អានតួអត្ថបទ
កម្ពុជា

លោក​​ហ៊ុន​​ សែន​​ បញ្ចេញ​​វិធានការ​បង្ក្រាប​​ជំនួញ​​ឈើ​​ក្រញូង​​

ប្រមុ​ខរាជ​រដ្ឋាភិបាល​កម្ពុជាលោក ​ហ៊ុន សែន​ បាន​ចេញ​បទបញ្ជា​ម៉ឺងម៉ាត់​ដើម្បី​បង្ក្រាប​ជំនួញ​ឈើ​ក្រញូង ​ដែល​ជា​ប្រភព​នៃ​សោកនាដកម្មលើ​ពលរដ្ឋ​ខ្មែរ​ខ្លះ ​នៅព្រំដែន​ថៃ។ លោក​នាយក​រដ្ឋមន្ត្រី​​បាន​ព្រមាន​មិន​អោយ​មន្ត្រី​និង​កងកម្លាំង​មាន​សមត្ថកិច្ច ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ជួញដូរ​ឈើ​ក្រញូង​​អោយ​សោះ។ ក្នុង​បទ​បញ្ជាដែល​សំដៅ​ទប់ស្កាត់​ការ​​កែច្នៃ​ឈើ​ក្រញូង​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ស្រុកផងដែរ​នោះ លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​ស្នើ​អោយ​ក្រសួង​ការបរទេស ​បន្ត​ធ្វើ​ការ​ងារ​ជាមួយ​ប្រទេស​ជិត​ខាង​ដើម្បី​ថែ​រក្សា​អាយុ​ជីវិត​ពលរដ្ឋ​ខ្មែរ។ ប៉ុន្តែ​សង្គម​ស៊ីវិល​ខ្លះថា បទបញ្ជា​នេះ​បាន​ចេញ​យឺត​ពេល​បន្តិច​ហើយ។

ជំនួញ​ឈើ​ក្រញូង​ បាន​ធ្វើ​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​​ ទៅ​ប្រទេស​ជិតខាង​
ជំនួញ​ឈើ​ក្រញូង​ បាន​ធ្វើ​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​​ ទៅ​ប្រទេស​ជិតខាង​ © អ៊ឹម​ ណាវិន
ផ្សាយពាណិជ្ជកម្ម

បទ​បញ្ជា​កម្រាស់​៤​ទំព័រ​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​ស្តី​ពី​ការ​បង្ក្រាប​​ទប់ស្កាត់​ការ​ប្រមូល​ទិញ ការ​ស្តុកទុក និង​ការនាំចេញ​​ឈើ​ក្រញូង​​ បាន​បាញ់​ឆ្ពោះ​ទៅ​​មន្ត្រី​ កង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ និង​ក្រសួង​ការបរទេស​ទៀត​ផង។ ជា​បញ្ជា ​ដែល​សេនា​ធិការ​របស់រាជ​រដ្ឋាភិបាល​ទាំងនេះ ​ត្រូវ​អនុវត្ត​អោយ​មាន​ប្រសិទ្ធភាព​ទៀតផង ពិសេស​ការ​ទប់ស្កាត់​ប្រជាពលរដ្ឋ​មិន​អោយ​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ជិតខាង ​ដើម្បី​ស៊ីឈ្នួល​កាប់ និង​អូស​ឈើ​ក្រញូង​នោះ។

នៅ​ក្នុង​បទ​បញ្ជា​ដែល​លោក​នាយករដ្ឋមន្ត្រីចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី២២ ​ខែ​កុម្ភៈ លោក​នាយករដ្ឋ​មន្ត្រី​បាន​ព្រមាន​មេបញ្ជាការកង​យោធពល​ខេមរភូមិន្ទ និងមេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​ថា ប្រសិន​បើ​មាន​ករណី​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រមូល ជញ្ជូន និង​កាប់ឈើ​ក្រញូង​​នៅ​ប្រទេស​ជិតខាង ​តាម​ភូមិសាស្ត្រ​ឈរជើង​របស់​អង្គភាព​ណាមួយ​នោះ មេបញ្ជាការ​អង្គភាព​នោះ​ ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​រាជ​​រដ្ឋាភិបាល។

លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​ព្រមាន​ មន្ត្រី អាជ្ញាធរ និង​កង​កម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​អោយ​ពួកគេ​​ដក​ខ្លួន​អោយ​ឆ្ងាយពី​​សកម្មភាព​ពាក់ព័ន្ធ​បទល្មើស​ឈើ​ក្រញូងផងដែរ។ បើ​មិន​ដូច្នោះ​ទេ ពួកគេ​​នឹង​ត្រូវ​កាត់​ទោស​តាម​ច្បាប់​ដោយ​គ្មាន​ការ​អត់ឱន​ឡើយ។

មិន​ត្រឹម​តែ​ការ​ទប់ស្កាត់​ការ​នាំចេញ​ឈើ​ក្រញូង​ចេញ​ទៅ​បរទេស​ទេ ប្រមុ​ខរាជ​រដ្ឋាភិបាល​ក៏​បាន​បញ្ជា​អោយ​អាជ្ញាធរ​រាជធានី​ខេត្ត ​ទប់ស្កាត់​ការ​ប្រើប្រាស់​ក្នុង​ស្រុក​នូវ​ប្រភេទ​ឈើ​ក្រញូង និង​ការ​ប្រើប្រាស់​ឈើ​ប្រភេទ​នេះ​ដើម្បី​កែច្នៃ​គ្រឿង​សង្ហារឹម ឬ​វត្ថុ​ផ្សេងៗ​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក ​​និង​ការ​នាំចេញ​គ្រប់​រូបភាព​ទាំងអស់។ នេះ​ជា​បទបញ្ជា​ថ្មី​មួយ​ទៀត​របស់​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​ ក្នុង​យុទ្ធនាការ​បង្ក្រាប​ជំនួញ​ឈើ​ក្រញូង ដែល​លោក​បាន​អះអាង ​បាន​កើត​មាន​ឡើងយ៉ាង​​អនាធិបតេយ្យ ​នៅ​ក្នុង​កម្ពុជា។

ប្រមុខរាជ​រដ្ឋាភិបាល ​ក៏​បាន​ទទួល​ស្គាល់​ថា ជំនួញ​ឈើ​ក្រញូង​នេះ​ហើយ​ដែល​បាន​ធ្វើ​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​​ទៅ​ប្រទេស​ជិតខាង​ ហើយ​ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន​ និង​ត្រូវបាន​បាញ់​សម្លាប់​ជា​បន្តបន្ទាប់​នោះ។ សម្រាប់​លោក​នាយករដ្ឋមន្ត្រី ក្នុង​ករណី​ដែល​ស្រាវជ្រាវ​រកឃើញ​អ្នកការពារ ឬ​អ្នក​នៅ​ពីក្រោយ​សកម្មភាព​ជួញដូរ​ឈើ​ក្រញូង ហើយ​មាន​ការ​លំបាក​ក្នុង​ការ​ចាត់វិធានការ សមត្ថកិច្ចត្រូវ​ធ្វើ​របាយការណ៍​ដោយ​ផ្ទាល់​ជូន​ប្រមុខ​រាជ​​រដ្ឋាភិបាល ​ដើម្បី​ចាត់វិធានការ​ដោយ​មិន​មាន​ការ​យោគយល់ និង​លើកលែង​ឡើយ។

ក្រៅ​ពី​ចំណាត់ការ​នៅ​ក្នុង​ប្រទេស​ហើយ លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ក៏​បានបញ្ជាអោយ​ក្រសួង​ការបរទេស​បន្ត​ពិភាក្សា​ជាមួយ​ក្រសួង​ការបរទេស​នៃ​ប្រទេសជិតខាង ដើម្បី​ដោះស្រាយ​ករណី​ប្រជាពលរដ្ឋ​ខ្មែរឆ្លងដែន​ខុសច្បាប់ ឬ​បាន​ប្រព្រឹត្តិ​បទល្មើស​ណា​មួយ​ ក្នុង​ទឹកដី​ប្រទេសជិតខាង ដើម្បី​ចៀសវាង​សកម្មភាព​ណាមួយ​ដែល​នាំ​អោយ​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជា​ពលរដ្ឋ​ខ្មែរ។

ហើយ​ថា​ទន្ទឹម​គ្នានេះ ​ក្រសួ​ងការបរទេសត្រូវ​សហការ​ជាមួយក្រសួង​ពាណិជ្ជកម្ម ដើម្បី​ពិភាក្សា​គ្នា​ជាមួយ​ប្រទេស​ទី២ និង​ទី៣ ដែល​ជាទីផ្សារ​ឈើ​ក្រញូង ​ដើម្បី​ទប់ស្កាត់​ការ​នាំ​ឈើ​ក្រញូង​ចេញ​ទៅ​ប្រទេសទាំង​នោះ។

ជា​បទ​បញ្ជា​យ៉ាង​វែង​ដែលលោក ​ចាន់​ សូវ៉េត មន្ត្រី​ស៊ើបអង្កេតរបស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​​អាដហុក អបអរ​សាទរ។ ប៉ុន្តែ ​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​មិន​បាន​រារែក​នឹង​អត្ថាធិប្បាយ​ថា បទបញ្ជា​ហាក់​បាន​ចេញ​យឺត​ពេល​ ឬ​ថា​វា​ដល់​ដំណាក់​កាល​ចុងក្រោយ​ដែលឈើ​ប្រភេទ​ក្រញូង​ត្រូវបាន​កាប់​ស្ទើរ​តែ​អស់​ហើយ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ