អានតួអត្ថបទ
បារាំង

អ្នកកាសែត​បារាំង​ជាប់​ជា​ចំណាប់​ថ្នូរ​តាលីបង់ ត្រូវ​បាន​ដោះលែង !

អតីត​ចំណាប់ថ្នូរ​​បារាំង លោក Hervé Ghesquière និង Stéphane Taponier អ្នកកាសែត​ទូរទស្សន៍​ជាតិ​បារាំង France 3 បានទទួល​សេរីភាព ត្រឡប់​​មក​ដល់​ទឹកដី​កំណើត​វិញ​ហើយ បន្ទាប់​ពី​បាន​ជាប់​ថ្នូរ​ក្នុង​កណ្តាប់​ដែ​ពួក​តាលីបង់​អស់​រយៈ​ពេល​១៨​ខែ។ មិន​មែន​គ្រាន់​តែ​ជា​ដំណឹង​ល្អ សម្រាប់​គ្រួសារ មិត្តភក្តិ​រួម​ការងារ និង​ប្រទេស​ ប៉ុណ្ណោះ​ទេ តែ​ជា​អំណរ​សម្រាប់​ពិភពអ្នក​កាសែត​ទាំង​មូល​ ព្រោះ​លោក​ជា​អ្នក​យក​ព័ត៌មាន​បារាំង​ចុង​ក្រោយ​​បង្អស់​នៅ​លើ​លោក ដែល​បាន​ជាប់​ជា​ចំណាប់​ថ្នូរ។ រដ្ឋាភិបាល​បារាំង​ និង​ក្រុមការងារ​បាន​ចំណាយ​ពេល​វេលា​យ៉ាង​យូរ​ ​ទម្លាំ​អាច​បាន​ទទួល​សេរីភាព​នៅ​ថ្ងៃ​នេះ។

លោក Stéphane Taponier (ឆ្វេង) និង Hervé Ghesquière​ នៅ​ព្រលាន​យន្តហោះ​យោធា​ក្រុង​ប៉ារីស​ ថ្ងៃ​ទី​៣០ មិថុនា
លោក Stéphane Taponier (ឆ្វេង) និង Hervé Ghesquière​ នៅ​ព្រលាន​យន្តហោះ​យោធា​ក្រុង​ប៉ារីស​ ថ្ងៃ​ទី​៣០ មិថុនា Reuters
ផ្សាយពាណិជ្ជកម្ម

 

លោក Hervé Ghesquière និង Stéphane Taponier អ្នក​យក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​ជាតិ​បារាំង​ France 3 ដែល​មាន​ឯកទេស​​ផ្នែក​ធ្វើ​បទ​យក​ការណ៍​​សង្គ្រាម និង​ដែល​ធ្លាប់​បាន​ចុះ​ទៅ​សមរភូមិ​​ក្តៅៗ​ជា​ច្រើន​ នៅ​អាហ្វ្រិក អ៊ីរាក់ និង​នៅ​ប្រទេស​កម្ពុជា​ ជាមួយ​ពួក​ព្រៃ​-ខ្មែរ​ក្រហម ។ល។ និង​។ល។ បាន​​​​មក​ដល់​ទីក្រុង​ប៉ារីស នាវេលា​ម៉ោង ៨​និង​៤៥នាទី​​ ព្រឹក​ថ្ងៃ​ទី​៣០​មិថុនា ក្នុង​ទឹក​មុខ​រីក​រាយ ស្រស់​ថ្លា និង​ហាក់​មាន​សុខភាព​រឹង​ប៉ឹង​ទាំង​ផ្លូវ​ចិត្ត​ ទាំង​ផ្លូវកាយ។ លោក​ប្រធានាធិបតី​បារាំង នីកូឡា សាកូហ្ស៊ី និង​ភរិយា បាន​អញ្ជើញ​ទៅ​ទទួល​អ្នក​កាសែត​ទាំង​ពីរ​ដល់​ព្រលាន​យន្តហោះ។

ជាប់​ជា​ចំណាប់​ថ្នូរ កាលពី​ថ្ងៃ​ទី ២៩ ធ្នូ ២០០៩ ដល់​ថ្ងៃទី​២៩​មិថុនា​ អ្នក​ទាំងពីរ​បាន​អះអាង​ថា​មិន​បាន​ទទួល​រង​ការ​ធ្វើ​ទារុណកម្ម​ អំពើ​ហិង្សា ឬ​ការ​គំរាម​កំហែង​​ណា​មួយ​​​ពី​សំណាក់​ពួក​តាលីបង់​ទេ។ ​អ្នក​ទាំង​ពីរ​ត្រូវ​ឃុំ​ខ្លួន​បំបែក​ពី​គ្នា​រយៈ​ពេល​៨​ខែ (១៣មេសា ដល់​១៣​ធ្នូ ២០១០) ​បរិភោគ​អាហារ​របៀប​អ្នក​ភ្នំ ក្នុង​បរិមាណ​តិច​តួច មាន​សិទ្ធិ​​ធ្វើ​កីឡា និង​ស្តាប់​វិទ្យុបារាំង​អន្តរជាតិ ជា​រៀង​រាល់​ថ្ងៃ។

ស្តី​ពី​លក្ខខណ្ឌ​នៃ​ការ​ចរចា​ដើម្បី​​​សេរីភាព​អ្នកកាសែត​ទាំង​ពីរ​រូប​វិញ គ្មាន​ព័ត៌មាន​លម្អិត​ច្បាស់​លាស់​​បញ្ជាក់​ពី​បញ្ហា​នេះ​ទេ ! រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង​ និង​រដ្ឋមន្ត្រី​ផ្នែក​ថវិកា គ្រាន់​តែ​អះអាង​ថា​គ្មាន​ទេ​ការ​ផ្តល់​ប្រាក់​ជា​ថ្នូរ​។ ប៉ុន្តែលោក​ប្រធានាធិបតី​អាហ្វហ្កានិស្ថាន​ អាមីត កាហ្សៃ បាន​ជួយ​ជ្រោម​ជ្រែង​ច្រើន។ ហើយ​ជាពិសេស​ទៅ​ទៀត​ បរិបទ​អន្តរជាតិ​ ពោល​គឺ​ការ​ប្រកាស​ដក​ទ័ព​អាមេរិក និង​បារាំង​ចេញ​ពី​អាហ្វហ្កានីស្ថាន ក៏​អាច​ជា​កត្តា​មួយ​ ជួយ​​ជំរុញ​ពួក​តាលីបង់ឲ្យ​ដោះ​លែង​អ្នក​សារព័ត៌មាន​បារាំង​នេះ​ដែរ។ នេះ​បើ​តាម​អ្នក​វិភាគ​ខ្លះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ