អានតួអត្ថបទ
លីប៊ី

អតីត​រដ្ឋមន្រ្តី​យុត្តិធម៌​លីប៊ី៖ កាដាហ្វី​នឹង​អាច​សម្លាប់​ខ្លួនឯង​ដូច ហ៊ីត្លែ

សហគមន៍​អន្តរជាតិ ជា​ពិសេស​អង្គការ​សហប្រជាជាតិ​បាន​មាន​ប្រតិកម្ម​ជា​បន្តបន្ទាប់ និង​ថ្កោលទោស​ទៅ​លើ​អំពើ​ហិង្សា​ដែល​ក្រុមអ្នកគាំទ្រ​លោក​កាដាហ្វី បាន​ប្រព្រឹត្ត​ទៅ​លើ​ប្រជាជន។ កាលពី​ថ្ងៃ​ពុធ​ទី ២៤ កុម្ភៈ លោក​ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា​ ទើប​បាន​ចេញមុខ​ប្រកាស​ថា ការសម្លាប់​បង្ហូរឈាម​លើ​ប្រជាជន​ស៊ីវិល​លីប៊ី គឺ​ជារឿង​បំពាន​មួយ​ដ៏ធ្ងន់ធ្ងរ និង​មិន​អាច​ទទួល​យក​បានទេ។

មេដឹកនាំ​ផ្តាច់ការ​លីប៊ី លោក​កាដាហ្វី កាន់តែនៅ​ឯកោ នៅ​ក្នុង​រឿង​សម្លាប់​បង្ហូរឈាម​ក្រុម​អ្នកប្រឆាំង
មេដឹកនាំ​ផ្តាច់ការ​លីប៊ី លោក​កាដាហ្វី កាន់តែនៅ​ឯកោ នៅ​ក្នុង​រឿង​សម្លាប់​បង្ហូរឈាម​ក្រុម​អ្នកប្រឆាំង Reuters/Max Rossi
ផ្សាយពាណិជ្ជកម្ម
07:49

បទ​អន្តរាគមន៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

ជា ​លើកទីមួយ​ដែល​លោក​អូបាម៉ា​បាន​ចេញមុខ​ថ្លែង ជា​សាធារណៈ ថា ទុក្ខ​វេទនា និង​ការស្លាប់​ក្នុង​ថ្លុកឈាម​របស់​ប្រជាជន​លីប៊ី គឺជា​រឿង​ មួយ​ដែល​មិន​អាច​ទទួល​យកបាន។ កាលពី​ប៉ុន្មាន​ថ្ងៃ​ក្រោយដែល​​បាតុកម្ម និង​ការបះបោរ បាន​ផ្ទុះ​ឡើង នៅថ្ងៃ​ទី ១៥​កុម្ភៈ នៅ លីប៊ី លោក​អូបាម៉ា​គ្រាន់​តែ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​អំពើហិង្សា និងអំពាវនាវ​ឲ្យ​លោកកាដាហ្វី ធ្វើការ​ឆ្លើបតប​ទៅ​នឹង​ការទាមទារ​របស់​ប្រជាជន​តែប៉ុណ្ណោះ។

នៅ​ក្នុង​ការថ្លែង​នៅ​ថ្ងៃ​ពុធទី   ​ លោក​បារ៉ាក់​អូបាម៉ា​មិន​បាន​និយាយ​រិះគន់​ចំៗ សំដៅ​ឈ្មោះ​លោក​កាដាហ្វី ទេ។ លោក​គ្រាន់​តែ​បាន​និយាយ​ថា ទង្វើ​បង្រ្កាប​ដ៏​បង្ហូរ​ឈាម​របស់​ទាហាន ទៅ​លើ​ប្រជាជន​ដែល​ស្រលាញ់​សេរីភាព គឺ​ជា​រឿង​មួយ​ដែល​ខុសធ្ងន់ធ្ងរ​ប៉ុណ្ណោះ។ ប្រតិកម្ម​របស់​ប្រធានាធិបតី​អាមេរិកាំង នៅពេល​នេះ ធ្វើឡើង​នៅពេល​ដែល​តួលេខ​របស់​ជនរងគ្រោះ​ស្លាប់​ក្នុង​ថ្លុកឈាម បាន​កើនជាង ៦០០​នាក់ នេះ​បើ​តាមអង្គការ​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស។

ក្នុង​ករណី​លីប៊ី អាមេរិក​ហាក់​មាន​ការប្រយ័ត្ន​ប្រយែង មិន​ទាន់ចង់ចេញ​មុខ​ប្រតិកម្ម​អ្វី​ខ្លាំងក្លា ព្រោះ​ចង់ ឬ​មិនចង់ អាមេរិកជា​​អតិថិជន​ដែល​ត្រូវការទិញប្រេង​ពីលោក​កាដាហ្វី។ ប៉ុន្តែ អាមេរិក​ពេល​នេះ បាន​ចេញមុខ​រិះគន់​របបលីប៊ី​បច្ចុប្បន្ន ព្រោះ ទីមួយ តំបន់​ភាគខាងលិច​របស់​លីប៊ី ដែល​សំបូរប្រេង​នោះ ក៏​កំពុង​ធ្លាក់​ក្នុង​កណ្តាប់ដៃ​របស់​ពួកប្រឆាំង​នឹង​លោក​កាដាហ្វី។ ទីពីរ គឺ​អាមេរិក​បាន​ឃើញ​ប្រទេស​គ្រប់គ្នា ជាពិសេស​សហព័ន្ធ​អារ៉ាប់ និង​សហគមន៍​បណ្តា​ប្រទេស​អាហ្វ្រិក ដែល​ធ្លាប់​ជា​សម្ព័ន្ធមិត្ត​របស់​លោក​កាដាហ្វី ចាប់ផ្តើម​បោសដៃ បោះបង់​ចោល​លោក​កាដាហ្វី។

នៅថ្ងៃ​ពុធ ២៣ កុម្ភៈ លោក​អូបាម៉ា​បាន​ថ្លែង​ថា លោក​នឹង​បញ្ជូន​ប្រមុខ​ការទូត​អាមេរិក គឺ​លោកស្រី​ហ៊ីឡារី គ្លីនតុន ឲ្យ​ទៅរដ្ឋមន្រ្តីការបរទេស​របស់​ប្រទេស​សហគមន៍​អឺរ៉ុប នៅ​ចុងសប្តាហ៍នេះ ដើម្បី​ពិភាក្សា​ពី​វិបត្តិ ​នៅលីប៊ី។ លោក​អូបាម៉ា​បញ្ជាក់​ថា តួនាទី​របស់​លោកស្រី​Hillary Clintons ពេលនេះ គឺ​ធានា​យ៉ាងណា ​ឲ្យ​សហគមន៍​អន្តរជាតិ​មាន​សម្លេង​តែមួយ​ទៅ​កាន់​រដ្ឋាភិបាល​របស់​លីប៊ី និង​ប្រជាជន​របស់​ប្រទេស​នេះ។
 

កង​ទាហាបដិវត្តន៍​ដែល​ស្មោះស្ម័គ្រ​នឹង​លោក​កាដាហ្វី ធ្វើ​ព្យុហយាត្រា​រំលឹក​ខួប​បដិវត្ត​ទី ៣៦ នៅ​ទីក្រុង​ទី្រប៉ូលី ក្នុង​ឆ្នាំ ២០០៥
កង​ទាហាបដិវត្តន៍​ដែល​ស្មោះស្ម័គ្រ​នឹង​លោក​កាដាហ្វី ធ្វើ​ព្យុហយាត្រា​រំលឹក​ខួប​បដិវត្ត​ទី ៣៦ នៅ​ទីក្រុង​ទី្រប៉ូលី ក្នុង​ឆ្នាំ ២០០៥ AFP/ STR

ហើយ​បើតាមអាមេរិក គឺ​មាន​តែ​អឺរ៉ុបទេ​ដែល​អាច​ចេញ​បញ្ជា​បិទ​តំបន់​ហោះហើរ​នៅ​ម្តុំ​សមុទ្រ​ មេឌីទែរ៉ាណេ។ ការបិទ​តំបន់​ហោះហើរ នេះ​ក៏ជា​ការទទូច​សុំ​ពី​ក្រុមប្រឆាំង​លីប៊ី​ដែរ ព្រោះ​ក្នុង​អំពើ​ហិង្សា​ប៉ុន្មាន​ថ្ងៃ​នេះ ​លោក​កាដាហ្វី​ប្រើប្រាស់​តំបន់​ហោះហើរ​នោះ ​ប្រហារ​ពី​យន្តហោះ​ទៅ​លើ​ក្រុមអ្នកបះបោរ​នៅ​ភាគខាងលិច​ប្រទេសលីប៊ី។

អំណាច​របស់​លោក​កាដាហ្វី​រហូតមកដល់​ថ្ងៃ​នេះ បាន​រួមថយ។តំបន់ ​ភាគខាងកើត ជាពិសេស​ទីក្រុង​បិនហ្គាហ្ស៊ី ដែល​ជាទីក្រុង​ធំទីពីរ របស់​លីប៊ី និង​ដែល​បាន​ចេញមុខ​បះបោរ​មុនគេ តាំងពីថ្ងៃ​ទី ១៥​កុម្ភៈមក ពេល​នេះ បាន​ធ្លាក់​ក្នុង​ដៃ​របស់​ក្រុមប្រឆាំង។ នៅតំបន់​ភាគខាងកើត ទាហាន​ដែល​កាលពី​ដំបូង​ឡើយ​បាន​ធ្វើការ​បង្ក្រាប​លើ​ហ្វូង​បាតុករ បាន​សម្រេច​បោះចោលអាវុធ លែង​បាញ់ប្រហារ​ទៅ​លើ​ប្រជាជន ទៅតាម​ការបញ្ជា​របស់​អគ្គបញ្ជាការ​ជាតិ។ បន្ទាយ​ទាហាន​ ពេល​នេះ ស្ងាត់ជ្រងំ ឬ​ត្រូវ​កាន់កាប់​ដោយ​ក្រុមអ្នកប្រឆាំង។ ទាហាន​ជាច្រើន​ដែល​បាន​បោះ​​ឯកសណ្ឋាន​ចោល និងដែល​​រត់ចូល​មកគាំទ្រ​ក្រុមប្រឆាំង វិញ បាន​និយាយ​ថា ពួកគេ​ធ្វើ​ដូច្នេះ បន្ទាប់​ពី​បងប្អូន សាច់ញាតិ ឬ​អ្នកជិតខាង​រប៊ស់​ពួកគេ ​​ទាហាន​ស្ម័គ្រស្មោះ និង​ទាហាន​ស៊ីឈ្នួល​របស់​លោក​កាដាហ្វី បាញ់សម្លាប់​នៅ​ទីក្រុង​បិនហ្គាហ្ស៊ី។

នៅតាមផ្លូវ ក្នុង​ទីក្រុង​មួយទៀត គឺ​ទីក្រុង​Tobrouk គេ​ឃើញ​ក្រុមបះបោរ​មាន​កាន់​អាវុធ​របស់​ទាហាន​ក្នុង​ដៃ។ ពួកគេ​ស្រែក​គ្រវី ទង់ជាតិ​ដែល​តំណាង​ឲ្យ​របប​រាជានិយម លិប៊ី ដែល​ត្រូវ​លោក​កាដាហ្វី​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​នៅឆ្នាំ ១៩៦៩។ ក្រោមការគ្រប់គ្រង​របស់​ពួកអ្នកប្រឆាំង តំបន់​ភាគខាងកើត​នេះ​ត្រូវ​បាន​បើកទូលាយ​ ដល់​អ្នកយកព័ត៌មាន​បរទេស ដែល​កន្លងមក​ធ្លាប់​តែ​ត្រូវលោក​កាដាហ្វី ​ហាមឃាត់​មិន​ឲ្យ​មាន​ព័ត៌មាន​លេច​ខ្ចរខ្ចាយ​ទៅក្រៅ។ ប្រជាជន​ស្វាគមន៍​អ្នកកាសែត​ដោយ​ស្រែក​ថា ពីពេលនេះ​ទៅ ពួកគេ​លែង​ជា​ទាសករ​របស់​លោក​កាដាហ្វីទៀតហើយ។

ក្រៅតែ​បាត់បង់​ទឹកដី​គ្រប់គ្រង អំណាច​របស់​លោក​កាដាហ្វី ក៏ត្រូវ​រង្គោះរង្គើមិន​រឹងមាំ ជាពិសេស​នៅ​ពេល​ពួកកុលសម្ព័ន្ធ​លីប៊ី​មួយ​ចំនួន ដែល​រកស៊ី​ខាងប្រេង បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ពួកគេ​លែង​គាំទ្រ​លោក​កាដាហ្វីទៀត ហើយ។ ពួកកុលសម្ព័ន្ធ​ដែល​ធ្លាប់​ធ្វើការ​ជាមួយ​លោក​កាដាហ្វី និយាយ​ថា ពួកគេ​មិន​អាច​នៅ​ឈរមើល​លោក​កាដាហ្វី​ឈរ​បញ្ជា​ឲ្យ​ទាហាន​បរទេស គឺ​ទាហាន​ស៊ីឈ្នួល​អាហ្រ្វិក​បាញ់​សម្លាប់​ប្រជាជន​លីប៊ី ដែល​ជា​សាសន៍​ឯង​នោះទេ។

លោក​កាដាហ្វី ​មិនទាន់​ទាល់ច្រក​ខ្លាំងណាស់ណាមែន ប៉ុន្តែ ការចលនា​លែង​ឈប់​គាំទ្រ​លោក មាន​កាន់តែច្រើន​ឡើង ក្នុង​ចំណោម​អ្នកគាំទ្រ​របស់​លោក លោកកាដាហ្វី​អាច​នឹង​ឈាន​ដល់​ដំណាក់​កាលមួយ​គឺ​ទឹក​ដល់​ច្រមុះ។ បើ​តាម​រដ្ឋមន្រ្តី​យុត្តិធម៌​លីប៊ី​ដែល​បាន​និយាយ​ប្រាប់​អ្នកកាសែត​បរទេស​ នៅ​ថ្ងៃព្រហស្បតិ៍​​នេះ លោក​កាដាហ្វី​អាច​នឹង​ធ្វើ​អត្តឃាត​សំលាប់​ខ្លួន​ឯង ដូចជា​ហ៊ីត្លែ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ