អានតួអត្ថបទ
ក្រិក

រដ្ឋាភិបាល​ក្រិក​អនុម័ត​ផែនការសន្សំ​សំចៃ​លើ​ផ្ទៃ​នៃ​អំពើ​ហិង្សា

នៅ​ទី​បំផុត​ អធ្រាត្រ​យប់​មិញ សភា​​ក្រិក​បាន​អនុម័ត​ វិធានការត្បិតត្បៀត​ថវិកា​ថ្មីដោយ​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​លើស​លុប។ ផែនការ​សំន្សំ​សំចៃ​ដែល​ជា​ចម្លើយ​​តប​ទៅ​នឹង​​សំណើ​របស់​សហភាព​អឺរ៉ុប និង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ នឹងអនុញ្ញាត​ឱ្យ​ក្រិក​អាច​ចាប់​ផ្តើម​សង្គ្រោះ​​ហិរញ្ញវត្ថុ​ជាតិ និង​ធានា​រ៉ាប់​រង​បាន​ស្ថិរភាព​តំបន់​ចាយ​ប្រាក់​អឺរ៉ូ។ ប៉ុន្តែ​រដ្ឋាភិបាល​ក្រិក​មិន​អាច​លើក​ដៃ​សាទរ​យ៉ាង​ពេញ​ទំហឹង នឹង​ជោគជ័យ​​នេះ​​បាន​ឡើយ ព្រោះ​​ប្រជាជន​កំពុង​​ខឹង​សម្បា ចុះ​ថ្នល់​បញ្ចេញ​កំហឹង​ប្រឆាំង​នឹង​ផែនការ​ត្បិតត្បៀត ​ពេញ​​ផ្ទៃ​ប្រទេស។

នាយក​រដ្ឋមន្ត្រី​ក្រិក​លោក Lucas Papademos នៅសភា​ថ្ងៃទី​១២​កុម្ភៈ
នាយក​រដ្ឋមន្ត្រី​ក្រិក​លោក Lucas Papademos នៅសភា​ថ្ងៃទី​១២​កុម្ភៈ REUTERS/John Kolesidis
ផ្សាយពាណិជ្ជកម្ម

 

វិធានការ​ថ្មី​ដែល​ទើប​ត្រូវ​បាន​សភា​ក្រិក​អនុម័ត​នៅ​យប់​មិញ​នេះ អាច​​សន្សំ​ប្រាក់​បាន ប្រមាណ​ជា​៣៣០០​លាន​អឺរ៉ូ តាម​រយៈ​ការ​កាត់​បន្ថយ​ប្រាក់​បៀវត្សរ៍​ កាត់​បន្ថយ​ប្រាក់​ចូល​និវត្តន៍​ និង​លុប​បំបាត់​ការងារ​​រដ្ឋមួយ​ចំនួន​​ ជា​ថ្នូរ​នឹងប្រាក់​​កម្ចី​ប្រមាណ​១៣០​ពាន់​លាន​អឺរ៉ូដើម្បី​ទប់​ទល់​កុំ​ឱ្យ​ក្រិក​ក្ស័យធន។ ​​

សភា​ក្រិក​អនុម័ត​​វិធានការ​ស្នើ​ឡើង​ដោយ​ម្ចាស់​បំណុលក្នុង​សំឡេង​ភាគ​ច្រើន​លើស​លុប អាច​ជា​ចាត់​ទុក​ជា​ជោគជ័យ​មួយ​របស់​រដ្ឋាភិបាល លោក Lucas Papademos ប៉ុន្តែចលនា​ប្រឆាំង​ក៏​មាន​ខ្លាំង​នៅ​ខាង​ក្រៅ។ ​ ការ​ប្រមូល​ផ្តុំ​នៅ​មុខ​សភា និង​តាម​ផ្លូវ​ នា​ទីក្រុង​អាថែន បាន​ប្រព្រឹត្ត​ទៅ​តាំង​ពី​ព្រឹក​ដល់​យប់​ជ្រៅ​ខ្លាំង​ ! មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​បាតុករ និង​ប៉ូលិស រហូត​ដល់​មាន​ការ​បាញ់​ផ្សែង​ឱ្យ​ចេញ​ទឹក​ភ្លែក និង​របួស​ជាង​៥០​នាក់។ បន្ទាប់​មក​គេ​សង្កេត​ឃើញ​មាន​ការ​ផ្ទុះ-​ដុត​ រោង​កុន​ ធនាគារ ប្រមាណជាង​៤០​​កន្លែង​នៅ​ក្នុង​រដ្ឋធានី។ ហាង​ទំនិញ​ជា​ច្រើន​ត្រូវ​វាយ​បំផ្លាញ​និង​លួចប្លន់​។ ក្រុម​ប៉ូលិស និងក្រុម​​ពន្លត់​អគ្គិភ័យ បំពេញ​ការងារ​យ៉ាង​ត្រដាប​ត្រដួស​បំផុត​ទើប​យក​ឈ្នះលើ​​កម្លាំង​ភ្លើង​បាន។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ កម្លាំង​បាតុករ​មិន​ថមថយ​ទេ ! ក្រុង​អាថែន ត្រូវ​គាំង​ស្តូក​ស្តឹង ផ្លូវថ្នល់​ធំៗ បាន​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ គ្រប​ដណ្តប់​ទៅ​ដោយ​បំណែក​​ កម្ទេច​បាក់បែក និង​សំរាម​រាយ​ប៉ាយ​ ពេញ​ផ្លូវ ដូច​សម័យ​​ផ្ទុះ​អំពើ​ហិង្សា​កាលពី​ឆ្នាំ​២០០៨ ដែល​​អូសបន្លាយ​កាល​ណោះ​រាប់​សប្តាហ៍ ប៉ុន្តែ​លើក​នេះ ជា​សំណាង​ល្អ​ គ្មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត។

បើ​តាម​ទូរទស្សន៍​ជាតិ​ក្រិក​ អំពើ​ហិង្សា ក៏​មានផ្ទុះ​ឡើង​ដែរ​នៅ​តាម​កោះ​ទេសចរណ៍ និង​ក្រុង​ធំៗ​ផ្សេង​ទៀត​ ដើម្បី​បរិហារ​ផែនការ​សន្សំ​សំចៃ​របស់​រដ្ឋាភិបាល​លើក​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ