អានតួអត្ថបទ
ឥណ្ឌូណេស៊ី

បវរកញ្ញា​ហ្វីលីពីន​ ម៉េហ្កាន​ យុង​ ជាប់ឈ្មោះ​ជា​បវរកញ្ញា​ពិភពលោក​ឆ្នាំ២០១៣​

នៅប្រទេស​ឥណ្ឌូណេស៊ី ក្នុង​ការ​ប្រលង​​ជ្រើសរើស​​​បវរកញ្ញា​ពិភព កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ គណៈកម្មការ​បាន​សំរេច​​ជ្រើស​យក​បវរកញ្ញា​ហ្វីលីពីន ម៉េហ្កាន យុង អាយុ​២៣ឆ្នាំ​ ​​​ជា​បវរកញ្ញាពិភពលោក​ឆ្នាំ២០១៣។ បវរកញ្ញា​​បារាំង ម៉ារីន ឡរហ្វឺឡាំង ជាប់​ចំណាត់ថា្នក់​លេខ​២ ហើយ​បវរកញ្ញា​ប្រទេស​ហ្កាណា ឈ្មោះ​ ការ៉ាន់ហ្សា អូកៃឡី ជាប់​ចំណាត់ថ្នាក់​លេខ៣។ អ្វីដែល​គួរអោយកត់​សម្គាល់ ក្នុង​ការ​ប្រលង​បវរកញ្ញា​នេះ គឺ​ថា អាជ្ញាធរ​ឥណ្ឌូណេស៊ី បាន​ពង្រឹង​​សន្តិសុខ​យ៉ាងតឹងតែ​ង​បំផុត ដើម្បី​ចៀសផុត​ពីការ​រំខានអុកឡុក ​របស់​​អ្នកកាន់​សាសនា​អ៊ីស្លាម​ជ្រុលនិយម។

កញ្ញា Megan Young ទទួល​តំណែង​​ជា​​បវរកញ្ញា​ពិភពលោក​ ឆ្នាំ​២០១៣។
កញ្ញា Megan Young ទទួល​តំណែង​​ជា​​បវរកញ្ញា​ពិភពលោក​ ឆ្នាំ​២០១៣។ REUTERS/Murdani Usman
ផ្សាយពាណិជ្ជកម្ម

តំណែង​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៣​នេះ ត្រូវ​បាន​ប្រគល់​ទៅអោយ​បវរកញ្ញា​ប្រទេស​ហ្វីលីពីន គឺ​កញ្ញា ម៉េហ្កាន យុង អាយុ​២៣ឆ្នាំ។ បវរកញ្ញា​បារាំង និង​បវរ​កញ្ញា​ហ្កាណា ជាប់​ចំណាត់ថា្នក់​​ជា​បវរកញ្ញា​រង លេខ២ និង​លេខ​៣ បន្តបន្ទាប់គ្នា។

កញ្ញា​ ម៉េហ្កាន យុង ជា​និស្សិត​​ផ្នែក​ភាពយន្ត មានកំណើត​កើតជា​នៅ​សហរដ្ឋអាមេរិក។ ម៉េហ្កាន បាន​ចាកចេញ​ពី​អាមេរិក​ នៅ​ពេលនាង​មាន​អាយុ​១០ឆ្នាំ។ នាង​ធ្លាប់​សំដែង​កុន​ខ្លះៗដែរ ប៉ុន្តែ​ នាង​ចង់​ក្លាយជា​ផលិតករ​ភាពយន្ត នៅ​ពេល​អនាគត។

​ការ​ប្រកួត​បវរកញ្ញា​​ពិភពលោកឆ្នាំ​២០១៣​នេះ បានប្រព្រឹត្ត​ទៅនៅកោះ​បាលី ​ឥណ្ឌូណេស៊ី។ កោះបាលី ធ្លាប់​បាន​រងការ​វាយប្រហារ​ភេរវកម្ម​ សម្លាប់​មនុស្ស​ជាង​២០០នាក់ កាលពីឆ្នាំ​២០០២។ អាជ្ញាធរ​បានដាក់ពង្រាយ​កងកម្លាំង និង​សត្វឆ្កែ​ជាច្រើន​ក្បាល ដើម្បី​ពង្រឹង​សន្តិសុខ​អោយ​បាន​ខ្ពស់​បំផុត។ អាជ្ញាធរ​មិន​បាន​ជ្រើសយក​​រដ្ឋធានី​ហ្សាកាតា ធ្វើជា​ទីកន្លែង​​ប្រកួត​បវរកញ្ញា​នោះទេ ព្រោះ​ខ្លាច​ក្រុមអ៊ីស្លាម​ជ្រុលនិយម​ រំខានអុកឡុក​ការ​ប្រលង។ កំពង់ផែ​កោះបាលី​ ក៏ត្រូវ​បាន​បិទ​ដំណើរការ​ផងដែរ ដើម្បី​កុំអោយ​បណ្តាជន​អ៊ីស្លាម​ជ្រុលនិយម​ទាំងនេះ ឆ្លង​ចូល​មក​ធ្វើបាតុកម្ម​​ប្រឆាំង​ការ​ប្រកួត​នេះ។

គួរ​រំលឹកថា ឥណ្ឌូណេស៊ី ជា​ប្រទេស​កាន់សាសនា​អ៊ីស្លាម​ ដែល​មាន​ប្រជាជន​​ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក។ កន្លងមក ក្រុមអ៊ីស្លាម​ជ្រុលនិយម​ បាន​​រិះគន់​ការ​ប្រកួត​បវរកញ្ញា​ពិភពលោក ថា​ជា​ការ​ប្រកួត​សំរស់​ស្រីពេស្យា។ បណ្តា​ជន​ជ្រុលនិយម​អ៊ីស្លាម​​នានា​ បាន​គំរាម​កំហែង​ថា នឹង​ធ្វើសកម្មភាព​ប្រឆាំង​​​ការប្រលង​បវរកញ្ញាពិភពលោក​នេះ។

នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដែល​ការប្រកួតបវរកញ្ញា​ពិភព​លោក បាន​បង្ក​ជា​ភាពតានតឹង។ កន្លងមក​ ការប្រកួត​នេះធ្លាប់​បាន​បង្ក​អោយ​មាន​អំពើ​ហិង្សា​ទៀតផង។ បែបយ៉ាង នៅ​ឆ្នាំ​២០០២ ការប្រកួត​ដែល​គ្រោង​ធ្វើ នៅ​ប្រទេស​នីហ្សេរីយ៉ា ត្រូវ​បាន​លើកទៅធ្វើ​នៅ​​អង់គ្លេស​វិញ ដោយសារ​តែ​នីហ្សេរីយ៉ា​ រង​​អំពើ​ហិង្សា​បង្ក​ឡើង​ដោយ​ អ្នកកាន់​សាសនា​អ៊ីស្លាម និង​គ្រិស្តសាសនិក ដែលកាលណោះ អំពើ​ហិង្សា​បាន​​សម្លាប់​មនុស្ស​​​​រាប់រយនាក់៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ