អានតួអត្ថបទ
កម្ពុជា

ក្រសួង​ការ​បរទេស​កម្ពុជា​ព្រមាន​​អ្នក​ការទូត​បរទេស

ក្រោយពី​មាន​សេចក្តីថ្លែង​ការណ៍​របស់​បេសកជន​ការទូត​របស់​អាមេរិក និង​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​រិះគន់​សម័យ​ប្រជុំ​សភា​ដំបូង ​និតិកាល​ទី៥របស់​កម្ពុជា ក្រសួង​ការបរទេស​កម្ពុជា​​បាន​ប្រតិកម្ម​ជា​ផ្លូវការ​ភា្លម ​តប​ទៅ​ឯកអគ្គរដ្ឋទូត​ទាំងនោះ។ ក្រសួង​ការបរទេស​កម្ពុជា​ថ្លែងថា កម្ពុជា​មិនត្រូវ​ការ​អោយ​បេសកជន​ការទូត​ណា​ ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត និង​គាំទ្រ​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ឡើយ។

លោក កុយ គួង អ្នកនំាពាក្យ​ក្រសួង​ការបរទេស​កម្ពុជា
លោក កុយ គួង អ្នកនំាពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

កម្ពុជា​មិនមែន​ជា​រដ្ឋ​ដែល​គ្មាន​ច្បាប់​ទំលាប់​របស់ខ្លួន​នោះ​ឡើយ។ កម្ពុជា​មិនអាច​ទទួល​យក​អាកប្បកិរិយា​ក្រអឺត អួតអាង​របស់​ឯកអគ្គ​រដ្ឋទូត​ប្រទេស​ណាមួយ​នោះទេ។ នេះ​គឺជា​ប្រតិកម្ម​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ដែល​ត្រូវបាន​ផ្សព្វផ្សាយ​តាមរយៈ​សេចក្តីថ្លែងការណ៍​​មួយ​​ កាលពី​ថ្ងៃ​ចន្ទ។ ប្រតិកម្ម​នេះ​ត្រូវបាន​ចេញ​ផ្សាយ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​អត្ថាធិប្បាយ​របស់​ឯក​អគ្គរដ្ឋទូត​អាមេរិក និង​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា។

បេសកជន​ការទូត​ទាំងពីរ​ដែល​បាន​និយាយ​ដោយផ្ទាល់ និង​ដោយ​ប្រយោល មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​របស់​កម្ពុជា និង​មិន​យល់ស្រប​ចំពោះ​ការបើក​សម័យ​ប្រជុំ​សភា​ដំបូង​កាលពី​ថ្ងៃ​ចន្ទ។ ឯកអគ្គរដ្ឋទូត​ទាំងពីរ​ទទូច​អោយ​មាន​ការដោះស្រាយ​បញ្ហា​បោះឆ្នោត និង​អោយ​មាន​ការចូលរួម​ពី​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ ​នៅក្នុង​រដ្ឋសភា។

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បានសរសេរថា កម្ពុជា​មិនត្រូវ​ការ​ការ​ទទួល​ស្គាល់​ណាមួយ​ពី​បេសកជន​ការទូត​របស់​ប្រទេស​ណាមួយ​ ចំពោះ​លទ្ធផល​បោះឆ្នោត និង​ការគាំទ្រ​របស់​ពួកគេ​ចំពោះ​គណបក្ស​នយោបាយ​នៅ​កម្ពុជា​ឡើយ។ ហើយ​ថា បញ្ហា​នៃ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​នោះ ក៏ត្រូវ​ដោះស្រាយ​តាមរយៈ​ស្ថាប័ន​មាន​សមត្ថកិច្ច​របស់​កម្ពុជា​រួចរាល់​អស់​ហើយ​ដែរ។

ទាក់ទង​នឹង​ការ​ពិភាក្សា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ អ្នក​នាំពាក្យ​ក្រសួងការបរទេស​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​បើកទ្វារ​ចំហ​ជានិច្ច​សម្រាប់​ការជជែក​ដោះស្រាយ​បញ្ហា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ។

ដោយ​ឆ្លើយតប​ទៅនឹង​ការ​អត្ថាធិប្បាយ​របស់​អ្នកការទូត​បរទេស ក្រសួង​ការបរទេស​ក៏បាន​និយាយ​រម្លឹក​ឡើងវិញ អំពី​សន្ធិសញ្ញា​ទីក្រុង​វីយ៉េន​ឆ្នាំ​១៩៦១ ​ស្តីអំពី​ទំនាក់ទំនង​ការទូត។ មាត្រា៤១​នៃ​សន្ធិសញ្ញា​នេះ​ចែងថា ដោយ​មិនមាន​ព្យសនកម្ម​ប៉ះពាល់​ដល់​បុព្វសិទ្ធ និង​អភ័យ​ឯក​សិទ្ធ​របស់​ពួកគេ បុគ្គលិក​ទូត​ដែលមាន​បុព្វសិទ្ធ និង​អភ័យ​ឯកសិទ្ធនេះ ត្រូវ​មាន​ភារកិច្ច​គោរព​ច្បាប់ និង​បទបញ្ញត្តិ​របស់​រដ្ឋ​ម្ចាស់ផ្ទះ។ បុគ្គលិក​ទាំងអស់នោះ ​ក៏​មិន​ត្រូវ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​ម្ចាស់ផ្ទះ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ