អានតួអត្ថបទ
អ៊ីរ៉ង់

អ៊ីរ៉ង់​​និង​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ព្រមព្រៀងគ្នា​​លើ​វិធានការ​អនុវត្តន៍​៧ចំនុច​​

នៅថ្ងៃ​អាទិត្យ​នេះ តំណាង​អ៊ីរ៉ង់​​និង​ទីភ្នាក់ងារថាមពល​​​​បរមាណូ​​អន្តរជាតិ​ បាន​ប្រកាស​​ថា​ បានសម្រេច​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ លើ​វិធានការ​អនុវត្តន៍​ផ្នែក​កិច្ចសហប្រតិបត្តិការ​នុយក្លេអ៊ែរ​​៧ចំណុច។ ​ភាគី​ទាំង២​មិនបាន​ប្រាប់​ថា តើ​វិធានការ​៧ចំណុច​នេះ ជាវិធានការ​អ្វី​ពិតប្រាកដ​នោះទេ។ អ៊ីរ៉ង់​កំពុង​​ព្យួរសកម្មភាព​នុយក្លេអ៊ែរ​​​​ សម្រាប់​រយៈពេល​៦ខែ​ ឆ្លើយតប​នឹង​​កិច្ចព្រមព្រៀង​​ក្រុងហ្សឺណែវ ដែល​បាន​ចូលជាធរមាន​កាលពីថ្ងៃ​២០មករា​កន្លងទៅ។

​លោក Reza Najafi តំណាង​អ៊ីរ៉ង់ ក្នុង​កិច្ចពិភាក្សា​ជាមួយ​ទីភ្នាក់ងារ​ថាមពល​​បរមាណូ​អន្តរជាតិ​
​លោក Reza Najafi តំណាង​អ៊ីរ៉ង់ ក្នុង​កិច្ចពិភាក្សា​ជាមួយ​ទីភ្នាក់ងារ​ថាមពល​​បរមាណូ​អន្តរជាតិ​ REUTERS/Heinz-Peter Bader
ផ្សាយពាណិជ្ជកម្ម

វិធានការ​អនុវត្តន៍ទាក់ទង​​កិច្ចសហប្រតិបត្តិការ​នុយក្លេអ៊ែរ ដែល​អ៊ីរ៉ង់​និង​ទីភ្នាក់ងារ​​ថាមពល​បរមាណូ​អន្តរជាតិ​ សម្រេច​បាន​នៅថ្ងៃ​អាទិត្យ​នេះ មាន​៧ចំណុច ហើយ​នឹង​ត្រូវ​អនុវត្ត​​អោយ​បានយ៉ាង​យូរ នៅ​ថ្ងៃ​១៥ឧសភា​ ខាងមុខ​នេះ។ លោក​រេហ្សា ណាចាហ្វ៊ី តំណាង​អ្នកពិភាក្សា​អ៊ីរ៉ង់ និង​លោក​តេរ៉ូ វ៉ាចូរ៉ាន់តា តំណាង​ទីភ្នាក់ងារ​ថាមពលបរមាណូ​​អន្តរជាតិ បានជជែកគ្នា​២ថ្ងៃ​មកហើយ លើ​បញ្ហា​បច្ចេកទេស​និង​ការ​ស្ថាបនា​ មុននឹង​សម្រេច​បាន​កិច្ចព្រមព្រៀង​លើ​វិធានការ​​​អនុវត្តន៍​៧ចំណុច​នេះ។ ​​

ដោយឡែក​ ភាគី​នៃ​កិច្ចពិភាក្សា​ទាំង២មិនបានប្រាប់​ថា តើវិធានការ​​៧ចំណុច​នេះ មាន​បែបផែន​​អ្វី​​ពិតប្រាកដ​នោះទេ។ គេគ្រាន់​តែ​ដឹងថា ​​កិច្ចព្រមព្រៀង​នេះ មិនបានចែង​ថា ​អ្នកជំនាញ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ ​ត្រូវ​ចុះ​ទៅពិនិត្យ​ទីតាំង​​យោធា​​ ប៉ាក់ឈីន ស្ថិត​នៅ​៣០គីឡូម៉ែត្រ ​ភាគខាងត្បូង​ទីក្រុង​តេហេរ៉ង់​នោះទេ។ ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​បាន​សន្និដ្ឋាន​ កាលពី​ឆ្នាំ​២០០៥ ថា​ទីតាំង​យោធា​ប៉ាក់ឈីន​នេះមិនមែន​ជា​កន្លែង​ផលិត​នុយក្លេអ៊ែរ​​នោះទេ។ ប៉ុន្តែ​ នៅឆ្នាំ​២០១២ វិទ្យាស្ថាន​វិទ្យាសាស្ត្រ​និង​សុវត្ថិភាព​​អន្តរជាតិ​របស់​អាមេរិក​ បាន​ចោទអ៊ីរ៉ង់​ថា​ បាន​លាងសម្អាត​សកម្មភាព​នុយក្លេអ៊ែរ​នៅទីនោះ។

គួរបញ្ជាក់ឡើងវិញ​ថា ប្រទេស​លោក​ខាងលិច​និង​អ៊ីស្រាអែល​តែង​សង្ស័យថា ​អ៊ីរ៉ង់​ចង់​ផលិត​គ្រាប់បែក​បរមាណូ​ តាមរយៈ​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​របស់​ខ្លួន។ នៅពេល​នេះ ស្រប​តាម​កិច្ចព្រមព្រៀង​ក្រុងហ្សឺណែវ​លើកដំបូង​ ដែល​អ៊ីរ៉ង់​សម្រេច​បាន​ជាមួយ​ប្រទេស​មហា​អំណាច​​៥+១ កាលពី​ខែ​វិច្ឆិកា សម្រាប់​រយៈពេល​៦ខែ​ អ៊ីរ៉ង់​​​កំពុង​តែ​ព្យួរ​រាល់សកម្មភាព​នុយក្លេអ៊េរ​របស់​ខ្លួន ជាការ​ផ្តោះប្តូរ​ជាមួយ​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​អន្តរជាតិ។ ​

អ៊ីរ៉ង់​និង​ប្រទេស​មហាអំណាច​៥+១ មាន​អាមេរិក ចិន រុស្ស៊ី បារាំង​ អង់គ្លេស និង​អាល្លឺម៉ង់ និង​ជួបពិភាក្សា​គ្នា​ជាថ្មី​ នៅ​ថ្ងៃ​១៨កុម្ភៈខាងមុខ ដើម្បីសម្រេច​អោយបាន​កិច្ចព្រមព្រៀង​ចុងក្រោយ​​​ ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​​អ៊ីរ៉ង់។  នៅថ្ងៃ​អាទិត្យ​នេះដែរ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ បេនយ៉ាមីន នេតានីយ៉ាហ៊ូ បាន​លើកឡើង​ថា ការបន្ធូរបន្ថយ​ទណ្ឌកម្ម​លើអ៊ីរ៉ង់​មានតែ​​​​ជំរុញ​អោយ​អ៊ីរ៉ង់​​បង្កើន​​សកម្មភាព​​ឈ្លានពាន​​ ​​​​នៅលើ​ឆាក​អន្តរជាតិ​តែ​ប៉ុណ្ណោះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ