អានតួអត្ថបទ
អ៊ីរ៉ាក់

អ៊ីរ៉ាក់៖លោកនូរី អាល់ម៉ាលីគី​សុខចិត្ត​ប្រគល់​តំណែង​នាយករដ្ឋមន្រ្តី​ទៅ​ឲ្យ​លោកហៃដា អាបាឌី

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ លោក​នូរី អាល់ម៉ាលី​បាន​យល់ព្រម​បោះបង់​តំណែង​នាយករដ្ឋមន្រ្តី​សម្រាប់​អាណត្តិ​ទី៣។ បន្ទាប់​ពី​បាន​កាន់​តំណែង​ជា​ប្រមុខ​រដ្ឋាភិបាល​រយៈពេល ៨ឆ្នំា​មក លោក​អាល់ម៉ាលីគី​បាន​ទទួល​ស្គាល់​ភាព​បរាជ័យ​របស់​ខ្លួន និង​បាន​ប្រកាស​ឲ្យ​ដឹង​ពី​បំណង​ចង់​គំាទ្រ​អ្នក​ស្នង​តំណែង​ពី​លោក គឺ​លោក​ហៃដា អាបាឌី។ គួរ​រម្លឹក​ជូន​ថា​ក្នុង​រយៈពេល ៥ថ្ងៃ​កន្លង​ទៅ ភាព​តានតឹង​នយោបាយ​បាន​ឡើង​ដល់​កម្រិត​កំពូល​ជាមួយ​នឹង​ការ​បន្ត​តោង​អំណាច​របស់​លោក​អាល់ម៉ាលីគី។

លោកនូរី អាល់ម៉ាលីគី​សុខចិត្ត​ប្រគល់​តំណែង​នាយករដ្ឋមន្រ្តី​ទៅ​ឲ្យ​លោកហៃដា អាបាឌី
លោកនូរី អាល់ម៉ាលីគី​សុខចិត្ត​ប្រគល់​តំណែង​នាយករដ្ឋមន្រ្តី​ទៅ​ឲ្យ​លោកហៃដា អាបាឌី REUTERS/Ahmed Jadallah
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​បាន​កាន់​តំណែង​ប្រមុខ​រដ្ឋាភិបាល​អ៊ីរ៉ាក់​អស់​រយៈពេល ៨ឆ្នំា​កន្លង​មក លោក​នូរី អាល់ម៉ាលីគី​ហាក់​ដូច​ជា​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ប្រគល់​កៅអី​នាយករដ្ឋមន្រ្តី​ទៅ​ឲ្យ​លោក​ហៃដា អាបាឌី​នោះ​ទេ។ គ្មាន​ជម្រើស​ក៏​ដោយសារ​ថា អតីត​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់​រូប​នេះ​បាន​បាត់បង់​ការ​គំាទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ទំាង​អស់។ លោក​អាល់ម៉ាលីគី​ត្រូវ​បាន​ក្រុម​អតីត​សម្ព័ន្ធមិត្ត​លោកខាងលិច​បញ្ឈប់​ការ​គំាទ្រ មជ្ឈដ្ឋាននយោបាយជាតិ​មួយ​ភាគ​ធំ​ក៏​លែង​ត្រូវ​ការ​រូបលោក ចំណែក​ប្រទេស​មួយ​ចំនួន​ធំ​នៅ​ក្នុង​តំបន់​ក៏​បាន​ង្វែរ​ការ​គំាទ្រ​របស់​ខ្លួន​ចំពោះ​លោក​នាយករដ្ឋមន្រ្តី​ថ្មី​ហៃដា អាបាឌី​ដែរ។ ដូច្នេះ​ចង់ ឬ​មិន​ចង់ លោក​អាល់ម៉ាលីគី​បាន​បង្ខំ​ចិត្ត​ដើរ​ចេញ​ដោយ​ខ្លួន​ឯង។ « ខ្ញុំ​សូម​ប្រកាស​ពី​ការ​ដក​ខ្លួន​ចេញ​ដោយ​ទុក​កន្លែង​ឲ្យ​លោក​ហៃដា អាបាឌី » នេះ​ជា​ការ​ប្រកាស​របស់​លោក​អាល់ម៉ាលីគី​តាម​កញ្ជក់​ទូរទស្សន៍​នៅ​យប់​មិញ។

គួរ​ជម្រាប​ជូន​ថា អស់​ជា​ច្រើន​ខែ​កន្លង​មក​ហើយ​ដែល​លោក​នូរី អាល់ម៉ាលីគី​បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​ដុនដាប​ខ្លំាង​នា​ពេល​នេះ ពិសេស​ការ​ប្រកាន់​យក​នយោបាយ​កំចាត់​ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុយនីត និង​ការ​ប្រើ​អំណាច​ផ្តាច់ការ។ ក៏​ប៉ុន្តែ លោក​អាល់ម៉ាលីគី​បាន​ព្យាយាម​តោនអំណាច​ដោយ​បាន​ប្រើ​គ្រប់​មធ្យោបាយ​ទំាង​អស់។ ដំបូង លោក​អាល់ម៉ាលីគី​បាន​ប្តឹង​លោក​ប្រធានាធិបតី និង​អ្នក​ស្នងតំណែង​ពី​លោក​ពី​បទ​បាន​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ។ បន្ទាប់​មក លោក​ថែម​ទំាង​បាន​ដាក់​ពង្រាយ​កម្លំាង​ទ័ព​ក្នុង​ទីក្រុង​បាកដាដ​ក្នុង​បំណង​គំរាម​គូបដិបក្ខ​របស់​ខ្លួន។

តែ​នៅ​ទីបំផុត គឺ​រូបលោក​នូរី អាល់ម៉ាលីគី​ដដែល​នេះ​បែរ​ជា​សុខចិត្ត​ចុះចាញ់ និង​ថែមទំាង​បាន​ប្រកាស​ឲ្យ​ដឹង​ពី​បំណង​ចង់​គំាទ្រ​លោក​ហៃដា អាបាឌី​ទៅ​វិញ។ លោក​ហៃដា អាបាឌី​ដែល​ធ្លាប់​ជា​ដៃគូ​នយោបាយ​របស់​លោក។ ដូច្នេះ​ចាប់​ពី​ពេល​នេះ​ត​ទៅ លោក​នាយករដ្ឋមន្រ្តី​ថ្មី​ត្រូវ​រួសរាន់​រៀបចំ​រដ្ឋាភិបាល​ឯកភាពជាតិ​មួយ​ដែល​ជា​ការ​ចង់​បាន​របស់​សហគមន៍​អន្តរជាតិ និង​ព្យាយាម​ទប់ស្កាត់​ការ​វាយប្រហារ​របស់​ពួក​ជីហាត​នា​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ