ជប៉ុនប្រុងប្រយ័ត្នខ្ពស់ មួយឆ្នាំក្រោយការដាក់កោះ៣នៅសេនកាគូជាកម្មសិទ្ធិជាតិ
ថ្ងៃពុធទី១១កញ្ញានេះ ជាថ្ងៃខួបមួយឆ្នាំ ដែលជប៉ុនបានដាក់កោះចំនួន៣ នៅប្រជុំកោះសេនកាគូ នៅសមុទ្រចិនខាងកើត អោយក្លាយជាកម្មសិទ្ធិជាតិជប៉ុន។ នៅថ្ងៃខួបមួយឆ្នាំនេះ នាវាល្បាតជប៉ុនបានត្រៀមលក្ខណៈប្រុងប្រយ័ត្នខ្ពស់ ព្រោះថា ប្រជុំកោះសេនកាគូ ក៏ជាដែនកោះដែលចិនដណ្តើមបូរណភាពជាតិចិនផងដែរ។ នៅថ្ងៃពុធនេះ នៅតំបន់ជម្លោះនេះ កប៉ាល់ជប៉ុននិងកប៉ាល់ចិន បានបង្ហាញវត្តមាន នៅប្រកៀកក្បែរៗគ្នា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:២៤
នៅថ្ងៃពុធនេះ ក្នុងឱកាសខួបមួយឆ្នាំ ក្រោយការដាក់កោះចំនួន៣ នៅប្រជុំកោះជម្លោះសេនកាគូ នៅសមុទ្រចិនខាងកើត អោយក្លាយជាកម្មសិទ្ធិជាតិជប៉ុន នាវាល្បាតជប៉ុនបានធ្វើការប្រុងប្រយ័ត្នខ្ពស់ ចំពោះសកម្មភាពជាយថាហេតុណាមួយ ដែលអាចបង្កនៅក្នុងតំបន់ជម្លោះនេះ។ គួររំលឹកថា ប្រជុំកោះសេនកាគូជាដែនជម្លោះដែលចិននិងជប៉ុន បានទាមទារបូរណភាពរៀងៗខ្លួន។
នាវាល្បាតចិនចំនួន៤ បានចូលទៅក្បែរតំបន់ជម្លោះ នៅព្រឹកថ្ងៃពុធនេះ។ កប៉ាល់ជប៉ុនក៏បានបង្ហាញវត្តមានខ្លួន នៅក្បែរនាវាចិនទាំងនោះ ដើម្បីទប់ស្កាត់មិនអោយនាវាចិនចូលមកក្នុងដែនទឹកខ្លួនបាន។ នាវាល្បាតចិនទាំង៤ ស្ថិតក្នុងចំណោមកងនាវាតូចៗចិនចំនួន៨ ដែលបានបរចូលមកកាន់ដែនកោះជម្លោះសេនកាគូ កាលពីថ្ងៃអង្គារម្សិលមិញ។
លោក យូម៉ា មីយ៉ៃកូ ជាអ្នកទទួលខុសត្រូវនាវាល្បាតជប៉ុនមួយរូប បានប្រាប់ថា ប្រទេសមួយ មានសិទ្ធិបណ្តេញនាវាយោធាបរទេស អោយចាកចេញពីដែនទឹកខ្លួនបាន ស្របតាមអនុសញ្ញានៃអង្គការសហប្រជាជាតិ។ ប៉ុន្តែ អនុសញ្ញានេះមិនមានចែងច្បាស់លាស់ អំពីករណីនាវាល្បាតនោះទេ។ ដូច្នេះ ជប៉ុនមិនអាចអនុវត្តអនុសញ្ញានេះ ដើម្បីបណ្តេញនាវាល្បាតចិនបានឡើយ។ ជប៉ុនមានតែប្រើច្បាប់ជាតិខ្លួន សុំអោយនាវាចិនទាំងនោះចាកចេញពីដែនទឹកជប៉ុនតែប៉ុណ្ណោះ។
គួររំលឹកថា កាលពីថ្ងៃ១១កញ្ញា ឆ្នាំ២០១២ ជប៉ុនបានទិញយកកោះចំនួន៣ ក្នុងចំណោមកោះសរុបចំនួន៥ នៅប្រជុំកោះជម្លោះសេនកាគូ ដាក់អោយក្លាយជាកម្មសិទ្ធិជាតិខ្លួន។ តាំងពីពេលនោះ ចិនមានការក្តៅក្រហាយខ្លាំង ហើយបានបញ្ជូននាវាខ្លួន ជាបន្តបន្ទាប់ទៅកាន់ទីនោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ