អានតួអត្ថបទ
ឥណ្ឌា

លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា ម៉ាន់ មហាន់ស៊ីង​រុះរើ​សមាសភាព​សមាជិក​រដ្ឋាភិបាល

នៅ​ប្រទេស​ឥណ្ឌា ការ​ប្រកាស​រុះរើ​សមាសភាព​សមាជិក​រដ្ឋាភិបាល​ត្រូវ​បាន​គេ​រង់ចំា​តំាង​ពី ៦ខែ​មក​ម្ល៉េះ។ តែ​គឺ​ទើប​នៅ​ថ្ងៃ​អាទិត្យ ទី២៨ តុលា​ម្សិលមិញ​ទេ ដែល​លោក​នាយករដ្ឋមន្រ្តី ម៉ាន់ មហាន់ស៊ីង​បាន​ប្រកាស​ពី​ការ​ដោះដូរ​សមាជិក​រដ្ឋាភិបាល​ប្រមាណ​ជា ១ភាគ៣។ អ្វី​ជា​ការ​កត់សម្គាល់ ការ​រុះរើ​សមាសភាព​សមាជិក​រដ្ឋាភិបាល​ពេល​នេះ​បាន​ធ្វើ​ឡើង នៅ​មួយ​ឆ្នំា​មុន​ការ​រៀបចំ​បោះឆ្នោត​សភា​នា​ឆ្នំា ២០១៤ និង​ចំ​ពេល​ដែល​រដ្ឋាភិបាល​កំពុង​ធ្លាក់​ប្រជាប្រិយភាព​ដោយសារ​កំណើន​សេដ្ឋកិច្ច​ថយចុះ និង​ការ​ផ្ទុះ​ឡើង​នូវ​រឿង​អាស្រូវ​ពុករលួយ​មួយ​ចំនួន។

លោក​នាយករដ្ឋមន្រ្តីឥណ្ឌា ម៉ាន់ មហាន់ស៊ីង​
លោក​នាយករដ្ឋមន្រ្តីឥណ្ឌា ម៉ាន់ មហាន់ស៊ីង​ REUTERS/Danish Siddiqui
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​មួយ​នឹង​ឥស្សរជន​វ័យក្មេង មាន​បទពិសោធន៍ និង​មាន​សមត្ថភាព​ខ្ពស់ ដែល​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា ម៉ាន់ មហាន់ស៊ីង​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ដោះដូរ​សមាជិក​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋាភិបាល​របស់​លោក។ ជា​សរុប មាន​រដ្ឋមន្រ្តី​មិន​តិច​ជាង ៧នាក់ និង​រដ្ឋលេខាធិការ​ចំនួន ១៥រូប​ត្រូវ​បាន​ប្តូរ​ចេញ ពិសេស​នៅ​ក្នុង​ក្រសួង​យុត្តិធម៌ ក្រសួង​ការបរទេស ឬ​មួយ​ក៏​ក្រសួង​ប្រេងឥន្ធនៈ។

តាម​រយៈ​កាយវិការ​នេះ លោក​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ចាក់​បញ្ចូល​ឈាម​ថ្មី​ទៅ​ក្នុង​ប្រព័ន្ធ​សរសៃ​ឈាម​របស់​រដ្ឋាភិបាល​លោក ដោយ​​ដាក់​បញ្ជូល​ឥស្សរជន​នយោបាយ​វ័យក្មេង។ គោលដៅ​របស់​លោក ម៉ាន់ មហាន់ស៊ីង គឺ​ពង្រឹង​គណបក្ស​សមាជ​របស់​លោក​ដែល​កំពុង​កាន់​អំណាច និង​ដៃគូ​សម្ព័ន្ធមិត្ត​នៅ​ក្នុង​រដ្ឋាភិបាល​ដើម្បី​ការ​បោះឆ្នោត​សភា​នៅ​ឆ្នំា ២០១៤ ខាង​មុខ។

ទន្ទឹម​គ្នា​នេះ លោក ម៉ាន់ មហាន់ស៊ីង​បាន​ប្រកាស​ឲ្យ​ដឹង​ថា ការ​រុះរើ​សមាសភាព​សមាជិក​រដ្ឋាភិបាល​ពេល​នេះ គឺ​ជា​លើក​ចុង​ក្រោយ មុន​នឹង​ការ​បោះឆ្នោត​សភា​នៅ​ឆ្នំា ២០១៤។ សម្រាប់​លោក​នាយករដ្ឋមន្រ្តី គណបក្ស​កាន់​អំណាច​របស់​លោក​ត្រូវ​ការ​ពង្រឹង​បន្ថែម​ដើម្បី​លើក​ឡើង​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ដោះស្រាយ​ឲ្យ​ខាន​តែ​បាន។

ភ្លាមៗ គណបក្ស BJP ដែល​ជា​គណបក្សប្រឆំាង​ធំ​ជាង​គេ​បាន​ចេញ​មុខ​ទិតៀន​ការ​សម្រេច​ដោះដូរ​សមាជិក​រដ្ឋាភិបាល​របស់​លោក ម៉ាន់ មហាន់ស៊ីង ដោយ​ពួក​គេ​ចាត់​ទុក​ការ​រុះរើ​នេះ ថា​ជា​ការ​ប៉ុនប៉ង​របស់​គណបក្ស​សមាជ​ក្នុង​ការ​កែប្រែ​មុខមាត់ និង​លើក​ស្ទួយ​ប្រជាប្រិយភាព​របស់​គណបក្ស​ឡើង​វិញ។

សូមរម្លឹក​ជូន​ថា គណបក្ស​សមាជ​របស់​លោកស្រី Sonia Gandhi ធ្លាប់​មាន​រឿងអាស្រូវ​ជា​ច្រើន និង​ជាប់ចោទ​ពី​បទប្រព្រឹត្តិ​អំពើពុករលួយ​តំាង​ពី​ការ​ជាប់ឆ្នោត​ជាថ្មី​របស់​លោកស្រី​ក្នុង​ឆ្នំា ២០០៩។ រឿងអាស្រូវ​ចុងក្រោយ​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ខុសច្បាប់​លើ​អាជីវកម្ម​អណ្តូង​ធ្យូងថ្ម។

យ៉ាង​ណា​ក៏​ដោយ និង​អ្វី​ជា​ការ​កត់សម្គាល់ ការ​ដាក់​បញ្ចូល​រដ្ឋមន្រ្តី​វ័យក្មេង​ទៅ​ក្នុង​រដ្ឋាភិបាល​នា​ពេល​នេះ មិន​ប្រាកដ​ថា​នឹង​អាច​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​ទទួល​បាន​ជ័យជំនះ​នា​ការ​បោះឆ្នោត​សភា​នា​ឆ្នំា ២០១៤ ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ