អានតួអត្ថបទ
រុស្ស៊ី-ស៊ីរី

នៅ​ទីបំផុត​​​ម៉ូស្គូ​បាន​ផ្ញើ​សេចក្តី​អញ្ជើញ​ទៅ​មេ​សម្ព័ន្ធ​ប្រឆាំង​ស៊ីរី​

គោលដៅ​​នៃ​ការ​​អញ្ជើញ​​មេ​​សម្ព័ន្ធ​​ប្រឆាំង​​ស៊ីរី​​លោក​​ Moaz el-Khatib ​គឺ​ដើម្បី​​ឲ្យ​​គាត់​​ចូល​រួម​ ក្នុង​​កិច្ច​ចរចា​ខាង​​រក​​ដំណោះ​ស្រាយ​ឲ្យ​​ជម្លោះ​​​រ៉ាំរ៉ៃ​នៅ​ស៊ីរី។ នៅ​​តាម​​មុខ​ព្រួញ​​នេះ​ទើប​ ម្សិល​មិញ​​សោះ ​ប្រមុខការទូត​​រុស្ស៊ី​លោក Serguei Lavrov ​បាន​​ទទួល​ជួប​​ចរចា​​នៅ​​ម៉ូស្គូ​ ជា​មួយ​គណៈ​ប្រតិភូ​​រដ្ឋាភិបាល​ស៊ីរី​ដឹកនាំ​​ដោយ​អនុរដ្ឋ​មន្ត្រី​​ការ​បរទេស​ប្រទេស​នេះ ​គឺ​​លោក ​Fayçal Mokdad។

រដ្ឋមន្ត្រី​​ការបរទេស​​​រុស្ស៊ី​ Sergeï Lavrov (នៅ​ស្តាំ​ដៃ​) ជួប​​គណបក្ស​​​ប្រឆាំង​​ស៊ីរី​ នៅ​​ក្រុង​ម៉ូស្គូ​ កាល​ពី​ខែ​កក្កដា
រដ្ឋមន្ត្រី​​ការបរទេស​​​រុស្ស៊ី​ Sergeï Lavrov (នៅ​ស្តាំ​ដៃ​) ជួប​​គណបក្ស​​​ប្រឆាំង​​ស៊ីរី​ នៅ​​ក្រុង​ម៉ូស្គូ​ កាល​ពី​ខែ​កក្កដា REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

ក្នុងបទសម្ភាសន៍​ព្រឹកមិញទៅ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី​ Ria-Novosti​ អនុ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ទទួលបន្ទុក​បញ្ហាតំបន់ដើមបូព៌ាលោក Mikhail Bogdanov លំអិតថា សេចក្តីអញ្ជើញនោះ បានទៅដល់ដៃ មេសម្ព័ន្ធប្រឆាំងស៊ីរី លោក Moaz el-Khatib ទៅហើយ រីឯជំនួបផ្ទាល់ គឺ​អាច​នឹង​ប្រព្រឹត្តទៅ រឺមួយនៅ ក្រុងម៉ូស្គូ រឺមួយនៅក្រៅប្រទេសរុស្ស៊ី ឧទាហរណ៍ នៅក្រុង Geneve ឬ​​នៅ​ក្រុង​ Caire។

គួរនិយាយថា សម្ព័ន្ធប្រឆាំងស៊ីរីដែលមានឈ្មោះពេញថា “សម្ព័ន្ធជាតិនៃកម្លាំងបដិវត្តន៍​និង កម្លាំង​ប្រឆាំងស៊ីរី” បង្កើតឡើងកាលពីដើមខែវិច្ឆិកា បាន​ទទួលស្គាល់ដោយរដ្ឋចំនួន ជាង​១៣០​ទៅ​ហើយក្នុងឋានៈ ជាអំណាចស្របច្បាប់តែមួយគត់ របស់ប្រទេសស៊ីរី។

ការអញ្ជើញនេះ ប្រព្រឹត្តទៅគឺក្នុងបរិបទនៃគោលជំហរដែលរុស្ស៊ីប្រកាន់ខ្ជាប់ ឆ្ពោះទៅបើកធ្វើ សំវាទទូទាំងប្រទេសស៊ីរី រវាងគ្រប់តែភាគីបដិបក្ខ។ ក្នុងន័យនេះ ម៉ូស្គូប្រើជាមូលដ្ឋានគឺ សេចក្តី​ថ្លែងការណ៍រួមចេញនៅក្រុង Genève កាលពី ថ្ងៃទី៣០មិថុនាឆ្នាំនេះដែលប្រមើល បង្កើត​​នៅស៊ីរី ជារដ្ឋាភិបាលអន្តរកាល ផ្សំឡើងពីពួកអ្នកតំណាងដែលម្ខាងជ្រើសតាំងឡើង ដោយ​រដ្ឋាភិបាលលោកប្រធានាធិបតីអាសាដ និងម្ខាងទៀត ជ្រើសតាំងឡើងដោយ ភាគី ដែលប្រឆាំងទល់នឹង រដ្ឋាភិបាលលោកអាសាដ។ រដ្ឋាភិបាលអន្តរកាលនោះ មាន​ភារកិច្ច​រៀប​ចំ​ ការបោះឆ្នោតសភា និង ការបោះឆ្នោតប្រធានាធិបតី ក្នុងប្រទេសស៊ីរីផ្ទាល់។

ប៉ុន្មានថ្ងៃចុងក្រោយ ម៉ូស្គូ សកម្មការទូតខ្លួន ខាងរកច្រកចេញពីវិបត្តិនៅស៊ីរីដោយសន្តិវិធី ដែល​ តាមសំដីអ្នកនាំពាក្យផ្លូវការរបស់ក្រសួងការបរទេសរុស្ស៊ី លោក Alexandre​Loukachevitch​ គឺដើម្បីខ័ណ្ឌបញ្ចប់ “បឹងឈាម” នៅស៊ីរី។ រំលេចឲ្យឃើញពី ភាព​សកម្ម​ការទូត​នេះ គឺ ៖
ថ្ងៃ ១៤ធ្នូកន្លងទៅ មានគណៈប្រតិភូ នៃភាគីប្រឆាំងផ្ទៃក្នុងស៊ីរីផ្ទាល់ បានមកចរចានៅម៉ូស្គូ។
ថ្ងៃ ២៧ធ្នូម្សិលមិញ មានគណៈប្រតិភូ រដ្ឋាភិបាលស៊ីរីតែម្តង បានមកកាន់រដ្ឋធានីរុស្ស៊ី។
ថ្ងៃ ២៨ធ្នូនេះ ម៉ូស្គូរង់ចាំការអញ្ជើ្ញញមកដល់នៃ លោកប្រមុខការទូតអេហ្ស៊ីប Mohamed Amir ទាក់ទងនឹងសាច់រឿងស៊ីរីដែរ។
ថ្ងៃស្អែកទី២៩ធ្នូ ត្រូវមកដល់ម៉ូស្គូ គឺ លោក Lakhdar Brahimi ជា បេសកជនពិសេស របស់ អ.ស.ប និង សម្ព័ន្ធអារ៉ាប់ ខាងស្វែងរកដំណោះស្រាយឲ្យវិបត្តិស៊ីរី។

តាមការបង្ហើបឲ្យដឹង នៃលោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Mikhail Bogdanov ក្រោយពីស្តាប់ លោក Lakhdar Brahimi ម៉ូស្គូប្រហែលជា ចាត់ចែងឲ្យមាន ជំនួបត្រីភាគីមួយលើកទៀតរវាង រុស្ស៊ី ស.រ.អា. និង អ.ស.ប. ជំនួបនេះ អាចប្រព្រឹត្តទៅ នៅខែមករាខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ