​នឹង​ភាសា​៥ទៀត គឺ​ភាសា​បារាំង អង់គ្លេស ចិន អារ៉ាប និង​អេស្បាញ។ ចេះ​និយាយ​ភាសា​រុស្ស៊ី​សព្វថ្ងៃ គឺ​មនុស្ស​ប្រមាណ ៣០០លាន​នាក់​ពី​ក្នុង​នោះ សឹង​ពាក់​កណ្តាល​គឺ​នៅ​ក្នុង​ប្រទេស​​រុស្ស៊ី​ផ្ទាល់ ហើយ​ក្រៅ​ពី​នេះ គឺ​នៅ​តាម​អតីត​សាធារណរដ្ឋ​សូវៀត​១៤ទៀត ព្រមទាំង​នៅ​តាម​សហគមន៍ជាតិ​រុស្ស៊ី​រស់​នៅ​ទ្វីបអឺរ៉ុប ទ្វីបអាមេរិក ប្រទេស​អូស្ត្រាលី អ៊ីស្រាអែល​ជាដើម។

ករណី​កម្ពុជា តាម​តួលេខ​ក្រសួង​ការបរទេស​រុស្ស៊ី គឺ​មាន​ប្រមាណ ៨.០០០នាក់​ដែល​ចេះ​ភាសា​រុស្ស៊ី។ បច្ចុប្បន្ន​សិក្សា​នៅ​រុស្ស៊ី គឺ​និស្សិត​ប្រមាណ ១៥០នាក់ ព្រម​ទាំង​សិស្ស​សាលា​យោធា ២០នាក់​ដែរ។ ប្រតិភូ​ខ្មែរ ២នាក់​ដែល​ត្រូវ​ភាគី​រុស្ស៊ី​អញ្ជើញ​ឲ្យ​មក​ចូលរួម​ក្នុង​វេទិកា​ពិភពលោក​លើកទី៣​នេះ ម្នាក់​គឺ​លោក សួន ប្រិយវណ្ណ​ដែល​បាន​ទទួល​សញ្ញាប័ត្រ​ជាន់ខ្ពស់​ក្នុង​​ឆ្នាំ១៩៩០ នៅ​សាធារណរដ្ឋ​សូវៀត អ៊ុយក្រែន ធ្លាប់​ធ្វើ​ជា​អនុព័ន្ធ​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​កម្ពុជា​នៅ​ម៉ូស្គូ ពី​ឆ្នាំ២០០២ ដល់​ឆ្នាំ២០០៨ ហើយ​សព្វ​ថ្ងៃ​ជា​ទីប្រឹក្សា​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា​កម្ពុជា។

ម្នាក់​ទៀត គឺ​លោក ហូ សុខុម៉ាលី តាំង​ពី​២៥ឆ្នាំ​មុន​ម៉្លេះ គឺ​ក្នុង​ឆ្នាំ១៩៨៧ បាន​ទទួល​សញ្ញាប័ត្រជាន់ខ្ពស់​នៅ​សាធារណរដ្ឋ​សូវៀត អ៊ូស្បេគីស្ថាន ហើយ​បច្ចុប្បន្ន ជា​វិស្វករ​សំណង់ស៊ីវិល​នៃ​ក្រុមហ៊ុន​សំណង់​ឯកជន​នៅ​ភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ