អានតួអត្ថបទ
កម្ពុជា​

តុលាការ​ខ្មែរ​ក្រហម​ទទួល​បាន​ជំនួយ​១​លាន​៦​សែន​ដុល្លារ​ទៀត

ប្រទេស​​អង់គ្លេស និង​អៀរឡង់​ខាងជើង​បាន​ប្រកាស​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​១លានផោន ដែល​មាន​តម្លៃ​ប្រមាណ​១​លាន​៦​សែន​ដុល្លារ​បន្ថែម​ទៀត​ដល់​តុលាការ​ខ្មែរ​ក្រហម។ ប៉ុន្តែ​ជំនួយ​នេះ​ត្រូវ​បាន​ផ្តល់​ដល់​ភាគី​អន្តរជាតិ​ប៉ុណ្ណោះ។ មន្ត្រី​សាលាក្តី​ពិសេស​សម្រាប់​កាត់ទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​របប​ខ្មែរក្រហម​បាន​ស្វាគម​ជំនួយ​នេះ ហើយ​បាន​ធ្វើ​អត្ថាធិប្បាយ​ថា​ជំនួយ​នេះ​​ធ្លាក់​មក​ចំ​ពេលវេលា​ដ៏​សំខាន់។

©RFI-ដឺលុច
ផ្សាយពាណិជ្ជកម្ម
01:50

សេចក្តី​រាយការណ៍​របស់ លាង ដឺលុច ពីទីក្រុង​ភ្នំពេញ

អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដែល​គេស្គាល់​ថា ជា​តុលាការ​ខ្មែរក្រហម​នោះ បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​១​លាន​ផោន​ថែម​ទៀត ដែល​មាន​តម្លៃ​ប្រមាណ​១លាន​៦សែន​ដុល្លារ។ នេះជា​ជំនួយ​របស់​រដ្ឋាភិបាល​ប្រទេស​អង់គ្លេស និង​អៀរឡង់​ខាងជើង ដែល​បញ្ជាក់​ថា ជំនួយ​ខាង​លើ​នេះ នឹង​ត្រូវ​ផ្តល់​ទៅ​អោយ​ភាគី​អន្តរជាតិ​នៃ​តុលាការ​នេះ​តែ​ប៉ុណ្ណោះ។ ជំនួយ​ចុងក្រោយ​នេះ បានធ្វើ​អោយ​ទំហំ​នៃ​ជំនួយ​របស់​ចក្រភព​អង់គ្លេស​ចំពោះ​សាលាក្តី​ខ្មែរក្រហម​កើនឡើង​ដល់​៥​លាន​៧​សែន​ដុល្លារ។

            ប្រធាន​រដ្ឋបាល​ស្តីទី លោក​ ក្រាញ់ តូនី និង​អនុប្រធាន​រដ្ឋបាល​នៃ​សាលាក្តី​ខ្មែរ​លោក ឃ្នុត រ៉ូសិនហក​ បាន​អរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរស​របស់​ចក្រភព​អង់គ្លេស ហើយ​ថា​ជំនួយ​នៅ​ពេលនេះ​ត្រូវ​បាន​ធ្វើឡើង​ចំ​ពេលវេលា​ដ៏​សំខាន់ ពោល​គឺ​នៅ​ពេល​ដែល​តុលាការ​ពិសេស​នេះ កំពុង​តែ​ត្រៀម​រៀបចំ​ប្រកាស​សាលដីកា​ចំពោះ​បណ្តឹង​ឧទ្ធរណ៍​របស់​ឌុច និង​នៅ​ចំ​ពេល​ដែល​តុលាការ​នេះ​ចាប់ផ្តើម​សវនាការ​សំណុំ​រឿង​០០២។ សំណុំរឿង​០០២​ដែល​មាន​ជន​ជាប់​ចោទ​ ខៀវ សំផន នួន ជា អៀង សារី និងអៀង ធីរិទ្ធ។

            សម្រាប់​សាលាក្តី​ខ្មែរក្រហម ចក្រភព​អង់គ្លេស គឺ​ជា​ម្ចាស់​ជំនួយ​ដ៏ធំ​មួយ​ក្នុង​ចំណោម​ម្ចាស់​ជំនួយ​ធំៗ​នានា ដែល​បាន​គាំទ្រ​សាលាក្តី​ខ្មែរក្រហម ចាប់​តាំងពី​ការ​កកើត​សាលាក្តី​នេះ​មក។

            កាលពី​ខែ​មករា​កន្លងទៅ ប្រទេស​ជប៉ុន​បាន​សន្យា​ផ្តល់​ជំនួយ​ជាង​១១​លាន​៧​សែន​ដុល្លារ​ដល់​សាលាក្តី​ខ្មែរក្រហម​សម្រាប់​ដំណើរការ​ក្នុងឆ្នាំ​២០១១​នេះ​តែម្តង។ ក្នុងនោះ ៨​លាន​៧​សែន​ដុល្លារ​ត្រូវ​ផ្តល់​អោយ​ហោប៉ៅ​ភាគី​អន្តរជាតិ និង​២​លាន​៩​សែន​ដុល្លារ​សម្រាប់​ហោប៉ៅ​ភាគី​ជាតិ។

            ដើម្បី​​ទ្រទ្រង់​ដំណើរការ​តុលាការ​ចម្រុះ​កាត់ទោស​មេ​ខ្មែរក្រហម​ក្នុងឆ្នាំ​២០១១នេះ ខាង​ភាគី​អង្គការ​សហប្រជាជាតិ ត្រូវ​ការ​ថវិកា​ជាង ៣៥ លាន​ដុល្លារ។ រីឯ​ភាគី​កម្ពុជា ត្រូវការ​ជាង ១០,៥ លាន​ដុល្លារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ