អានតួអត្ថបទ
កម្ពុជា

សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស ២​នាក់ នៅ​ខេត្តកំពង់ចាម​ត្រូវ​ប៉ូលិស​ចាប់ខ្លួន

សកម្មជន​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​កឹម សុខា ២ នាក់ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន បញ្ជូនទៅ​តុលាការ​កាត់ទោស ដោយសារ​អ្នក​ទាំង​ពីរ​ បាន​ផ្សព្វផ្សាយ​ឯកសារ ដែលជា​គោល​នយោបាយ​គណបក្ស ពាក់ព័ន្ធ​នឹង​រឿង​វៀតណាម ទន្ទ្រាន​កាន់កាប់​ទឹកដី​កម្ពុជា។ បុរស​អ្នកគាំទ្រ​គណបក្ស​សិទ្ធិ​មនុស្ស​ទាំង​ពីរ​នាក់ រស់នៅ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន នៅ​រសៀល​​ថ្ងៃទី២​កញ្ញានេះ ពី​បទញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ និង​ចលាចល​សង្គម។

©CEN
ផ្សាយពាណិជ្ជកម្ម

កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០១១ អាជ្ញាធរ​មូលដ្ឋាន និង​ប៉ូលិស​ខេត្ត​កំពង់ចាម បាន​ចាប់​ខ្លួន​សកម្មជន​គណ​បក្ស​សិទ្ធិមនុស្ស​ពីររូប​។ ទីមួយ លោក ផាន ផា អាយុ ៦៦​ឆ្នាំ ជា​អនុប្រធាន​បក្ស​សិទ្ធិមនុស្ស ប្រចាំ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូង​ឃ្មុំ និង​សកម្មជន​សិទ្ធិមនុស្ស​ប្រចាំ​ភូមិ​ទួល​ខ្សាច់​ម្នាក់ទៀត គឺ​លោក ភូមិ យាន អាយុ ៧១​ឆ្នាំ។

តាម​បក្ស​សិទ្ធិមនុស្ស ការចាប់ខ្លួន​សកម្មជន​ទាំងពីរ បាន​ធ្វើឡើង បន្ទាប់ពី​ពួកគាត់ ចេញពី​កន្លែង​សង្កេតការណ៍​ពិនិត្យ​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត។

សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​២​កញ្ញា​នេះបង្ហាញ​ថា សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​ទាំង​ពីរ​នាក់​នោះ បាន​យក​ឯកសារ ដែល​ពាក់ព័ន្ធ​នឹង​កិច្ចការ​បោះឆ្នោត គោលនយោបាយ និង​ប្រវត្តិសាស្ត្រ​ខ្មែរ ទៅ​ប្រគល់​ឲ្យ​សកម្មជន​នៅ​ថ្នាក់​ភូមិ ហើយ​ត្រូវបាន​មេភូមិ ដែល​មកពី​គណបក្សកាន់អំណាច ឃើញ​ក៏​បាន​ឆក់​យក​ទៅឲ្យ​ប៉ូលីស និង​មួយ​ថ្ងៃ​បន្ទាប់​មក​ប៉ូលីស ក៏​នាំ​ខ្លួន​សកម្មជន​ទាំងពីរ ទៅ​ឃុំខ្លួន​នៅ​ស្នងការ​ប៉ូលីស​ខេត្តកំពង់ចាម។

គណបក្ស​សិទ្ធិមនុស្ស ចាត់ទុកថា ការចាប់ និង​ឃុំខ្លួន​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​ទាំង​ពីរ​រូប​នៅ​ខេត្ត​កំពង់ចាម ​ជា​ការរំលោភ​សិទ្ធិ ជា​ការគំរាមកំហែង​ផ្នែក​នយោបាយ និង​ជា​ការរំខាន​ដល់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត នៅ​កម្ពុជា មិន​ឲ្យមាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

តាម​គណបក្ស​សិទ្ធិមនុស្ស នៅ​កម្ពុជា​រាល់ពេល​មាន​ការរៀបចំ​ការបោះឆ្នោត​ម្តងៗ តែងតែ​មាន​ការរំលោភ​សិទ្ធិ​នយោបាយ ការ​គម្រាមកំហែង បំភិតបំភ័យ ចាប់ខ្លួន និង​លបលួច​កាប់​សម្លាប់​សកម្មជន​គណបក្ស​ប្រឆាំង​ជារឿយៗ។

គណបក្ស​សិទ្ធិមនុស្ស បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ពិនិត្យ​ឡើងវិញ​នូវ​អំពើ​របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​រំលោភ​លើ​សិទ្ធិ​នយោបាយ និង​សុំ​ឲ្យ​ដោះលែង ជា​បន្ទាន់​នូវ​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​ទាំង​ពីរ​រូប ដែល​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ពី​ច្បាប់​រដ្ឋ​ទាល់តែសោះ។

ក៏ប៉ុន្តែ មេប៉ូលិស​ខេត្ត​កំពង់ចាម លើកឡើង មូលហេតុ​នៃ​ការចាប់ខ្លួន​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​ទាំង​ពីរ ដោយសារ​តែ​ជន​ទាំងពីរ​បាន​ផ្សព្វផ្សាយ​ឯកសារ ដែល​មាន​កម្រាស់ ៩ ទំព័រ សរសេរ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ មាន​ការយល់ច្រលំ​លើ​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​រឿង​កាត់​ទឹកដី​កម្ពុជា ទៅ​ឲ្យ​ប្រទេស​វៀតណាម។

ប៉ូលិស​បាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​អ្នក​ទាំង​ពីរ ទៅកាន់​តុលាការ នា​រសៀល​ថ្ងៃ​ទី​២​កញ្ញា​នេះ។ តុលាការ ក៏បាន​សម្រេច​ឃុំខ្លួន​បុរស​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​ទាំង​ពីរ​នោះ ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យមាន​បទឧក្រិដ្ឋ និង​ឲ្យមាន​ចលាចល​សង្គម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ