អានតួអត្ថបទ
ចិន

មេដឹកនាំ​ចលនា​បះបោរ​​ប្រឆាំង​រដ្ឋាភិបាល​ចិន សុំ​អាជ្ញាធរ​​ត្រឡប់​ចូល​ស្រុកវិញ​

មេ​ដឹកនាំ​ចលនា​បដិវត្ត​ន៍​និស្សិត​នៅ​ទីលាន Tiananmen និង​មេដឹកនាំ​ចលនា​បះបោរ​ប្រឆាំងក្រុង​ប៉េកាំង​ផ្សេងៗ​ទៀត ដែល​កំពុង​និរទេស​ខ្លួន​នៅ​បរទេស​ បាន​ស្នើ​​ និង​អំពាវនាវ​ទៅ​កាន់​អាជ្ញាធរ​​កាន់​អំណាច​​ សុំ​សិទ្ធិ និង​លទ្ធភាព​ ​​វិល​ត្រឡប់​ចូល​ស្រុក​កំណើត​វិញ។ នេះ​បើ​យោង​តាម​ការ​បោះផ្សាយ​របស់​អង្គការ​ការពារសិទ្ធិមនុស្ស​ Human Rights in China នៅ​ថ្ងៃ​អាទិត្យ​ទី ៨ មេសា ឆ្នាំ​២០១២​នេះ។

កង​រថក្រោះ​ឆេះ​ក្រោយ​ការ​បង្ក្រាប​​និង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ប៉ូលិស និង​ចលនា​និស្សិត​នៅ​​ទីលាន Tiananmen ថ្ងៃ​ទី​៤​មិថុនា ១៩៨៩
កង​រថក្រោះ​ឆេះ​ក្រោយ​ការ​បង្ក្រាប​​និង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ប៉ូលិស និង​ចលនា​និស្សិត​នៅ​​ទីលាន Tiananmen ថ្ងៃ​ទី​៤​មិថុនា ១៩៨៩ AFP/Tommy Cheng
ផ្សាយពាណិជ្ជកម្ម

 

ជាមួយ​នឹង​ការ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​បោះបង់ចោល​ ការ​អនុវត្តន៍នយោ​បាយ​​ចាស់​គំរិល​​ “ហាមឃាត់​មិន​ឱ្យ​ពួក​អ្នក​បះបោរ​ចូល​ស្រុក” មេ​ដឹកនាំ​ចលនា​​និស្សិត​​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​ប្រមុខ​ដឹកនាំ​ចលនា​បដិវត្ត​ន៍​ប្រឆាំង​នឹង​អាជ្ញាធរចិន​​​ជា​ច្រើន​ផ្សេងទៀត មាន​ជា​អាទិ៍តំណាង​ក្រុម​ជនជាតិ​ភាគ​តិច​វួយហ្គួរ បាន​ប្រកាស​ត្រៀម​ខ្លួន​ជា​ស្រេច​នឹង​គោរព​​​គោល​ការណ៍​បើក​ចំហ​នយោបាយ​​របស់​ក្រុង​ប៉េកាំង និង​បាន​បញ្ជាក់​ពីចេតនា​ល្អ-ពិតៗ ចង់​​ចូល​រួម​ដោះស្រាយ​វិបត្តិ​ ជាមួយ​អាជ្ញាធរ​ដោយ​ជាក់ស្តែង។

នៅ​ក្នុង​ចំណោម​មេ​ដឹក​នាំ​សំខាន់ៗ ដែលបាន​​ស្នើ​សុំការ​អនុញ្ញាត​ពី​​​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង លទ្ធភាពអាច​វិល​ចូល​ស្រុកកំណើត​វិញ​នេះ មាន​ម្នាក់​ជា​​តំណាង​មេ​ដឹកនាំ​ចលនា​បដិវត្តន៍​​និស្សិត ​ នៅ​ទីលាន​Tiananmen កាលពី​ឆ្នាំ​១៩៨៩​ គឺ​លោក វង់ ដាន និង​ម្នាក់​ទៀត​ឈ្មោះ​ វូ អើ កៃស្ហ៊ី តំណាង​ឱ្យ​ក្រុម​អ្នក​បះបោរ​វួយហ្គួរ ដែល​កំពុង​និរទេស​ខ្លួន​នៅ​តែវ៉ាន់។

លោក វង់ ដាន ដែល​ពេល​នេះ​បាន​ទទួល​សិទ្ធិ​ជ្រក​កោន​​សហរដ្ឋ​អាមេរិក  ធ្លាប់​បាន​ដឹក​នាំ​ចលនា​កូដ​កម្ម​បង្អត់​អាហារ​ខ្លួន​ឯង​ នៅ​ទីលាន​Tiananmen មុន​កងកម្លាំង​រថក្រោះ​ចិន​ចេញ​កិន​បំបែក និង​កម្ទេច​​បាតុករ​និស្សិត​ស្លាប់​អស់​ជា​ច្រើន​ពាន់​នាក់​នៅ​រវាង​ថ្ងៃ​ទី​៣-៤​មិថុនា ១៩៨៩។ បន្ទាប់​មក​លោក​ត្រូវ​ជាប់​​​ពន្ធនាគារ​​បួន​ឆ្នាំ​នៅ​ឆ្នាំ​១៩៩១ និង​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្តង​ទៀត​នៅ​ឆ្នាំ​១៩៩៦ មុន​នឹងដោះលែង​វិញ​ ព្រោះ​បញ្ហា​សុខភាព នា​ឱកាស​ទស្សនកិច្ច​របស់​ប្រធានាធិបតី ប៊ីល ​គ្លីនតុន នៅ​ប្រទេស​ចិន ឆ្នាំ ១៩៩៨។

សំណើ​សុំ​របស់​ប្រមុខ​ដឹកនាំ​បះបោរ​នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​នាយករដ្ឋមន្ត្រី​​ចិន វេន ជាប៉ាវ ទើប​បាន​លើក​ឡើង​ពី​ភាព​ចាំ​បាច់​ ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​នយោបាយ​​ចិន​ ប៉ុន្តែ​ជា​កំណែ​ទម្រង់​ដែល​មិន​ប៉ះពាល់​ដល់​តួនាទី​ដឹកនាំ​បក្ស៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ