អានតួអត្ថបទ
អ៊ុយក្រែន

ក្រុម​ប្រទេស ​G7 ​ប្រកាស​ទុក​ជាមុន​ថា​នឹង​មិន​ទទួលស្គាល់​លទ្ធផល​ប្រជាមតិ​នៅ​តំបន់​គ្រីមេ

ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ដែល​ហៅកាត់​ថា G7 បាន​ប្រកាស កាលពីថ្ងៃ​ពុធ​ថា ការបោះឆ្នោត​ប្រជាមតិ នៅ​គ្រីមេ ដែល​រៀបចំ​ធ្វើ​ក្រោម​ការ​ជ្រោមជ្រែង​របស់​រុស្ស៊ី នឹង​មិនមាន​តម្លៃ​ខាងផ្លូវ​ច្បាប់​​នោះទេ។ ក្រុមប្រទេស​ទាំង ៧ ក៏​បាន​អំពាវនាវ​ដល់​ផងដែរ​ដល់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ឲ្យ​ប្រមូល​កងទ័ព​ចូល​ទៅ​ក្នុង​បន្ទាយ​របស់​ខ្លួនវិញ ដើម្បី​ជា​ជំហាន​ឆ្ពោះទៅ​រក​ដំណោះស្រាយ​វិបត្តិ​តាម​ផ្លូវការ​ទូត។

ក្រុមប្រទេស G7 ថា ការបោះឆ្នោត​ប្រជាមតិ​នៅ​តំបន់​គ្រីមេ​​​ធ្វើឡើង​ក្រោម​ចុងកាណុង​របស់​រុស្ស៊ី
ក្រុមប្រទេស G7 ថា ការបោះឆ្នោត​ប្រជាមតិ​នៅ​តំបន់​គ្រីមេ​​​ធ្វើឡើង​ក្រោម​ចុងកាណុង​របស់​រុស្ស៊ី REUTERS/David Mdzinarishvili
ផ្សាយពាណិជ្ជកម្ម

 

នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ចេញផ្សាយ​ពី​សេតវិមាន កាលពីថ្ងៃ​ពុធ ក្រុមប្រទេស G7 ដែល​រួមមាន សហរដ្ឋ​អាមេរិក កាណាដា បារាំង អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និង​ជប៉ុន ព្រមជាមួយ​នឹង​មេដឹកនាំ​សហភាព​អឺរ៉ុប បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​រុស្ស៊ី​ឲ្យ “​​បញ្ឈប់​រាល់​សកម្មភាព​ទាំងអស់ ដែល​នាំ​ទៅរក​ការ​ផ្លាស់ប្តូរ​លក្ខន្តិកៈ​ផ្លូវច្បាប់​របស់​តំបន់​គ្រីមេ ផ្ទុយ​ពី​ច្បាប់​របស់​អ៊ុយក្រែន និង​ច្បាប់​អន្តរជាតិ”។

គួរបញ្ជាក់ថា តំបន់​គ្រីមេ ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​កងទ័ព​រុស្ស៊ី គ្រោង​នឹង​រៀបចំ​បោះឆ្នោត​ប្រជាមតិ​មួយ នៅថ្ងៃ​អាទិត្យ​ខាងមុខ​នេះ ដើម្បី​ផ្តាច់ខ្លួន​ពី​អ៊ុយក្រែន ទៅ​ភ្ជាប់​ខ្លួន​ជាមួយ​នឹង​រុស្ស៊ី។

នៅក្នុង​សេចក្តីថ្លែងការណ៍ ដែល​ចេញផ្សាយ​តែ​ប៉ុន្មាន​ម៉ោង​មុន​ពេល​ដែល​លោក​អូបាម៉ា​ទទួល​ជួប​នាយករដ្ឋមន្រ្តី​ស្តីទី​អ៊ុយក្រែន នៅ​សេតវិមាន ក្រុមប្រទេស G7 បាន​ប្រកាស​ទុកជាមុន​ថា ពួកគេ​នឹង​មិនទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រជាមតិ​នៅ​គ្រីមេ​នេះ​ទេ ដោយសារ​តែ​ “វា​ជា​ដំណើរការ​បោះឆ្នោត​ដែល​មិនមាន​ការ​រៀបចំ​ត្រឹមត្រូវ ហើយ​ដែល​​ធ្វើឡើង​ក្រោម​ការ​គំរាមកំហែង​ពី​សំណាក់​វត្តមាន​របស់​កងទ័ព​រុស្ស៊ី”។

គួររំឭកឡើងវិញ​ថា ក្រុមប្រទេស G7 បាន​ទទួល​ប្រទេស​រុស្ស៊ី​ជា​សមាជិក កាល​ពី​ឆ្នាំ​១៩៩៨ ហើយ​បង្កើត​ទៅជា​ក្រុម G8។ ការចេញផ្សាយ​សេចក្តីថ្លែងការណ៍ នៅ​ក្នុង​ក្របខ័ណ្ឌ G7 នេះ គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រទេស​លោកខាងលិច​កំពុងតែ​ផាត់​រុស្ស៊ី​ចេញ​ពី​ក្រុម G8 ដើម្បី​ជា​ការ​តបត​ទៅនឹង​អន្តរាគមន៍​កងទ័ព​រុស្ស៊ី នៅ​តំបន់​គ្រីមេ​របស់​អ៊ុយក្រែន។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍ កាលពីថ្ងៃ​ពុធ ក្រុមប្រទេស​ G7 បាន​បញ្ជាក់​សាជាថ្មីម្តងទៀតថា ពួកគេ​នឹង​ព្យួរ​រាល់​កិច្ចប្រជុំ​ទាំងអស់ ដែល​ទាក់ទង​នឹង​ការ​រៀបចំ​ជំនួបកំពូល G8 ដែលមានន័យថា ពួកគេ​នឹង​ធ្វើ​ពហិការ​មិនចូលរួម​ក្នុង​ជំនួបកំពូល G8 ដែល​ត្រូវ​ធ្វើ​នៅ​រុស្ស៊ី នៅ​ខែ​មិថុនា​ខាងមុខ​នេះ​ទេ ប្រសិនបើ​រុស្ស៊ី​នៅតែ​បន្ត​កាន់កាប់​តំបន់​គ្រីមេ​តទៅទៀត។

លោក​ហ្វ្រង់ស័រ ហូឡង់ វិញ បាន​ព្រមាន​លោក​វ៉្លាឌីមៀរ ពូទីន​ នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ កាលពីថ្ងៃ​ពុធ​នេះថា ការ​ភ្ជាប់​តំបន់​គ្រីមេ​ទៅនឹង​ទឹកដី​រុស្ស៊ី គឺ​ជា​ “ការ​កាត់​យក​ទឹកដី​អ៊ុយក្រែន ដែល​ជា​រឿង​មិន​អាច​ទទួល​យក​បាន​​សម្រាប់​សហគមន៍​អន្តរជាតិ”។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ចេញផ្សាយ​ដោយ​វិមាន​ប្រធានាធិបតី​បារាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ