អានតួអត្ថបទ
កម្ពុជា

អន្តរជាតិ​​ប្រាប់​អោយ​​សាលាក្តី​​ពន្លឿន​​សវនាកា​​រ ក្រោយ​​ការ​​ស្លាប់​​របស់​​​អៀង​​ សារី​​

សហគមន៍​អន្តរជាតិ​អ្នក​ផ្តល់​ជំនួយ​ដល់​សាលាក្តី​ខ្មែរ​ក្រហម និង​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ ​នៅ​ថ្ងៃ​នេះ សម្តែង​ការ​ការ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​ដំណើរ​ស្វែង​រក​យុត្តិធម៌​អោយ​​ដល់​ជនរងគ្រោះ។ ក្រោយ​ពីការ​ស្លាប់​របស់​អៀង សារី សហគមន៍អន្តរជាតិ​ហាក់​កំពុង​ស្តី​បន្ទោសតុលាការ​ពិសេស​នេះ​ថា ​មាន​ដំណើរការ​យឺតយ៉ាវ​ក្នុង​ការ​បញ្ចប់​សវនាការ ខណៈ​ជនជាប់ចោទ​កាន់​តែ​មាន​វ័យ​ចំណាស់។

អៀង សារី អតីត​រដ្ឋមន្ត្រី​ការ​បរទេស​​​ក្នុង​របប​ខ្មែរ​ក្រហម​ នៅ​តុលាការ​កាល​ពី​​ខែ​ មិថុនា​ ឆ្នាំ ២០១១
អៀង សារី អតីត​រដ្ឋមន្ត្រី​ការ​បរទេស​​​ក្នុង​របប​ខ្មែរ​ក្រហម​ នៅ​តុលាការ​កាល​ពី​​ខែ​ មិថុនា​ ឆ្នាំ ២០១១ REUTERS/Mark Peters/
ផ្សាយពាណិជ្ជកម្ម

តុលាការ​ខ្មែរ​ក្រហម​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លំបាក។ វិបត្តិ​ថវិកា​ ជនជាប់ចោទ​អៀង សារី ​បាន​ស្លាប់ និង​បន្ទាប់មក​ សហគមន៍​អន្តរជាតិ​កំពុង​ធ្វើ​សេចក្តី​ថ្លែងការណ៍​ស្តី​បន្ទោស​អំពី​ភាព​យឺតយ៉ាវ​នៅ​ក្នុង​ដំណើរការ​កាត់​ក្តី​អតីត​មេដឹកនាំ​របប​ខ្មែរ​ក្រហម។

ការ​ស្តី​បន្ទោស​ត្រូវបាន​គេ​មើល​ឃើញ ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយ​របស់​ប្រទេស​បារាំង និង​ប្រទេស​ជប៉ុន និង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​លោក ​ស៊ូរិយ៉ា សូបេឌី​ អ្នក​រាយការ​ណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ប្រទេស​ទាំងពីរ​ បារាំងនិង​ជប៉ុន​ ដែល​តំណាង​អោយ​ប្រទេស​អ្នក​ផ្តល់​ជំនួយ​អោយ​សាលាក្តី​នោះ បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​មរណភាព​របស់​ជនជាប់ចោទ​អៀង សារី អតីត​រដ្ឋមន្ត្រី​ការបរទេស​របប​ខ្មែរ​ក្រហម​ ដែល​ជា​មនុស្ស​សំខាន់​មួយ​នៅ​ក្នុង​សំណុំ​រឿង ​០០២​។

ប៉ុន្តែ​តំណាង​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ទាំងពីរ​នេះ​បាន​និយាយថា វា​ជាការ​បន្ទាន់​ជាង​ពេលណាៗ​ទាំងអស់ ​ដែល​តួអង្គ​ពាក់ព័ន្ធ​នានា​នៅក្នុង​អង្គជំនុំជម្រះ​វិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា ត្រូវ​ទទួលខុសត្រូវ​លើ​ភារកិច្ច​របស់ខ្លួន​ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សវនាកា​​រ​កាត់ទោស​ជន​ជាប់ចោទ​ដែល​នៅសល់​ អាច​ដំណើរការបាន​ដោយ​ត្រឹមត្រូវ​មាន​ប្រសិទ្ធភាព និង​លឿន​ទៅមុខ និង​ដើម្បី​ឲ្យ​យុត្តិធម៌​ដែល​គេ​ទន្ទឹងរង់ចាំ​ជា​យូរ​​មកហើយនោះ ​ក្លាយ​ទៅជា​ការពិត​នៅ​​កម្ពុជា។

អ្នក​រាយការណ៍​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក​ ស៊ូរិយ៉ា ស៊ូបេឌី​ ឯណោះ​វិញ​បាន​អំពាវនាវ​ពី​ទីក្រុង​ហ្សឺណែវដល់​គ្រប់​តួអង្គ​ទាំងអស់ រួម​ទាំង​សហគមន៍​អន្តរជាតិ​ទាំងមូល អោយ​ប្តេជ្ញា​ឡើងវិញ​ ក្នុង​ការ​ឧបត្ថម្ភគាំទ្រ​តុលាការ​ខ្មែរ​ក្រហម ​ដើម្បី​តុលាការ​នេះ​អាចបំពេញ​ការងារ​របស់​ខ្លួន​ដោយ​ឯករាជ្យពេញលេញ​បាន។ លោក​ស៊ូបេឌី ​រម្លឹកថា អ្នក​ពាក់ព័ន្ធ​នឹង​តុលាការ​ពិសេស​នេះ​​​កំពុង​ជំពាក់ជនរងគ្រោះ​ដែល​បាន​រួច​ផុត​ពី​ការ​កាប់សម្លាប់​នៃ​របប​ខ្មែរ​ក្រហម ក្រុម​គ្រួសាររបស់​ជន​រងគ្រោះ និង​ជំពាក់​សង្គម​កម្ពុជា​ទាំងមូលដែល​​កំពុង​រងទុក្ខ​ពី​បច្ច័យ​នៃ​របប​ខ្មែរ​ក្រហម ​រហូត​ដល់​សព្វថ្ងៃ​នេះ។ ចំពោះ​លោក​ស៊ូបេឌី ការ​ស្លាប់​របស់​អៀង សារី ​ក្នុង​ដំណាក់កាល​នៃ​ការ​កាត់ក្តី​មានន័យថា គាត់​មិនបាន​ទទួល​ការ​​វិនិច្ឆ័យ​ទោស ​នោះ​ឡើយ។ 

សាលាក្តី​ខ្មែរ​ក្រហម​មិន​បដិសេធ​​រាល់​ការ​រិះគន់​ទាំង​នេះ​ទេ នេះ​បើតាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម លោក​នេត ភក្ត្រា ​នៅ​ថ្ងៃ​នេះ។ ប៉ុន្តែ​អ្នក​នាំពាក្យ​រូប​នេះ ​បាន​ទាញ​ចំណាប់​អារម្មណ៍​​សហគមន៍​អន្តរជាតិ​អោយ​ពិនិត្យមើល​ឡើង​វិញ​ដែរ​​លើ​ការ​ខិតខំ​របស់​សាលាក្តី។ សម្រាប់​លោក​នេត ភក្ត្រា គ្រប់​ដំណាក់កាល​នៅ​ក្នុង​សាលាក្តី​កូនកាត់​មួយនេះ ត្រូវបាន​អនុវត្ត​តាម​នីតិវិធី​ទាំងអស់ ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ដំណើរការ​​​នោះ​ប្រព្រឹត្តិទៅ​ដោយ​ប្រសិទ្ធភាព ឆ្លើយតប​ទៅ​នឹង​ផលប្រយោជន៍​យុត្តិធម៌​របស់​គ្រប់ភាគី។ លោក​នេត ភក្ត្រា ​បញ្ជាក់ថា តុលាការ​មិនចង់​​បាន​ដំណើរ​លឿន​ពេក​ដែល​ធ្វើ​អោយ​មាន​ភាព​ថ្លោះធ្លោយ​នោះ​ឡើយ។

និយាយ​អំពី​សព​របស់​លោក​អៀង សារី ​វិញ។ សាកសព​ត្រូវបាន​បញ្ជូន​ទៅ​ដល់​ផ្ទះ​ធ្វើ​បុណ្យ​ក្នុង​ស្រុក​ម៉ាឡៃ​ហើយ។ លោក​អាង ឧត្តម​ អតីត​សហមេធាវី​ជាតិ​របស់​អៀង សារី ​បាន​ប្រាប់​អោយ​ដឹង​ថា ពិធី​បូជា​សព​លោក​អៀង សារី ​អាច​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​២១ ​មិនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ