អានតួអត្ថបទ
កម្ពុជា

សព​លោក​អៀង ​សារី​ត្រូវ​បូជា​យប់​ថ្ងៃ​២១​មីនា​នេះ​

សព​របស់​លោក​អៀង សារី​នឹង​ត្រូវ​បានបូជា​តាម​ប្រពៃណី​កាល​ពី​វេលាម៉ោង​៦កន្លះ​អម្បិញមិញ​នេះនៅ​ក្នុង​ទីធា្ល​អតី​តផ្ទះ​របស់​លោក​នៅ​ក្នុង​ភូមិ​ដូង ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ​ខេត្ត​បន្ទាយ​មានជ័យ ញាតិ​មិត្ត​ជិតឆ្ងាយរបស់លោក​អៀង សារី​ជា​ច្រើនរយ​នាក់ ព្រម​ទាំង​ជនជាតិ​ថៃ​ខ្លះ​ទៀត​ផង​​​បាន​ចូលរួម​ក្នុង​ពិធីបូជា​សព​ដែលគេធ្វើ​នៅ​លើ​មេនយ៉ាងធំ។

លោក អៀងសារី
លោក អៀងសារី RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​តម្កល់​សាសព​សម្រាប់​ធ្វើ​បុណ្យ​រយៈពេល​១សប្តាហ៍​មក សាកសព​លោក​អៀង សារី​ត្រូវ​រំកិល​​មក​ដាក់​លើមេន​កាល​ពី​រសៀលថ្ងៃ​ព្រហស្បតិ៍​ទី​២១​មិនានេះ ដើម្បី​រៀបចំ​ពិធី​បូជា​ដែល​បាន​ប្រព្រឹត្តិទៅ​កាល​ពី​វេលាម៉ោង​ជិត​៧​យប់នេះ។

នៅ​ថ្ងៃ​នេះ មនុស្សម្នា​ សាច់ញាតិ មិត្តភក្តិ​ជិតឆ្ងាយរបស់​លោក​អៀង សារី​បាន​មកជួបជុំ​គ្នា​ជា​បន្តបន្ទាប់​នៅ​ក្នុងទីធ្លា​ផ្ទះបុណ្យ​នៅ​ក្នុង​ភូមិ​ដូង ឃុំ ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មានជ័យ ដែល​នៅ​ជាប់​នឹង​ព្រំដែន​ជាមួយ​ប្រទេស​ថៃ។ នេះ​បើតាម​ការ​រៀបរាប់​របស់​អ្នកសារព័ត៌មាន​ដែល​កំពុង​ស្ថិតនៅ​ក្នុង​ពិធី​បុណ្យបូជា​សព​លោក​អៀង សារី​នោះ។

លោកញែម អេន​ដែល​ជា​អតីត​អ្នក​ថតរូប​ក្នុង​សម័យ​ក្រហមក៏​កំពុង​ស្ថិត​នៅ​ក្នុងពិធី​បុណ្យ​នោះ​ជាច្រើន​ថ្ងៃ​មក​ហើយដែរ ក្នុង​នាម​ជាអ្នកថតរូប​ទៀត។ លោក​ញែម អេន​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​នេះថា អតីត​ថ្នាក់ដឹកនាំ​ និង​កងទ័ព​ខ្មែរ​ក្រហម​ជាច្រើន មកពី​ប៉ៃលិន សំឡូត សំពៅលូន ភ្នំព្រឹក អន្លង់វែង​ជាដើម​បាន​ចូលរួម​ក្នុងពិធី​បុណ្យ​សព​នេះ ដែល​កំពុង​រៀប​ចំ​​ធ្វើ​នៅ​ក្នុង​អតីត​ផ្ទះ​របស់​លោក​អៀង សារី។

លោក​ញែម អេន​បញ្ជាក់ថា ទីនេះ​ហើយ​ជា​អនុស្សាវរីយ៍​របស់​លោក​អៀង សារី​តាំង​តែ​ឆ្នាំ​ដើម​ទស្សវត្សរ​៨០​មក​ម្លេះ។ លោកអៀង វុធ​ កូនប្រុស​របស់​លោកអៀង សារី​បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​កាល​ពីសប្តាហ៍​មុន​ថា ការ​រៀបចំ​ពិធី​បុណ្យ​សព​របស់​ឪពុក​លោក​នៅ​ក្នុង​ស្រុក​ម៉ាឡៃ​នេះ គឺ​ជា​ការ​ធ្វើ​តាម​បណ្តាំ​របស់​ឪពុក​របស់​លោក។

អ្នកកាសែត​ជាតិ​និង​អន្តរជាតិ​យ៉ាងហោចណាស់​៣០​នាក់កំពុង​តែ​យក​ព័ត៌មាន​នៅ​ក្នុង​ពិធី​បូជា​សព​នេះ។ ពួកគេ​បាន​ប្រាប់​អោយដឹងថា លោកស្រី​អៀង ធីរិទ្ធ​ដែល​ជា​ភរិយា​របស់​លោក​អៀង សារី ហើយដែល​មាន​ជំងឺ​បាត់ការ​ចងចាំ​ហើយ​នោះ ទើបតែ​មានវត្តមាននៅផ្ទះបុណ្យ​សព។ យោងតាម​ការ​ផ្សព្វផ្សាយ​របស់​គេហទំព័រ​ភ្នំពេញប៉ុស្តិ៍នៅ​ថ្ងៃ​នេះ នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​គ្រួសារ​លោកអៀង សារី​បាន​រៀបចំពិធី​រាប់បាត្រ​ព្រះសង្ឃ​៨៩អង្គដើម្បី​ឧទ្ធិសកុសល​ដល់​វិញ្ញានក្ខន្ធ​លោក​អៀង សារី​ផង​ដែរ។

អ្នកកាសែត​ដែល​មាន​វត្តមាននៅ​ក្នុង​ពិធី​បុណ្យ​សព​លោក​អៀង សារី​បាន​អះអាងថា ពួកគេ​ពិបាក​ទទួល​បាន​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​របស់​លោក​អៀង សារី​ដែល​មិន​ចង់​និយាយ​ជាមួយ​អ្នកកាសែត៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ