អានតួអត្ថបទ
ជប៉ុន

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ប្តេជ្ញា​ចិត្ត​​នៅ​បំពេញ​មុខងារ​តទៅ​ទៀត ទោះបី​ជា​មាន​វិបត្តិ​ទំនុក​ទុក​ចិត្ត​ក្តី

លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ Naoto​ Kan​ដែល​ប្រជាប្រិយភាព​បាន​ធ្លាក់​ចុះ​ខ្លាំង​ណាស់​ ​ នៅ​ថ្ងៃ​ចន្ទ​៧​មីនា​នេះ​ បាន​បដិសេធ​នូវ​ការលា​ឈប់​ពី​មុខ​តំណែង​ឬ​ការបោះ​ឆ្នោត​មុន​កំណត់​ពេល​ ​ ទោះ​បី​ជា​បាន​ចុះ​ទន់​ខ្សោយ​មួយ​កំរិត​ទៀត​ ដោយ​ហេតុ​ការលា​ឈប់​ពី​មុខ​តំណែង​នៃ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ប្រកប​ដោយ​ប្រជាប្រិយភាព​ខ្លាំង​ ​មក​ពី​រឿងហិរញ្ញប្បទាន​នយោបាយ​ខុស​ច្បាប់​។​

លោក Seiji Maehara ថ្លែង​សុន្ទរកថា​សុំ​លា​លែង​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​ទី ៦​ មីនា ២០១១
លោក Seiji Maehara ថ្លែង​សុន្ទរកថា​សុំ​លា​លែង​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​ទី ៦​ មីនា ២០១១ Reuters
ផ្សាយពាណិជ្ជកម្ម

02:41

សេចក្តីរាយការណ៍​របស់ វីនស្តុន រតនា

អ្នក​និពន្ធ​វិចារណកថា​នៃ​សារព័ត៌មាន​ជប៉ុន គ្រប់​និន្នាការ​នយោបាយ​គិត​ថា រដ្ឋាភិបាល​ ស្ថិត​នៅ​ក្បែរ​មាត់​ជ្រោះ​ហើយ។ នៅ​ឱកាស​តស៊ូ​មតិ​នៅ​រដ្ឋ​សភា​ ដោយ​រំលឹក​អំពី​ការ​លា​ឈប់​ពីមុខ​​តំណែង​នៃ​លោក​ប្រមុខ​ការទូត​របស់​ខ្លួន Seiji Maehara​ នៅ​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ណាអូតូ កាន់ បាន​បដិសេធ​ជា​ថ្មី​ម្តង​ទៀត​នូវ​ការ​រំលាយ​សភា​អ្នក​តំណាង​រាស្ត្រ ឬ​ក៏​ការ​លា​ឈប់​ពីមុខ​​តំណែង​នៃ​រដ្ឋាភិបាល​គាត់។

ដោយ​រំលឹក​ថា​គាត់​ជា​ប្រមុខ​រដ្ឋាភិបាល​ទី​៥ ក្នុង​រយៈ​ពេល​៥​ឆ្នាំ លោក ណាអូតូ កាន់ ដែល​ត្រូវ​បាន​តែ​ង​តាំង​នៅ​ខែ​មិថុនា​ឆ្នាំ​២០១០ បាន​ថ្លែង​ថា​ “​ខ្ញុំ​គិត​ថា​ជា​ការ​ល្អ​ប្រសើរ​ជាង សំរាប់បណ្តា​ជន​ និង​របប​សភា​របស់​យើង គួរ​តែ​ទុក​ឲ្យ​អ្នក​បោះ​ឆ្នោត​វិនិច្ឆ័យ ប្រសិន​ជា​​ចាំបាច់ត្រូវ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល ​បន្ទាប់​ពីចប់​នីតិកាល​បួន​ឆ្នាំ​មក”។

លោក Maehara​ អាយុ​៤៨​ឆ្នាំ​ ដែល​ឥទ្ធិពល​ និង​កេរ្តិ៍​ឈ្មោះ​កំពុង​តែ​កើន​ឡើង នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​ជប៉ុន ជា​គណបក្ស​កណ្តាល​និយម​លម្អៀង​ទៅ​ខាង​ឆ្វេង បាន​ទទួល​សារភាព​ថា​ បាន​ទទួល​ប្រាក់ ២៥ម៉ឺន​យ៉េន ត្រូវ​ប្រមាណ​ជា​២២៥០អឺរ៉ូ ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​ ពី​ស្ត្រី​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ម្នាក់​ កើត​នៅ​ប្រទេស​ជប៉ុន ប៉ុន្តែ​បាន​រក្សា​ទុក​​សញ្ជាតិ​របស់​ខ្លួន។ ច្បាប់​ជប៉ុន​បាន​ហាម​ប្រាម​មិន​ឲ្យ​ទទួល​យក​ រាល់​វិភាគ​ទាន​នយោបាយ​មក​ពី​អង្គភាព ឬ​ពលរដ្ឋ​បរទេសណា​ម្នាក់។

លោក Maehara​ ត្រូវ​គេ​ចាត់​ទុក​ថា​ប្រហែល​អាច​ត្រូវ​ស្នង​តំណែង​បន្ត​ពី​លោក កាន់ អាយុ​៦៤​ឆ្នាំ​ ក្នុង​ករណី​ដែល​គាត់​ត្រូវ​បង្ខំ​ចិត្ត​លា​ឈប់​ពី​មុខ​តំណែង។

ប្រកប​ដោយ​ប្រជាប្រិយភាព​​ស្រុត​ធ្លាក់​​ចុះ ពុំ​ដល់​២០%​ផង លោក ណាអូតូ កាន់ ត្រូវ​តស៊ូទល់​រដ្ឋ​សភា​បែកបាក់​គ្នា ដើម្បីប៉ុន​ប៉ង​ឲ្យ​ទទួល​យក​កំណែ​ទម្រង់​សេដ្ឋកិច្ច​ និង​សង្គម​កិច្ច​របស់​ខ្លួន។

គណបក្ស​ប្រជាធិបតេយ្យ​ជប៉ុន​ដែល​លែង​ត្រួត​ត្រា​លើ​ព្រឹទ្ធសភា​បាន​ទៀត​ឡើយ ចាប់​ពី​រដូវ​ក្តៅ​ឆ្នាំ​ទៅមក គ្មាន​អាសនៈ​ភាគ​ច្រើន ​ពីរ​ភាគបី​នៅ​សភា​អ្នក​តំណាង​រាស្ត្រ​ដែល នឹង​អនុញ្ញាត​ឲ្យ​ខ្លួន​តម្រូវ​ឲ្យ​គេ​ទទួល​យក​សំណើ​របស់​ខ្លួន​បាន​នោះ​ទេ។

ទិន្នានុប្បវត្តិសេរីនិយម​​ Mainichi Shimbun សរសេរ​ថា រដ្ឋាភិបាលរបស់​លោក កាន់ កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ដ៏​ធំបំផុត​​របស់​ខ្លួន។ គេ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​ ដែល ឬមួយអាច​នាំ​ឲ្យ​ធ្លាក់​រដ្ឋាភិបាល ឬ​មួយ​បណ្តាល​ឲ្យ​អស់​រាជ្យ​នៃគណបក្ស​ប្រជាធិបតេយ្យ​ជប៉ុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ