អានតួអត្ថបទ
កម្ពុជា​

អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ក៏​បាន​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ដែរ

ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ ​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​៤​រូប​ដែល​កំពុង​ជាប់​ក្នុង​មន្ទីរ​ ឃុំឃាំង​គឺ៖ ​នួន ជា ​ខៀវ សំផន ​អៀង សារី ​និង ​អៀង ធីរិទ្ធ ​ក៏​បាន​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​តាម​គន្លង​ព្រះពុទ្ធ​សាសនា​ដែរ។ ​សាលាក្តី​ខ្មែរក្រហម​បាន​អនុញ្ញាត​ឱ្យ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងនោះ​ បាន​រៀបចំ​ពិធី​សូត្រមន្ត​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ដើម្បី​អបអរ​បុណ្យ​ចូល​ ឆ្នាំ​ថ្មី​នៅ​មុន​ពេល​ដែល​ពួកគេ​ត្រូវ​ឡើង​សវនាការ​សំណុំ​រឿង​០០២​នៅ​ក្នុង ​អំឡុង​ពេល​ពីរ​ឬ​បី​ខែ​ខាង​មុខ​នេះ។ ​ដោយឡែក​តែ​ឌុច​ម្នាក់​មិន​បាន​ចូល​រួម​ពិធី​នោះ​ទេ​ ពីព្រោះ​តែ​គាត់​ជា​គ្រិស្ត​បរិស័ទ។

Ảnh tử trái sang phải : Khiev Samphan, Ieng Sary, Nuon Chea, Duch và bà Ieng Thirith
Ảnh tử trái sang phải : Khiev Samphan, Ieng Sary, Nuon Chea, Duch và bà Ieng Thirith © RFI
ផ្សាយពាណិជ្ជកម្ម
02:38

សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពីទីក្រុង​ភ្នំពេញ

ពិធី​សូត្រមន្ត​ឆ្នាំថ្មី​តាម​គន្លង​ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​នៃ​សាលាក្តី​ខ្មែរក្រហម​តាំងពី​ប៉ុន្មាន​ថ្ងៃ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​មក​ម្ល៉េះ។​ អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​៤​រូប​គឺ ៖ ​នួន ជា- ​ខៀវ សំផន-​ អៀង សារី​ និង​អៀង ធីរិទ្ធ ​បាន​ចូល​រួម​ទទួល​អំណរ​ឆ្នាំថ្មី​ និងទទួល​ពរ​ជ័យ​ពី​ព្រះសង្ឃ​គ្រប់ៗ​គ្នា។

លោក ​ឌឹម សុវណ្ណារុំ ​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ​ពិធី​បុណ្យ​តាម​ប្រពៃណី​សាសនា​ត្រូវ​បាន​សាលាក្តី​ខ្មែរក្រហម​រៀបចំ​ធ្វើ​សម្រាប់​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងនោះ​ជា​រៀងរាល់​ឆ្នាំ​ទៅ​តាម​ជំនឿ​របស់​ពួកគេ។ ​ពិធី​នេះ​ក៏​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឱ្យ​រៀបចំ​ធ្វើ​តាម​មន្ទីរ​ឃុំឃាំង​នានា​នៅ​ទូទាំង​ប្រទេស។ ​ដោយឡែក​តែ​ឌុច ​អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ​ស២១​ មិន​បាន​ចូល​រួម​ក្នុង​ពិធី​នោះ​ទេ​ពីព្រោះតែ​គាត់​ជាគ្រិស្ត​បរិស័ទ។

គួរកត់​សម្គាល់​ថា ​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ដែល​កំពុង​តែ​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង​ដើម្បី​រង់ចាំ​ការ​កាត់​ទោស​ពី​តុលាការ​ចម្រុះ​តែងតែ​ប្រារព្ធ​ពិធី​បុណ្យ​ផ្សេងៗ​ទៅ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ដូចជា​ពិធី​បុណ្យ​ចូលឆ្នាំ​ឬ​បុណ្យ​ភ្ជុំបិណ្ឌ​ជាដើម​ ពីព្រោះ​ពួកគេ​ក៏​ជា​ពុទ្ធសាសនិកជន​ដែរ។ ​មាន​តែ​ឌុច​ម្នាក់​គត់​ដែល​បាន​ផ្លាស់ប្តូរ​ពី​ព្រះពុទ្ធសាសនា​ទៅ​កាន់​គ្រិស្តសាសនា​វិញ​ក្រោយ​​ពី​របប​ខ្មែរក្រហម​ដួល​រលំ​ទៅ។ ​ការ​ផ្លាស់ប្តូរ​សាសនា​របស់​ឌុច​ត្រូវ​បាន​អ្នកខ្លះ​យល់​ឃើញ​ថា​ឌុច​បាន​ស្វែង​រក​ការ​លុបលាង​បាបកម្ម​ដែល​គាត់​បាន​ធ្វើ​ក្នុង​របប​ខ្មែរក្រហម។

នៅឯ​ស្រុក​អន្លង់វែង ​ខេត្ត​ឧត្តរមានជ័យ​ឯណោះ​វិញ ​ផ្នូរ​សព​របស់ ​ប៉ុល ពត ​បាន​ក្លាយ​ជា​ទី​សក្ការៈ​មួយ​សម្រាប់​បងប្អូន​អតីត​ខ្មែរក្រហម​នៅ​ក្នុង​តំបន់​នោះ។ ​មាន​សេចក្តី​រាយការណ៍​ថា អ្នក​ដែល​គោរព​ស្រឡាញ់​ប៉ុល ពត​ជាច្រើន​បាន​នាំគ្នា​យក​ម្ហូប​អាហារ​ នំ​ចំណី​ទៅ​សែន​ព្រេន​ឧទ្ទិស​ដល់​ព្រលឹង​របស់​អតីត​មេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ​រូបនេះ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ​ផង​ដែរ។ ​មាន​អ្នក​ខ្លះ​ទៀត​ថែមទាំង​បាន​នាំគ្នា​ដុត​ទៀនធូប​បួង​សួង​សុំ​សេចក្តី​សុខ​ពី​ប៉ុល ពត​ទៀត​ផង។

ទោះបី​ជា​បងធំ​ទី១​ ប៉ុល ពត​ បាន​ស្លាប់​មុន​នឹង​ត្រូវ​បាន​តុលាការ​កាត់ទោស​ក្តី ​ក៏​នៅ​មាន​ នួន ជា​ -​ខៀវ សំផន​-​ អៀង សារី​-​ និង​អៀង ធីរិទ្ធ ​កំពុង​រង់ចាំ​ការ​កាត់ទោស។ ​លោក ​ឌឹម សុវណ្ណារុំ​បាន​ឱ្យ​ដឹង​ថា ​សវនាការ​សំណុំ​រឿង​០០២​នឹង​ត្រូវ​ចាប់​ផ្តើម​ក្នុង​អំឡុង​ខែ​មិថុនា​ ឬ​កក្កដា​ខាង​មុខ​នេះ។ ​រីឯ​ឌុច​អាច​នឹង​ត្រូវ​គេ​កោះហៅ​ឱ្យ​ធ្វើ​ជា​សាក្សី​ផង​ដែរ។ ​ប្រសិន​បើ​ឌុច​ត្រូវ​គេ​កោះ​ហៅ​ឱ្យ​ធ្វើ​សាក្សី​មែន​ ឌុច​នឹង​ត្រូវ​គេ​ស្នើ​ឱ្យ​ស្បថ​មុន​នឹង​និយាយ​ដូច​ជា​សាក្សី​ផ្សេងៗ​ទៀត​ដែរ។ គ្មាន​អ្នកណា​ដឹង​ថា ​អតីត​មេ​ខ្មែរក្រហម​ទាំងនោះ​បួងសួង​សុំ​អ្វី​ខ្លះ​ទេ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ