អានតួអត្ថបទ
បារាំង

រឿង​អាស្រូវ​នៃ​ការ​វះកាត់​កែ​​សុដន់

ក្នុង​អត្ថន័យ​ “ការពារ​ប្រសើរ​ជាង​ព្យាបាល” រដ្ឋាភិបាល​បារាំង​បាន​ចេញ​អនុសាសន៍​ នៅ​ថ្ងៃ​សុក្រទី ២៣ ធ្នូ ២០១១​នេះ ឲ្យ​ស្រ្តី​ដែលបាន​ធ្វើ​ការ​វះកាត់​កែសម្រស់ ​បំប៉ោង​​​​សុដន់ ដោយ​ដាក់​ផលិតផល​ស៊ីលីកូន ម៉ាក PIP ត្រឡប់​មក​ជួប​គ្រូពេទ្យ​ ទោះ​គ្មាន​រោគ​សញ្ញា​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ក៏​ដោយ ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ និង​វះយក​ចេញ​វិញ ព្រោះ​ផលិត​ផល​នេះ​បាន​ធ្វើ​ឱ្យ​ស្ត្រី​បារាំង​មួយ​ចំនួន​ជួប​បញ្ហា​សុខភាព​រួច​ទៅ​ហើយ។

ផលិតផល​ស៊ីលីកូន របស់​ក្រុមហ៊ុន PIP ត្រូវ​បាន​បញ្ឈប់​ឲ្យ​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ​នៅ​ឆ្នាំ​២០១០
ផលិតផល​ស៊ីលីកូន របស់​ក្រុមហ៊ុន PIP ត្រូវ​បាន​បញ្ឈប់​ឲ្យ​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ​នៅ​ឆ្នាំ​២០១០ Getty Images/Photodisc/Peter Zeray
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​មាន​រឿង​អាស្រូវ​ស្ត្រី​៨​នាក់ វះកាត់​ពាក់​ផលិតផល​ស៊ីលីកូន ម៉ាក​PIP ដំឡើង​ទំហំ​សុដន់ កើត​រោគ​មហារីក​សុដន់មក ក្រសួង​សុខាភិបាល​បារាំង​បាន​សម្រេច​ចេញ​​​អនុសាសន៍​ ណែ​នាំ​ដល់​​ស្ត្រី​បារាំង​ វះកាត់​ដក​ផលិត​ផល​បំប៉ោង​សុដន់​សប្បនិម្មិត​នេះ​ចេញ​វិញ។

 
នេះ​ជា​សេចក្តី​ណែនាំ ក្នុង​អត្ថន័យ​ “ការពារ​ប្រសើរ​ជាង​ព្យាបាល” ដូច្នេះ​ស្ត្រី​គ្រប់​រូប​ ដែល​បាន​ធ្វើ​ការ​វះកាត់​កែ​សម្រស់​ដើម​ទ្រូង ទាំង​ជាង​បី​ម៉ឺន​នាក់ គួរ​តែ​ ​ទៅ​ជួប​គ្រូពេទ្យ​ប្រចាំ​គ្រួសារ​ ឬ​គ្រូពេទ្យ​ឯកទេស​ តាម​សម្រួល ដើម្បី​ថត​ឆ្លុះ​ និង​ត្រួត​ពិនិត្យ​សុខភាព​សុដន់ ទោះបី​ជា​គ្មាន​ស្លាក​ស្នាម ឬ​រោគ​សញ្ញា​អ្វី​ក៏​ដោយ។

នៅ​ល្ងាច​មិញ អ្នក​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ជាតិ​ផែ្នក​ជំងឺ​មហារីក បាន​​ផ្តល់​របាយ​ការណ៍​ជូន​រដ្ឋាភិបាល​ថា “​នៅ​ពេល​នេះ ពុំ​ទាន់​មាន​អ្វី​បញ្ជាក់ និង​បង្ហាញ​ពី​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​​ខ្លាំង នៃ​​ជំងឺ​មហារីក​ លើ​ស្ត្រី​ពាក់​ផលិតផល​PIP ទេ”។ ប៉ុន្តែ ជា​លើក​ទី​មួយ​​ក្នុង​ប្រវត្តិ​វេជ្ជសាស្ត្រ​កែសម្រស់​បារាំង ដែល​​​មាន​សេចក្តី​សម្រេច​ឲ្យ​វះកាត់​ដក​ចេញ​ដូច្នេះ។ សម្រាប់​រដ្ឋាភិបាល ក៏​ដូច​ជា​អ្នក​ឯកទេស​ពាក់ព័ន្ធ ផលិត​ផល​ស៊ីលីកូន របស់​ក្រុមហ៊ុន​PIP ធ្វើ​ឡើង​ដោយ​សារធាតុ​មិន​សម​ស្រប​តាម​បទដ្ឋាន​វេជ្ជសាស្ត្រ។ ជា​ហ្សែល​ស្អិត ដែល​អាច​បែក​ធ្លាយ ​បង្ក​ឲ្យ​មាន​ការ​រលាក និង​អាច​រាលដាល​ទៅ​ជា​ជំងឺ​មហារីក។

សូម​ជម្រាប​ជូន​ថា​ ផលិត​ផល ស៊ីលីកូន PIP ​ ដាក់​ក្នុង​សុដន់ ដើម្បី​តំឡើង​ដើម​ទ្រូង​នេះ បាន​ទទួល​ការ​ពេញ​និយម​យ៉ាង​ខ្លាំងណាស់នា​ឆ្នាំ​២០០០ ព្រោះ​មាន​តម្លៃ​ថោក និង​ជា​ក្រុមហ៊ុន​ធំ​ទី​បី​នៅ​លើ​ពិភពលោក ខាង​ផ្នែក​កែ​សម្រស់​សុដន់។ គេ​កំពុង​ព្រួយ​បារម្ភ​ថា​  រឿង​អាស្រូវ​នេះ​អាច​នឹង​រាលដាល​កាន់​តែ​ធំ ព្រោះ​ផលិតផល PIP នេះ​ មាន​ធ្វើ​ចរាចរណ៍​ខ្លាំង​ប្រមាណ​៨០% នៅ​បរទេស​ ក្នុង​ប្រទេស​ជាង​៦០ តែ​ត្រូវ​ច្បាប់​បារាំង​រំលាយ​ក្រុមហ៊ុន​ចោល​ បញ្ជូន​ទៅ​តុលាការ​តាំង​ពី​ឆ្នាំ​២០១០ម្ល៉េះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ