អានតួអត្ថបទ
ក្រិក

ទីក្រុងអាថែន​ចង់ចរចា​ផែនការ​ត្បិតត្បៀត​របស់ខ្លួន​ឡើងវិញ​

រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​ក្រិក​ ​ ដែល​ជា​រដ្ឋាភិបាល​ចម្រុះ​ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត​សភា​នៅថ្ងៃទី​១៧​មិថុនា​ឆ្នាំ២០១២​ ​ ហើយ​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ អង់តូនីស​សាម៉ារ៉ាស​ ​ បាន​ទាមទារ​ឲ្យ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI ​និង​សហភាព​អឺរ៉ុប​អនុញ្ញាត​ពេល​វេលា​បន្ថែម​ពីរឆ្នាំទៀត​ ​ ក្នុងការ​អនុវត្តន៍​ផែនការ​ត្បិតត្បៀត​ដែល​ដាក់​បង្ខំ​ដោយ​ម្ចាស់​បំណុល​ទាំងពីរ។

លោក​នាយក​រដ្ឋមន្ត្រី​ក្រិក អង់តូនីស ​សាម៉ារ៉ាស​
លោក​នាយក​រដ្ឋមន្ត្រី​ក្រិក អង់តូនីស ​សាម៉ារ៉ាស​ REUTERS/Yorgos Karahalis
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​នៃ​ប្រទេស​ក្រិក​ចង់​សើរើ​មើល​ឡើងវិញ​នូវ​កិច្ចសន្យា​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​លុបចេញ​នូវ​ការងារ​រដ្ឋការ​ប្រមាណ​១៥០ ០០០កន្លែង​ ​ ​ការ​កាត់​បន្ថយ​ប្រាក់បៀវត្សរ៍​ ​ ហើយនិង​ការ​កាត់​បន្ថយ​ជំនួយ​សង្គម។​ ផែនការ​ជួយ​ប្រទេស​ក្រិក​ទី១​និងទី២​ដែល​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ផែនការ​ត្បិតត្បៀត​ ​ បាន​ធ្វើឲ្យ​សេដ្ឋកិច្ច​ក្រិក​ធ្លាក់​ទៅក្នុង​ស្ថានភាព​ដើរ​ថយក្រោយ​ ​ ធ្វើឲ្យ​អត្រា​នៃ​អ្នកឥត​ការងារ​ធ្វើ​កើនឡើង​ដល់​ទៅ​២៥%​នៃ​ចំនួន​ប្រជាជន​សកម្ម។​ មូលហេតុ​ទាំងនេះហើយ​ដែល​នាំឲ្យ​រដ្ឋាភិបាល​ក្រិក​បញ្ឈប់​ការ​លុបចេញ​នូវ​ការងារ​សាធារណៈ​ ​ ហើយបន្ថែម​ជំនួយ​ឲ្យ​អ្នក​ឥត​ការងារ​ធ្វើ។​ នៅក្នុង​វិស័យ​ឯកជនវិញ​ ​ ប្រាក់ខែ​អប្បបរមា​បាន​ធ្លាក់​ស្រុតចុះ​អស់​ជាង២០%​ ​ ដែល​តម្រូវ​ឲ្យ​និយោជក​និង​និយោជិត​ធ្វើការ​ចរចា​គ្នា​ឡើងវិញ។

 
ចំណែកឯ​ លោក​នាយក​រដ្ឋមន្ត្រី​ក្រិក​ អង់តូនីស​សាម៉ារ៉ាស​វិញ​ ​ បាន​សន្យាថា​នឹង​ធ្វើការ​កាត់​បន្ថយ​ការិយាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ក្រិក​ ​ ហើយ​លោក​ប្រមុខ​រដ្ឋាភិបាល​ក្រិក​ក៏​បាន​ទាមទារ​សុំ​ពេល​វេលា​បន្ថែម​យ៉ាងតិច​ពីរឆ្នាំ​លើស​ការ​គ្រោងទុក​ពី​ពេលមុន​ ​ ពោលគឺ​រហូត​ដល់​ឆ្នាំ២០១៦​ ​ដើម្បី​អនុវត្ត​ផែនការ​ត្បិតត្បៀត​ដែល​ដាក់បង្ខំ​ឲ្យ​អនុវត្ត​ដោយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI ​និង​សហភាព​អឺរ៉ុប។​ មូលហេតុ​គឺ​រដ្ឋាភិបាល​ក្រិក​ពុំចង់​ឲ្យ​វិបត្តិ​សង្គម​នៅ​ប្រទេស​ក្រិក​ធ្លាក់​ចុះ​ដុនដាប​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែមទៀត​ ​ ដោយហេតុតែ​មានការ​លុបចេញ​នូវ​ការងារ​មួយ​ចំនួន​ ​ ហើយនិង​មាន​ការ​កាត់​បន្ថយ​ប្រាក់បៀវត្សរ៍។

ក៏​ប៉ុន្តែ​ទាំងនេះ​ ​ រដ្ឋាភិបាល​ក្រិក​ត្រូវ​ស្នើសុំ​និង​ធ្វើការ​បញ្ចុះ​បញ្ចូល​ឲ្យ​អ្នក​ជំនាញការ​នៃ​សហភាព​អឺរ៉ុប​ ​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI ​ ​ និង​ធនាគារ​កណ្តាល​អឺរ៉ុប​យល់ស្រប​តាមខ្លួន។​ សូមបញ្ជាក់ថា​ ​ នៅថ្ងៃចន្ទ​ស្អែក​អ្នកជំនាញការ​អឺរ៉ុប​និង​រដ្ឋាភិបាល​នៃ​ប្រទេស​ក្រិកត្រូវ​ចាប់​ចរចា​គ្នា​ឡើងវិញ។​ កិច្ចចរចា​ដែលបាន​ស្គាល់​ការ​អាក់ខាន​អស់​រយៈពេល​ពីខែ​មកហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ