អានតួអត្ថបទ
កម្ពុជា-ថៃ

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ទទួល​លោក​ថាក់ស៊ីន និង​មេដឹកនាំ​ក្រុម​អាវក្រហម​ថៃ

លោក​ថាក់ស៊ីន ​ស៊ីណាវ៉ាត្រា ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​មក​ដល់​ភ្នំពេញកាលពី​វេលា​យប់​ថ្ងៃសុក្រ​ម្សិលមិញ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​នៅ​កម្ពុជា។ ​លោក​ថាក់ស៊ីន​ត្រូវ​បាន​ទទួល​បដិសណ្ឋារកិច្ច​ជា​កិត្តិយស​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​ឯ​វិមាន​សន្តិភាព ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។ ​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏​បាន​ទទួល​ជួប​មេដឹកនាំ​ និង​សកម្មជន​អាវក្រហម​នៃ​គណបក្ស​ភឿថៃ​ផងដែរ។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ទទួល​លោក​ថាក់ស៊ីន និង​មេដឹកនាំ​ក្រុម​អាវក្រហម​ថៃ
នាយក​រដ្ឋមន្ត្រី​កម្ពុជា​ទទួល​លោក​ថាក់ស៊ីន និង​មេដឹកនាំ​ក្រុម​អាវក្រហម​ថៃ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ទោះបី​ជា​មាន​ការ​ពន្យារ​ពេល​ ប៉ុន្តែ ​ទីបំផុត ​លោក​ថាក់ស៊ីន ​បាន​មក​ដល់​កម្ពុជា​ហើយ​កាល​ពីយប់​ថ្ងៃ​សុក្រ​ម្សិលមិញ។ ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ត្រូវ​បាន​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅ​ឯ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។ ជំនួប​បិទ​ទ្វារ​រយៈពេល​៣០​នាទី​រវាង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​និង​លោក​ថាក់ស៊ីន ​បាន​ធ្វើ​ឡើង​ដោយ​មាន​វត្តមាន​របស់​លោក ​សុខ អាន ​រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ និង​លោក​ ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ផងដែរ។ ​លោក​អ៊ាង ​សុផល្លែត ​ជំនួយការ​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន​ បាន​ប្រាប់​​អ្នកកាសែត​នៅក្រោយ​ជំនួប​ថា ​នាយករដ្ឋមន្ត្រី​​កម្ពុជា​ និង​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​សម្តែង​ការ​នឹក​រលឹក​គ្នា​ក្នុង​ឋានៈ​ជា​មិត្តភ័ក្តិ​ដែល​បែក​គ្នា​យូរ​។

លោក​ថាក់ស៊ីន​ អះអាង​ថា ​លោក​មក​កម្ពុជា​ពេល​នេះគឺជា​ការឆ្លើយ​តប​តាម​ការ​អញ្ជើញ​របស់​លោក ​ដឺវេណេឡា​ ប្រធាន​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​និយម​កណ្តាល និង​តប​តាម​ការ​អញ្ជើញ​របស់​រាជបណ្ឌិត្យសភា​កម្ពុជា។​ ​លោក​ថាក់ស៊ីន​ នឹង​ថ្លែង​សង្កថា​ ស្តីពី​សតវត្សរ៍​ថ្មី​ នៃ​បញ្ហា​ប្រឈម​ និង​ក្តី​សង្ឃឹម​ផ្នែក​សេដ្ឋកិច្ច​អាស៊ី។ លោក​ថាក់ស៊ីន​បាន​មក​ដល់​កម្ពុជា​មួយ​ថ្ងៃ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​យីងឡាក់​ ស៊ីណាវ៉ាត្រា ​នាយក​រដ្ឋមន្ត្រី​ថៃ​ និង​ជា​ប្អូនស្រី​របស់​លោក។ ​តាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក​លោក​ថាក់ស៊ីន​ត្រូវ​ធ្វើ​បទ​ឧទ្ទេសនាម​បង្ហាញ​ស្តីពី​បញ្ហា​សេដ្ឋកិច្ច​ដែល​រៀបចំ​ដោយ​រាជបណ្ឌិត្យ​សភា​កម្ពុជា នៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៅ​ម៉ោង​ ៤​ ល្ងាច​ ថ្ងៃទី​១៧​កញ្ញា ​ឆ្នាំ​២០១១​នេះ។​ នៅ​ព្រឹក​ថ្ងៃទី​១៩​កញ្ញា​ឆ្នាំ​២០១១​ លោក​ថាក់ស៊ីន​ ត្រូវ​ចូល​រួម​ជា​វាគ្មិន​សេដ្ឋកិច្ច​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​​ដែល​រៀបចំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​និយម​កណ្តាល​ទាក់ទង​នឹង​ប្រធានបទ​ សេដ្ឋកិច្ច​អាស៊ី ​មុន​នឹង​លោក​ទទួល​មេដាយ​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​ឥស្សរជន​អ្នកនយោបាយ​អាស៊ី​ជាច្រើន​ផ្សេង​ទៀត។

ក្រោយ​ពី​ជួប​ជាមួយ​លោក​ថាក់ស៊ីន​នៅ​ព្រឹក​មិញ ​សម្តេច​ហ៊ុន​សែន​ក៏​បាន​ទទួល​ជួប​ដាច់​ដោយឡែក​មួយ​ទៀត ​ជាមួយ​នឹង​ក្រុម​អាវ​ក្រហម​ថៃ​ជាង ​២០​នាក់​ដឹកនាំ​ដោយ​លោក ​ចាទូផន ​ព្រំផាន​ មេដឹកនាំក្រុមអាវក្រហម​ និងជាអ្នក​តំណាងរាស្ត្រ​គណបក្ស​ភឿថៃ។ ​ក្រុម​អាវ​ក្រហម​ថៃ ​ដែល​ជា​អ្នក​គាំទ្រ​ដែលមានភក្តីភាព​ជាមួយ​លោក​ថាក់ស៊ីន​បាន​មក​ដល់​រាជធានី​ភ្នំពេញ ​និង​បាន​ជួប​ជាមួយ​លោក​ថាក់ស៊ីនកាល​ពី​យប់​ថ្ងៃ​ទី១៦កញ្ញា​ ឆ្នាំ២០១១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ