អានតួអត្ថបទ
កម្ពុជា

សិស្ស​​វិទ្យាល័យ​​​បុសខ្នុរ​​ជាង​​១០០​​នាក់​​មាន​​បញ្ហា​​សុខភាព​​ខ្វះ​​អុកស៊ីសែន​​

សិស្សានុសិស្ស​​ក្នុង​វិទ្យាល័យ​​បុសខ្នុរ​​​​ជាង​​១០០​​នាក់​ ​ត្រូវ​​បាន​​បញ្ជូន​​ ទៅ​​មណ្ឌល​​សុខភាព​​ស្រុក​​ចំការលើ ​នៅ​​ថ្ងៃ​​ចន្ទ​២៤តុលា​​នេះ ​បន្ទាប់​​ពី​​ពួក​គេ​​មាន​​អាការៈ​​ទន់ខ្សោយ​​អស់​​កម្លាំង​។ ក្រុម​​គ្រូ​ពេទ្យ​​មូលដ្ឋាន​ ​អះអាង​​ថា​ សិស្សានុសិស្ស​​ទាំង​នេះ​​ ខ្វះ​​អុកស៊ីសែន។​ រដ្ឋមន្ត្រី​​ក្រសួង​​សុខា​ភិបាល​​ បាន​​បញ្ជា​​​អោយ​​ក្រុម​​គ្រូពេទ្យ​​សហការ​​ជាមួយ​​ មន្ត្រី​​អប់រំ​​ដើម្បី​​ស៊ើប​អង្កេត​​រក​​មូលហេតុ​​ដែល​​ធ្វើ​​អោយ​​សិស្ស​​ទន់​ខ្សោយ​​កម្លាំង​។

សិស្ស​វិទ្យាល័យ​ បុសខ្នុរ​ជាង​១០០​នាក់​មាន​បញ្ហា​សុខភាព​ខ្វះ​អុកស៊ីសែន​
សិស្ស​វិទ្យាល័យ​ បុសខ្នុរ​ជាង​១០០​នាក់​មាន​បញ្ហា​សុខភាព​ខ្វះ​អុកស៊ីសែន​ ©​រក្សាសិទ្ធិ
ផ្សាយពាណិជ្ជកម្ម

 

តាំង​ពី​​ព្រឹក ​បន្ទាប់​​ពី​​ឈ​​រគោរព​​ទង់ជាតិ​​នៅ​ក្នុង​​ទីធា្ល​​វិទ្យាល័យ​​បុសខ្នុរ ក្នុង​ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម សិស្សានុសិស្ស​នៃ​វិទ្យាល័យ​នេះ​ស្រាប់​តែ​មាន​អាការៈ​ទន់ខ្សោយ​អស់​កម្លាំង​​ជា​បន្ត​បន្ទាប់​គ្នា។ រហូត​ដល់​ល្ងាច​ថ្ងៃ​ចន្ទ​នេះ បើ​តាម​ការ​អះអាង​របស់​លោក​ហេង ផលរិទ្ធ នាយក​វិទ្យាល័យ​បុសខ្នុរ​នេះ​ មាន​សិស្ស​ជាង​១០០​នាក់​ភាគច្រើន​ជា​សិស្ស​ស្រី​ដែល​មាន​អាការៈ​ទន់​ខ្សោយ​​អស់​កម្លាំង ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​ចម្ការលើ​។

នាយក​វិទ្យាល័យ​បុសខ្នុរ ​បាន​រៀបរាប់​អោយ​ដឹង​ថា ក្រោយ​ពី​ឈរ​គោរព​ទង់ជាតិ​ដែល​នៅ​ទី​នោះ ដំបូងឡើយសិស្ស៣​នាក់​មាន​អាការៈ​ខ្សោយ​កម្លាំង​វិល​មុខនោះ សិស្ស​ដទៃ​ផ្សេង​ទៀត​ក៏​មាន​អាការៈ​ដូចគ្នា​នៅ​ក្នុង​ថ្នាក់​រៀន​របស់​ពួកគេ។ យោង​តាម​ការអះអាង​របស់​លោក​នាយក​សាលា​​ដដែល បញ្ហា​សិស្ស​ចុះ​ខ្សោយ​កម្លាំងវិល​មុខ​នេះ​ ​បាន​កើត​ឡើង​២​ដង​រួច​ហើយ​ក្នុង​រយៈ​ពេល​ពីរ បី​សប្តាហ៍​ចុងក្រោយ​នេះ​នៅ​ក្នុង​វិទ្យាល័យ​នេះ។ ប៉ុន្តែ​កាលណោះ មាន​សិស្ស​តែ​១​នាក់ ២នាក់​ប៉ុណ្ណោះ​ដែល​ជួប​អាការៈបែបនេះ។

ក្រុម​គ្រូពេទ្យ​មូលដ្ឋាន​បាន​បញ្ជាក់​អោយ​ដឹង​ថា សិស្សានុសិស្ស​ដែល​ត្រូវ​បាន​បញ្ជូន​មក​មណ្ឌល​សុខភាព ភាគច្រើន​មាន​អាការៈ​ខ្សោយ​ស្លេកស្លាំង ខ្វះ​អុកស៊ីសែន។ រហូតដល់ល្ងាច​​ថ្ងៃ​ចន្ទ​នេះ​ពួក​គេ​មាន​សុខភាព​ប្រសើរ​ឡើង​វិញ​ហើយ បន្ទាប់​ពី​ត្រូវ​ព្យាបាល​និង​បញ្ចូល​ខ្សល់​អុកស៊ីសែន។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ លោក ​ម៉ម ប៊ុនហេង​ បាន​បញ្ជាក់​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ល្ងាច​​​ថ្ងៃ​ចន្ទ​ទី​២៤​តុលា​នេះ​ថា លោក​បាន​ទទួល​ព័ត៌មាន​ស្តីពី​បញ្ហា​សុខភាព​សិស្សានុសិស្ស​នៅ​ស្រុក​ចម្ការលើ​នេះ​ហើយ ហើយ​លោក​បាន​បញ្ជា​អោយ​មន្ត្រី​សុខាភិបាល​របស់​លោក​ស៊ើបអង្កេត​រក​មូលហេតុ​ដែល​ធ្វើ​អោយ​សិស្ស​ដួល​អស់​កម្លាំងនិង​ខ្វះ​ខ្យល់​អុកស៊ីសែន​នេះ​ហើយ។

ទោះយ៉ាងណា​ក៏ដោយ នាយកវិទ្យាល័យ​បុសខ្នុរ​ បញ្ជាក់​ប្រាប់ថាលោក​នៅ​មិន​ទាន់​សម្រេច​ប្រកាស​បិទទ្វារ​សាលារៀន​នៅឡើយ​ទេ ដោយ​រង់ចាំ​មើល​សភាព​ជាក់​ស្តែង​និង​លទ្ធផល​នៃ​ការ​វិភាគ​របស់​ក្រុម​គ្រូពេទ្យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ