អានតួអត្ថបទ
កម្ពុជា

បារាំង​តាំង​បង្ហាញ​ផលិតផល​លើកដំបូង នៅ​កម្ពុជា

ក្រោម​ការជួយ​ជ្រោមជ្រែង​ពី​ស្ថានទូត​បារាំង សភាពាណិជ្ជកម្ម​បារាំង​-​កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​សប្តាហ៍​បារាំង ឈ្មោះថា សួស្តី​ឡាហ្វ្រង់ ចាប់ពី​ថ្ងៃ​សុក្រ ទី​២៩ ខែតុលា រហូត​ដល់​ថ្ងៃ​អាទិត្យ ទី​៧ ខែវិច្ឆិកា ខាងមុខ។ សប្តាហ៍​បារាំង នៅ​កម្ពុជា ដើម្បី​បង្ហាញ​សាធារណជន​ឱ្យ​ស្គាល់ និង​សាកល្បង​ផលិតផល​បារាំង​នានា ដែល​នាំ​ចូល​មក​កម្ពុជា។ ការតាំង​បង្ហាញ​ផលិតផល​បារាំង ក៏​បាន​ធ្វើឡើង ក្នុងន័យ​ជំរុញ​ដល់​សកម្មភាព​ជំនួញ​របស់​ក្រុមហ៊ុន​ចែកចាយ​ផលិតផល​បារាំង ព្រម​ទាំង​ក្រុមហ៊ុន​សហគ្រាស និង​ភោជនីយដ្ឋាន​បារាំង​ទាំងឡាយ នៅក្នុង​ប្រទេស​កម្ពុជា។

សប្តាហ៍បារាំង ឈ្មោះថា សួស្តីឡាហ្វ្រង់ នឹង​រៀបចំ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី២៩ ខែតុលា​ដល់​ថ្ងៃទី៧ ខែវិច្ឆិកា​ដើម្បី​បង្ហាញ​សាធារណជន​ឱ្យ​ស្គាល់ និងសាកល្បង​ផលិតផល​បារាំង​ដែល​នាំ​ចូល​មក​កម្ពុជា
សប្តាហ៍បារាំង ឈ្មោះថា សួស្តីឡាហ្វ្រង់ នឹង​រៀបចំ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី២៩ ខែតុលា​ដល់​ថ្ងៃទី៧ ខែវិច្ឆិកា​ដើម្បី​បង្ហាញ​សាធារណជន​ឱ្យ​ស្គាល់ និងសាកល្បង​ផលិតផល​បារាំង​ដែល​នាំ​ចូល​មក​កម្ពុជា ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

01:58

សេចក្តី​រាយការណ៍​របស់​លី ម៉េងហួរ​ពី​ទីក្រុង​ភ្នំពេញ

លី ម៉េងហួរ

សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង ប្រចាំ​កម្ពុជា ដែល​បាន​បង្ហាញ​នៅក្នុង​សន្និសីទ​កាសែត នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៥ តុលា ឆ្នាំ​២០១០ បាន​លើកឡើង​ថា នៅក្នុង​ព្រឹត្តិការណ៍ ដែល​ត្រូវ​រៀបចំឡើង​ជា​លើកដំបូង​នៅ​កម្ពុជា​នេះ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ចែកចាយ​ផលិតផល បារាំង​ធំៗ ជាច្រើន នឹង​បង្កើត​កម្មវិធី​ផ្សេងៗ ពេញ​មួយ​សប្តាហ៍ នៅ​ពាសពេញ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​២៩​តុលា រហូត​ដល់​ថ្ងៃ​ទី​៧​វិច្ឆិកា។

សេចក្តីប្រកាស​បាន​បង្ហាញ​ថា ការ​ប្រារឰ​ទិវា​សប្តាហ៍​បារាំង​នេះ​ឡើង មិនមែន​សំដៅ​តែ​ទៅលើ​ទិដ្ឋភាព​ពាណិជ្ជកម្ម​នោះ​ទេ គឺ​មាន​គោលបំណង​សំខាន់​ខាង​ផ្នែក​វប្បធម៌ ព្រោះ​វា​ជា​ឱកាស​នៃ​ការចែករំលែក​ពេលវេលា​សប្បាយ​រីករាយ និង​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក ជាពិសេស​ជុំវិញ​អាហារ​ប្រពៃណី​បារាំង។

មុខ​ម្ហូប​ពិសេស​របស់​តំបន់​មួយចំនួន នៅក្នុង​ប្រទេស​បារាំង ដូចជា តំបន់​លីម៊ូហ្សាំង ឡង់ហ្គឺដុក និង តំបន់​អាល់ហ្សាស់ នឹង​រៀបចំ​ពិធី​បង្ហាញ​នៅ​តាម​ភោជនីយដ្ឋាន​បារាំង​ល្បីៗ​នានា នៅ​ទីក្រុង​ភ្នំពេញ។

សេចក្តីប្រកាស​បង្ហាញ​ថា មាន​ក្រុមហ៊ុន​ចែកចាយ​ផលិតផល​បារាំង ប្រមាណ ៥០ និង​សហគ្រាស​ធុន​តូច និង​មធ្យម​ឯករាជ្យ​ជាង ១០០ ព្រមទាំង​អង្គការ​ក្រៅរដ្ឋាភិបាល​ជាច្រើន​ទៀត នឹង​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នេះ ដូចជា ៖ នៅផ្សារ​ទំនើប​ឡាក់​គី និង Bonjour Mart (ក្រុមហ៊ុន តូតាល់ ) ហាង​វ៉ែនតា និង​ឱសថស្ថាន ជាដើម។

ពាក់ព័ន្ធ​នឹង​តួនាទី​បារាំង ក្នុង​វិស័យសេដ្ឋកិច្ច កាលពី​ឆ្នាំ​២០០៩ ស្ថានទូត​បារាំង បានប្រកាសថា ប្រទេស​បារាំង ស្ថិតនៅ​លំដាប់ថ្នាក់​ទី​៩ លើ​ពិភពលោក ក្នុងចំណោម​អតិថិជន​នានា​របស់​កម្ពុជា ហើយ​បារាំង​ក៏​ជា​ប្រទេស​ផ្គត់ផ្គង់​ផលិតផល​លំដាប់ថ្នាក់​ទី​១០ មក​កម្ពុជា​ផងដែរ។

យោង​តាម​របាយការណ៍ បារាំង​ជា​ប្រទេស​អឺរ៉ុប​ទីមួយ ក្នុង​ការនាំចេញ​ផលិតផល មកកាន់​ប្រទេស​កម្ពុជា ដោយ​បរិមាណ​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​បារាំង មាន​តម្លៃ​សរុប ១២៨ លាន​អឺរ៉ូ ក្នុង​ឆ្នាំ​២០០៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ