ប៉ូលិសម៉ាឡេស៊ីហាមឃាត់បក្សប្រឆាំងមិនអោយបាតុកម្ម
ប៉ូលិសម៉ាឡេស៊ីបានហាមឃាត់បក្សប្រឆាំងរបស់អតីតឧបនាយករដ្ឋមន្ត្រីAnwar Ibrahim ដែលបានបរាជ័យក្នុងការបោះឆ្នោតសភានៅថ្ងៃអាទិត្យកន្លងមក មិនអោយធ្វើបាតុកម្មនៅក្នុងប្រទេស នៅល្ងាចថ្ងៃពុធនេះឡើយ។ ប៉ូលិសបានលើកឡើងថា បាតុកម្មនេះជាបាតុកម្មមិនស្របច្បាប់ ព្រោះបក្សប្រឆាំងមិនបានជូនដំណឹងដល់ប៉ូលិស ១០ថ្ងៃ មុនកាលកំណត់ អោយបានស្របទៅតាមច្បាប់។ ទោះយ៉ាងនេះក្តី សកម្មជនបក្សប្រឆាំងនៅតែគ្រោងជួបជុំគ្នានៅល្ងាចថ្ងៃពុធនេះតាមការគ្រោងទុក ហើយ Anwar Ibrahim នឹងថ្លែងបរិហារអំពីភាពមិនប្រក្រតី ក្នុងពេលបោះឆ្នោតកន្លងមក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៣
យោងតាមប៉ូលិសម៉ាឡេស៊ី បាតុកម្មដែលបក្សប្រឆាំងមានគំរោងធ្វើនៅថ្ងៃពុធនេះ គឺជាបាតុកម្មខុសច្បាប់ទាំងស្រុង ព្រោះបក្សប្រឆាំងមិនបានជូនដំណឹងអំពីគំរោងជួបជុំគ្នានេះ អោយបាន១០ថ្ងៃមុនឡើយ។ ហើយការដង្ហែក្បួនបាតុកម្មដើម្បីបង្កអោយផ្ទុះកំហឹងក្នុងស្រុក គឺជាអំពើដែលខុសច្បាប់សុទ្ធសាធ។
ទោះជាមានការហាមឃាត់យ៉ាងនេះក្តី បក្សប្រឆាំងនៅតែគ្រោងជួបជុំគ្នាដូចការព្រាងទុក នៅល្ងាចថ្ងៃពុធនេះ នៅពហុកីឡាដ្ឋានមួយកន្លែង នៅក្បែរក្រុង Kuala Lumpur។ យោងតាមបក្សប្រឆាំង លោក Anwar Ibrahim ដែលជាមេដឹកនាំបក្សនឹងឡើងពន្យល់សកម្មជនរបស់ខ្លួន អោយបានដឹងអំពីភាពមិនប្រក្រតីដែលបានកើតឡើងក្នុងការបោះឆ្នោតសភាកន្លងមក។ គួររំលឹកឡើងវិញថា បក្សប្រឆាំងដែលមានឈ្មោះថា Pakatan Rayak បានទទួលបរាជ័យក្នុងការបោះឆ្នោតសភា ដោយទទួលបានអាសនៈ ៨៩ អាសនៈ ហើយគណបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រី Najib Razak ទទួលបានអាសនៈចំនួន ១៣៣ ក្នុងចំណោមអាសនៈសរុបនៅសភាចំនួន ២២២។
បក្សប្រឆាំងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតឡើយ។ ដូច្នេះ បក្សប្រឆាំងត្រូវតែបញ្ចេញសកម្មភាពខ្លាំងក្លា ដើម្បីលើកតំកើងអោយមានកំណែទម្រង់ក្នុងការបោះឆ្នោត ក្នុងប្រទេស។ បក្សប្រឆាំងក៏បានប្រាប់ផងដែរថា នឹងបង្ហាញភស្តុតាងបញ្ជាក់ថា ការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យ មានភាពមិនប្រក្រតី។
នៅថ្ងៃពុធនេះដែរ អង្គការឯករាជ្យចំនួនពីរបានចេញផ្សាយនូវរបាយការណ៍មួយចែងថា ការបោះឆ្នោតសភាមានភាពលំអៀង និងមិនប្រក្រតី។ ហើយប្រព័ន្ធនៃការបោះឆ្នោតទៀតសោត នៅមានគុណវិបត្តច្រើន។ ទន្ទឹមនេះដែរ យោងតាមរបាយការណ៍របស់វិទ្យស្ថានដើម្បីប្រជាធិបតេយ្យនិងកិច្ចការសេដ្ឋកិច្ច និងមជ្ឈមណ្ឌលនយោបាយមួយនៅម៉ាឡេស៊ី ការបោះឆ្នោតកាលពីថ្ងៃអាទិត្យគ្មានភាពយុត្តិធម៌នោះទេ។ របាយការណ៍នេះបានលើកឡើងថា ទឹកខ្មៅដែលប្រើសម្គាល់ម្រាមដៃងាយនឹងរលុបបាត់ អាចអោយមនុស្សម្នាក់បោះឆ្នោតបានច្រើនដង។
ដោយឡែក បន្ទាប់ពីមានលទ្ធផលប្រកាសជោគជ័យរបស់បក្សកាន់អំណាច នៅថ្ងៃចន្ទដើមសប្តាហ៍ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak អាយុ៥៩ឆ្នាំ បានឡើងកាន់តំណែងជាផ្លូវការ ដើម្បីបន្តអណត្តិរបស់លោកតទៅទៀត។ គណបក្សកាន់អំណាចបានដឹកនាំប្រទេសអស់រយៈពេលជាង៥៦ឆ្នាំមកហើយ។ តែក្នុងរយៈពេល២៥ឆ្នាំប៉ុណ្ណោះ នៅទ្វីបអាស៊ី គណបក្សកាន់អំណាចបានលើកស្ទួយសេដ្ឋកិច្ចម៉ាឡេស៊ី ធ្វើអោយប្រទេសនេះប្តូរឈ្មោះពីប្រទេសកំពុងអភិវឌ្ឈន៍ មកជាប្រទេសអភិវឌ្ឈន៍មួយដ៏គួរអោយកត់សម្គាល់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ