អានតួអត្ថបទ
រុស្ស៊ី

រុស្ស៊ី​បើក​ធ្វើ​លំហាត់សឹក​ពេញ​មួយ​សប្តាហ៍ នៅ​ប៉ែក​ខាងត្បូង​ប្រទេស​ខ្លួន

លំហាត់សឹក​នេះ មាន​ឈ្មោះ​ថា “កូកាស​ឆ្នាំ២០១២” ដ្បិត​វា​ប្រព្រឹត្ត​ទៅ គឺ​នៅ​តំបន់​ភ្នំកូកាស ប៉ែក​ខាងត្បូង​ប្រទេស​រុស្ស៊ី។ វា​ចាប់​ផ្តើម ថ្ងៃទី១៧ កញ្ញា​នេះ គឺ​ក្រោម​អធិបតីភាព​នៃ​លោក​ប្រធានាធិបតី​ពូទីន​ផ្ទាល់។ រដ្ឋ​ហ្ស៊័កហ្ស៊ី ដែល​ក្លាយ​ជា​សត្រូវ​នឹង​រុស្ស៊ី ដោយ​ខ្លួន​ស្ថិត​នៅ​ជាប់​នឹង​តំបន់​សមយុទ្ធ​នេះ បាន​សំដែង​ទៅ​ហើយ នូវ​ក្តីព្រួយបារម្ភ ក្តីព្រួយបារម្ភ​ដែល​ចែក​រំលែក ទាំង​ដោយ​ពួក​បស្ចិមប្រទេស។

រុស្ស៊ី​បើក​ធ្វើ​លំហាត់សឹក​ពេញ​មួយ​សប្តាហ៍ នៅ​ប៉ែក​ខាងត្បូង​ប្រទេស​ខ្លួន
រុស្ស៊ី​បើក​ធ្វើ​លំហាត់សឹក​ពេញ​មួយ​សប្តាហ៍ នៅ​ប៉ែក​ខាងត្បូង​ប្រទេស​ខ្លួន
ផ្សាយពាណិជ្ជកម្ម

ចូលរួម​ក្នុង​សមយុទ្ធ​នេះ ដែល​នឹង​ពន្យារ​ទៅ​រហូត​ដល់​ថ្ងៃសៅរ៍ ទី២២ កញ្ញា គឺ​មាន​ទាហាន និង​នាយទាហាន ៨.០០០នាក់ រថក្រោះ​ជាង​២០០គ្រឿង កាំភ្លើងធំ ១០០គ្រឿង ព្រម​ទាំង​នាវា​ចំបាំង​ធំតូច ចំនួន​១០គ្រឿង។ សមយុទ្ធ​នឹង​ប្រព្រឹត្ត​ទៅ នៅ​តាម​វាលវង់​ល្បង​ពិសោធ​៤កន្លែង​លើ​ដីគោក ព្រម​ទាំង​​លើ​ផ្ទៃទឹក​សមុទ្រខ្មៅ និង​សមុទ្រ Caspienne។ គោលដៅ គឺ​ដើម្បី​លើក​គុណភាព​នៃ​ការ​ប្រើ​កងទ័ព និង​ការ​ល្បង​មើល​ប្រព័ន្ធ​ស្វ័យប្រវត្ត​ដ៏​ទំនើបៗ ខាង​បញ្ជា និង​គ្រប់គ្រង​កងទ័ព​ក្នុង​លក្ខណៈ​ព្រៃភ្នំ។

ក្រសួង​ការពារជាតិ​រុស្ស៊ី​គូស​បញ្ជាក់​ថា លំហាត់សឹក​ប្រព្រឹត្ត​ទៅ គឺ​តែ​នៅ​លើ​ដែនដី​សហព័ន្ធ​រុស្ស៊ី ដោយ​ដាក់​ឲ្យ​សកម្ម​ក្នុង​សមយុទ្ធ គឹ​តែ​យោធា​រុស្ស៊ី​សុទ្ធសាធ។ មូលហេតុ គឺ​ដើម្បី​រំសាយ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា សមយុទ្ធ​នេះ​អាច​វាត​ទាំង​ទៅ​លើ​ដែនដី​អូសេទី​ខាងត្បូង និង​អាប់ខាហ្ស៊ី​ដែល​ត្រូវ​បាន​រុស្ស៊ី​ទទួល​ស្គាល់​ឯករាជ្យ​ផ្តាច់​ចេញ​ពី​រដ្ឋ​ហ្ស៊័កហ្ស៊ី​កាល​ពី​៤ឆ្នាំ​មុន ហើយ​សព្វថ្ងៃ មាន​អង្គភាព​ទ័ព​រុស្ស៊ី​ឈរជើង​នៅ​ទីនោះ ទាល់​តែ​ត្រូវ​ទីក្រុង Tbilissi ចាត់​ទុក​ជា​ដែនដី​ហ្ស៊័កហ្ស៊ី កាន់កាប់​ដោយ​ទីក្រុង​ម៉ូស្គូ​តែ​ម្តង។

ទោះបី​លំហាត់សឹក​ប្រព្រឹត្ត​ទៅ​តែ​នៅ​លើ​ដែនដី​រុស្ស៊ី​ក្តី ក៏​អាជ្ញាធរ​ហ្ស៊័កហ្ស៊ី​ថ្លែង​ថា សកម្មភាព​ម៉ូស្គូ​គម្រាម​ដល់​អធិបតេយ្យ​រដ្ឋ​នានា នៅ​តំបន់​ភ្នំកូកាស មាន​ហ្ស៊័កហ្ស៊ី​ជា​ដើម។ ប្រមុខ​ការទូត​ហ្ស៊័កហ្ស៊ី លោក Grigol Vashadze បញ្ចេញ​យោបល់​ថា រុស្ស៊ី​តាម​រយៈ​លំហាត់សឹក​នេះ សង្ឃឹម​ធ្វើ​សម្ពាធ​ទៅ​លើ​ស្ថានការណ៍​នយោបាយ​ផ្ទៃក្នុង​ហ្ស៊័កហ្ស៊ី ជា​ទី​ដែល​នៅ​ថ្ងៃទី១ តុលា​ខាង​មុខ ត្រូវ​ប្រព្រឹត្ត​ទៅ ការ​បោះឆ្នោត​រើស​រដ្ឋសភា​នីតិកាលថ្មី។

តបនឹង​សេចក្តី​អំពាវនាវ​របស់​លោក​អគ្គលេខាធិការ​បក្សសម្ព័ន្ធ​អូតង់ Rasmussen សុំ​ឲ្យ​រុស្ស៊ី​ធានា​នូវ​តម្លាភាព​នៃ​សមយុទ្ធ​នេះ តំណាង​អចិន្ត្រៃយ​របស់​រុស្ស៊ី​ប្រចាំ​នៅ​ទីស្តីការ​អូតង់​ក្នុង​ក្រុង Bruxelles លោក Nicolai Korchunov ថ្លែង​ថា ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​ផ្តល់​ទៅ​ហើយ នូវ​ព័ត៌មាន​លំអិត​គ្មាន​សល់​ចន្លោះ​ណា​ទេ អំពី​ភារកិច្ច និង​លក្ខណៈ​នៃ​សមយុទ្ធ ”កូកាស ឆ្នាំ២០១២” នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​រុស្ស៊ី។ ហើយ​សេចក្តីថ្លែងការណ៍​របស់​ពួក​បស្ចិមប្រទេស​ដែល​ថា ហាក់បី​គ្មាន​ព័ត៌មាន​គ្រប់គ្រាន់​អំពី​លំហាត់សឹក​នេះ គឺ​គ្មាន​អ្វី​ជា​សំអាង​ឡើយ។ ចំណែក​អគ្គសេនាធិការដ្ឋាន​កងទ័ព​រុស្ស៊ី​សង្កត់ធ្ងន់​ថា សមយុទ្ធ​នេះ ឥត​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​ផ្ទៃក្នុង​ប្រទេស​ឯ​ទៀត​ឡើយ បូក​ទាំង​នៅ​ហ្ស៊័កហ្ស៊ី​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ