អានតួអត្ថបទ
រុស្ស៊ី-ចិន

ទស្សនកិច្ច​លោក​ប្រធាន​រដ្ឋសភា​ចិន Wu Bangguo នៅ​រុស្ស៊ី

ក្នុង​ក្របខ័ណ្ឌ​ទស្សនកិច្ច​នេះ ជា ” ទស្សនកិច្ច​មិត្តភាព​ផ្លូវការ ” រយៈពេល​៤ថ្ងៃ ពី​ថ្ងៃ១៤​ដល់​១៧ កញ្ញា លោក Wu Bangguo បាន​ជួប​ប្រស្រ័យ​ជាមួយ​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី ពូទីន បាន​ចូលរួម​ក្នុង​សម័យប្រជុំ​លើកទី​៥​នៃ ”គណៈកម្មការ​ខាង​សហប្រតិបត្តិការ​រវាង​រដ្ឋសភា​ចិន និង​សភា​ឌូម៉ា​រុស្ស៊ី “ ហើយ​នឹង​ត្រូវ​ទទួល​ជួប​ដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី មេដវេដេវ។ បន្ទាប់​ពី​រុស្ស៊ី លោក​ប្រធាន​រដ្ឋសភា​ចិន​នឹង​បន្ត​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស Belarus Ouzbekistan និង​Kazakhstan ដែល​នឹង​ចប់​ជា​ស្រេច​បាច់ លុះ​នៅ​ថ្ងៃ ២៧ កញ្ញា។

លោក Wu Bangguo (រូបខាងឆ្វេង) ប្រធានរដ្ឋសភា​ចិន និង លោកប្រធានាធិបតីរុស្ស៊ី មេដវេដេវ
លោក Wu Bangguo (រូបខាងឆ្វេង) ប្រធានរដ្ឋសភា​ចិន និង លោកប្រធានាធិបតីរុស្ស៊ី មេដវេដេវ ©Reuters
ផ្សាយពាណិជ្ជកម្ម

គោលដៅ​ទស្សនកិច្ច តាម​ប្រសាសន៍​លោក​ប្រធាន​រដ្ឋសភា​ចិន Wu Bangguo គឺ ដើម្បី​ស៊ីជម្រៅ​សហប្រតិបត្តិការ និង​ពង្រឹង​ទំនាក់ទំនង​រវាង​សាធារណរដ្ឋប្រជាមានិត​ចិន និង​សហព័ន្ធ​រុស្ស៊ី។ គាត់​គូស​បញ្ជាក់​ថា គឺ​ក្នុង​ឆ្នាំ​នេះ​តែ​ម្តង ដែល​ជា​ខួប​គម្រប់​១០ឆ្នាំ តាំង​ពី​ចិន និង​រុស្ស៊ី​បាន​ចុះ​នឹង​គ្នា ជា “ សន្ធិសញ្ញា​ស្តី​អំពី​មិត្តភាព សហប្រតិបត្តិការ និង​ការរួម​រស់​ភូមិផង របង​ល្អ​នឹង​គ្នា ”។ ថ្លែង​រសៀល​ម្សិលមិញ​ក្នុង​សម័យប្រជុំ​លើកទី​៥​នៃ ” គណៈកម្មការ​ខាង​សហប្រតិបត្តិការ​រវាង​រដ្ឋសភា​ចិន និង​សភា​ឌូម៉ា​រុស្ស៊ី ” ដោយ​រួម​ជាមួយ​លោក​ប្រធាន​សភា​ឌូម៉ា​រុស្ស៊ី Boris Gryzlov លោក​ប្រធាន​រដ្ឋសភា​ចិន Wu Bangguo បាន​លើក​ឡើង​ថា៖ ខាង​វិស័យ​នយោបាយ ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅវិញ ទៅមក​ជា​យុទ្ធសាស្ត្រ ចេះ​តែ​ចាក់​ឫស​ជ្រៅ​ទៅៗ បញ្ហា​ព្រំដែន​បន្សល់​ទុក​ដោយ​ប្រវត្តិសាស្ត្រ​បាន​ត្រូវ​ដោះស្រាយ​រួច​ទាំង​ស្រុង គូភាគី​តែង​គាំទ្រ​គ្នា​យ៉ាង​ប្តូរ​ផ្តាច់ ក្នុង​បញ្ហា​ណា​ដែល​មាន​ន័យ​គន្លឹះ។

ខាង​សេដ្ឋកិច្ច កំពុង​សមិទ្ធិ​ចេញ​ជា​ផ្លែផ្កា គឺ​គម្រោង​យុទ្ធសាស្ត្រធំៗ​កើន​ឡើង​យ៉ាង​បង្គួរ ទាំង​គុណភាព ទាំង​កម្រិត​នៃ​សហប្រតិបត្តិការ​តាម​ផ្លូវ​អនុវត្ត។ ខាង​មនុស្សធម៌ មាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​ជោគជ័យ ឆ្នាំ​ប្រទេស​ចិន​នៅ​រុស្ស៊ី និង​ឆ្នាំ​ប្រទេស​រុស្ស៊ី នៅ​ចិន ក៏​ដូច​ជា​ឆ្នាំ​នៃ​ភាសា​ប្រទេស​ទាំង​ពីរ រួច​ជា​លទ្ធផល​មិត្តភាព​បាន​ជ្រៀត​ចូល​យ៉ាង​ជ្រៅ ទៅ​ក្នុង​បេះដូង​ប្រជាជន​ចិន និង​រុស្ស៊ី។

ក្នុង​ក្របខ័ណ្ឌ អ.ស.ប. និង​ក្រុម​២០ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ហំហួន​ជាង​គេ ហៅ​ថា G20 ព្រម​ទាំង​ក្នុង​យន្តការ​អន្តរជាតិ​ពហុភាគី​ផ្សេងៗ​ទៀត ចិន និង​រុស្ស៊ី​តែង​ផ្លាស់ប្តូរ​ពត៌មាន និង​សម្របសម្រួល​សកម្មភាព​គ្នា ដោយ​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ។

លោក​ប្រធាន​សភា​ឌូម៉ា​រុស្ស៊ី Boris Gryzlov ពី​ចំណែក​ខ្លួន​វិញ បាន​ឲ្យ​តម្លៃ​ខ្ពស់​ដល់​យន្តការ​នៃ​ដល់​ការ​ប្តូរ​ទស្សនកិច្ច​ទៅវិញ ទៅមក​ជា​រឿយៗ រវាង​គណៈប្រតិភូ​រដ្ឋសភា​ចិន និង​រុស្ស៊ី។ តាម​មតិ​គាត់ ជំនួប​បែប​នេះ​មួយ​លើកៗ គឺ​តែង​រួម​វិភាគទាន​ដ៏​សំខាន់​ទៅ​ក្នុង​ការ​អភិវឌ្ឍន៍​ទំនាក់ទំនង​អន្តររដ្ឋ។

ពេល​ជួប​ប្រស្រ័យ​គ្នា​រវាង​លោក​ប្រធាន​រដ្ឋសភា​ចិន Wu Bangguo និង​លោក ពូទីន នាយក​រដ្ឋមន្ត្រី​រុស្ស៊ី ​គូភាគី​បាន​ឯកភាព​គ្នា​ថា បង្កើន​ទំហំ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ដែល​ក្នុង​ឆ្នាំ​មុន មាន​ទឹកប្រាក់ ៦០.០០០លាន​ដុល្លារ​អាមេរិក ឲ្យ​ទៅ​ទល់​ឆ្នាំ ២០១៥ ឡើង​ដល់ ១០០.០០០លានដុល្លារ ហើយ​ទៅ​ទល់​ឆ្នាំ២០២០ វាត់​រហូត​ដល់ ២០០.០០០លាន​ដុល្លារ​តែ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ