អានតួអត្ថបទ
កម្ពុជា

មជ្ឈ​មណ្ឌល​​សិទ្ធ​មនុស្ស​​ព្រួយ​បារម្ភ​ពី​​អតុល្យ​ភាព​​តំណាង​រាស្ត្រ​​ស្ត្រី​​

នៅ​ថ្ងៃទី​១០កញ្ញា​នេះ ម​ជ្ឃ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា CCHR បាន​ចេញ​សេចក្តី​ថ្លែងការណ៍​​មួយ ​​សម្តែង​ក្តីបារម្ភ​ចំពោះ​ភាគ​រយ​របស់​អ្នក​តំណាង​រាស្ត្រ​ស្ត្រី នៅ​ក្នុង​រដ្ឋ​សភា នីតិ​កាល​ទី​៥នេះ។ ការ​ព្រួយ​បារម្ភ​នេះ ក៏​ព្រោះ​តែ​ភាគ​រយ​របស់​តំណាង​រាស្ត្រ​ស្ត្រី បាន​ថយ​ចុះ​ជាង​សម័យ​​​បង្កើត​រដ្ឋ​សភា​ នៅ​ក្នុង​អណ​ត្តិ​ទី៤។

​លោកស្រី មួរ សុខហួរ បេក្ខភាព​តំណាង​រាស្ត្ររបស់​គណបក្ស​សង្គ្រោះជាតិ។
​លោកស្រី មួរ សុខហួរ បេក្ខភាព​តំណាង​រាស្ត្ររបស់​គណបក្ស​សង្គ្រោះជាតិ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លទ្ធផល​ផ្លូវ​ការដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) កាល​ពី​​ថ្ងៃទី​០៨កញ្ញា ឆ្នាំ​២០១៣ បាន​បង្ហាញថា តំណាងរាស្ត្រ​ជា​ស្ត្រី​មានតែ ២០,៣៣ ភាគ​រយ ឬ​​ស្មើនឹង​ចំនួន​អាសនៈ ២៥ ក្នុងចំណោម ១២៣អាសនៈ​ ក្នុង​រដ្ឋសភា តែប៉ុណ្ណោះ។

សេចក្តី​ថ្លែង​ការណ៍​រប​ស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ឲ្យ​ដឹងថា គណបក្ស​ជាប់​ឆ្នោត​ធំៗ​​ទាំង២ គឺ​ទាំង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន​អ្នក​តំណាង​រាស្ត្រ​​ស្ត្រី តិចជាង​ចំនួន​អ្នកតំណាងរាស្ត្រ​បុរស​យ៉ាងច្រើន។ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួល​បាន ៦៨អាសនៈ មានតែ១៨អាសនៈ​ប៉ុណ្ណោះ ​ដែលជា​របស់​អ្នកតំណាងរាស្ត្រ​ស្ត្រី ឬ​ស្មើ​នឹង​ជាង​២៦ ភាគរយ។ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល បាន ៥៥អាសនៈ  មាន​តែ​៧​អាសនៈ​ប៉ុណ្ណោះ​ ដែលជា​របស់​តំណាងរាស្ត្រ​ស្ត្រី ដែល​ស្មើនឹង​ជាង ១២ ភាគរយ។

ចំនួន​​នេះ បានធ្វើ​ឲ្យ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា យល់ថា​នៅតែ​បង្ហាញ​ពី​កង្វះ​ឆន្ទៈ​នយោបាយ​ និង​គំនិត​ផ្តួចផ្តើម​នានា ដើម្បី​បង្កើន​ចំនួន​តំណាង​រា​ស្ត្រី​នៅ​គ្រប់​ជួរ​លំដាប់ថ្នាក់​របស់រ​ដ្ឋា​ភិ​បាល។ រាជរដ្ឋាភិបាល​កម្ពុជា កន្លងមក ​បាន​ប្តេជ្ញា​សម្រេច​ឲ្យ​បាន​តំណាង​ស្ត្រី នៅ​ថ្នាក់​ជាតិ ឲ្យ​បាន​៣០ភាគរយ នៅ​ឆ្នាំ ២០១៥។ ប៉ុន្តែ ប្រសិនបើ​លទ្ធផល​បោះឆ្នោត​នៃ​ការ​ជ្រើស​តាំង​តំណាងរាស្ត្រ​នេះ បានបង្ហាញ​ដូច្នេះ មានន័យថា រដ្ឋាភិបាល​មិនអាច​សម្រេច​អ្វី​ដែលជា​គោលដៅ​តម្លាភាព​យែ​ន​ឌ័​រ​បាន​នោះទេ។

ថ្លែង​នៅ​ក្នុង​លិខិត​នោះ លោកស្រី ជរ ច័ន្ទ​ធីតា មន្ត្រី​សម្របសម្រួល​គម្រោង​លើកស្ទួយ​សមាសភាព​​ស្ត្រី​ក្នុង​វិស័យ​នយោបាយ បាន​និយាយថា វា​ជាការ​ខកចិត្ត​មួយ ដែល​ចំនួន​ស្ត្រី​ក្នុង​​ឆាកនយោបាយ​មាន​ចំនួន​តិច​ដូច្នេះ។ ហើយ​វា​ក៏​ជា​សញ្ញា​បង្ហាញថា ការអនុវត្ត​ន៍​យេនឌ័រ​នៅ​​កម្ពុជា មិនមាន​តុល្យភាព​គ្រប់គ្រាន់​ផងដែរ។

គួរ​បញ្ជាក់​ថា នៅក្នុង​នីតិកាល​ទី​៤​នៃ​រដ្ឋសភា ចំនួន​ស្ត្រី​ជា​អ្នកតំណាងរាស្ត្រ មាន​ចំនួន ២២ភាគរយ ក្នុងចំណោម​ចំនួន​អាសនៈ​ទាំង ១២៣ ហើយ​នៅក្នុង​នីតិកាល​ទី៥នេះ ចំនួន​ស្ត្រី មាន​ការ​ថយចុះ ១,៦៧ភាគ​រយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ