អានតួអត្ថបទ
ជប៉ុន-រុស្ស៊ី

ជប៉ុន​កោះហៅឯក​អគ្គរាជទូត​របស់ខ្លួន​ប្រចាំ​ម៉ូស្គូ​ឲ្យ​ចូល​ប្រទេស​វិញ

នៅព្រឹកថ្ងៃ​អង្គារ​នេះ ក្រសួងការបរទេស​ជប៉ុន​បាន​សម្រេច​កោះហៅ​ឯក​អគ្គរាជទូត​របស់​ខ្លួន​ប្រចាំ​ទីក្រុង​ម៉ូស្គូ​ឲ្យ​ត្រលប់​ចូលប្រទេស​វិញ។ ជប៉ុន​ហៅ​​ឯក​អគ្គរាជទូត​របស់​ខ្លួន​ចូល​ស្រុកវិញ ដើម្បី​បង្ហាញ​នូវ​ការមិនសប្បាយ​ចិត្តរបស់​ខ្លួន​នឹង​រុស្ស៊ី​ផង និង​ដើម្បី​ចង់ដឹង​លំអិត​ពី​គោលបំណង​ពិតប្រាកដ​នៃ​ទស្សនកិច្ច​របស់​ លោក​មេដវេដេវ ប្រធានាធិបតី​រុស្ស៊ី នៅ​​ប្រជុំកោះ គួរីល កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញផង។

លោក​Masaharu Kono ឯក​អគ្គរាជទូត​ជប៉ុន​ប្រចាំ​ក្រុង​ម៉ូស្គូ
លោក​Masaharu Kono ឯក​អគ្គរាជទូត​ជប៉ុន​ប្រចាំ​ក្រុង​ម៉ូស្គូ ©Reuters
ផ្សាយពាណិជ្ជកម្ម

01:55

សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

ដំណើរ​ទស្សនកិច្ច​របស់​លោក​ មេដវេដេវ (Medvedev) ប្រធានាធិបតី​រុស្ស៊ី នៅ​ប្រជុំកោះ គួរីល កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ធ្វើ​ឲ្យ​ជប៉ុន​អាក់អន់​ស្រពន់​ចិត្ត​មិនតិចទេ។ ភ្លាមៗ រដ្ឋាភិបាល​ជប៉ុន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​តូក្យូ​ឲ្យ​ចូល​បំភ្លឺ​បកស្រាយ​ពី​វត្តមាន​របស់​ប្រធានាធិបតី​រុស្ស៊ី នៅ​លើ​ប្រជុំកោះគួរីល​ដែល​ជប៉ុន​កំពុង​ទាមទារ​យក​មកគ្រប់គ្រង​វិញ។

 
នៅ​ថ្ងៃ​នេះ​ទៀត ក្រសួងការបរទេស​ជប៉ុន​បាន​កោះហៅ​ឯក​អគ្គរាជទូត​របស់​ខ្លួន​ប្រចាំ​ម៉ូស្គូ​ឲ្យ​ត្រលប់ចូល​ប្រទេស​វិញ ជា​បណ្តោះអាសន្ន។ រដ្ឋមន្រ្តី ការបរទេស​ជប៉ុន​លោក Seiji Maehara បាន​ប្រាប់​អ្នកយក​ព័ត៌មាន នៅ ព្រឹកថ្ងៃ​អង្គារ​នេះ​ថា លោក​ចង់​ពិភាក្សា​ជាមួយឯក​អគ្គរាជទូត​របស់​ខ្លួន​ស្តី​ពី​វត្តមាន​របស់​លោក​មេដវេដេវ នៅ​ប្រជុំកោះ គួរីល។
 

ប្រធានាធិបតី​រុស្ស៊ី លោក​មេដវេដេវ​ជា​មេដឹកនាំ​រុស្ស៊ី​ទី​មួយ​ដែលទៅ​ទស្សនា​ប្រជុំ​កោះ​គូរីល ដែល​ទាមទារ​ដោយ​ជប៉ុន​ចាប់តាំងពី​សង្រ្គាម​លោក​លើក​ទី ២
ប្រធានាធិបតី​រុស្ស៊ី លោក​មេដវេដេវ​ជា​មេដឹកនាំ​រុស្ស៊ី​ទី​មួយ​ដែលទៅ​ទស្សនា​ប្រជុំ​កោះ​គូរីល ដែល​ទាមទារ​ដោយ​ជប៉ុន​ចាប់តាំងពី​សង្រ្គាម​លោក​លើក​ទី ២ ©Reuters

ចំណែក​រុស្ស៊ី​វិញ​បាន​និយាយ​តប​ភ្លាម ដោយ​ចាត់ទុក​ប្រតិកម្ម​របស់​ជប៉ុន​ថា ជារឿង​មួយ​ដែល​មិន​អាច​ទទួល​យកបាន។ សម្រាប់រុស្ស៊ី វា​គ្មានរឿង​អ្វី​ដែល​ខុសឆ្គង​ទេ ដែល​ប្រធានាធិបតី​រុស្ស៊ី​ធ្វើ​ទស្សនកិច្ច​នៅ​លើ​កោះ​មួយ​នៃ​ប្រជុំកោះ គួរីល​ដែល​ជា​ទឹកដី​របស់​រុស្ស៊ី។ ម្យ៉ាងទៀត នៅ​ថ្ងៃ​អង្គារ​នេះ រុស្ស៊ី​បាន​ចាត់ទុក​ការកោះហៅ​ឯកអគ្គរាជទូត​ជប៉ុន​ដោយ​ក្រសួងការបរទេស​ជប៉ុន​ថា ជា​រឿង​ធម្មតាមួយ។

សម្រាប់អ្នកវិភាគ​មួយចំនួន​​ជម្លោះ​ដណ្តើមកោះ​​រវាង​រុស្ស៊ី និង​ជប៉ុន ជា​ជម្លោះ​មួយដែល​មិន​ងាយ​នឹង​ដោះស្រាយ​ចេញ​បាន។ ក្នុង​ជម្លោះ​ដណ្តើម​ប្រជុំកោះ​គួរីល រុស្ស៊ី​ធ្លាប់​បាន​យល់ព្រម​ប្រគល់​កោះ ២ ក្នុង​ចំណោម​កោះ​ចំនួន​៤​ដែល​ជប៉ុន​ទាមទារ។ ប៉ុន្តែ​ជប៉ុន​មិនព្រម​ទទួល​យក​សំណើនោះទេ ព្រោះថា កោះ ២​ដែល​រុស្ស៊ី​ព្រមប្រគល់​ឲ្យ តំណាង​ឲ្យ​តែ ៧​ភាគរយ​ប៉ុណ្ណោះ​នៃ​ទឹកដី​ប្រជុំកោះ គួរីល​សរុប។

ក្នុង​រឿង​ជម្លោះ​ទឹកដី​នេះ​ដែរ នាយក​រដ្ឋមន្រ្តី​ជប៉ុន និង​ប្រធានាធិបតី​រុស្ស៊ី​អាច​នឹង​ជួប​​ពិភាក្សា​ទេ្វភាគី នៅ​ក្រៅ​ក្របខ័ណ្ឌ នៃ​កិច្ចប្រជុំ​កំពូល​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ដែល​នឹង​ធ្វើឡើង​នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ខាងមុខ​នេះ។ យោងតាម អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ជប៉ុន ការថ្នាក់ថ្នាំង​ចិត្ត​គ្នា នៅ​ពេលនេះ នឹង​មិន​ធ្វើ​ឲ្យ​រំខាន​ដល់​ជំនួប​រវាង​ថ្នាក់ដឹកនាំ​របស់​ប្រទេស​ទាំងពីរ​ទេ ហើយ​ក៏​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដ៏​សំខាន់​រវាង​ប្រទេស​ទាំងពីរ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ