អានតួអត្ថបទ
កម្ពុជា

ចំនួន​មនុស្ស​ស្លាប់​ដោយ​ទឹក​ជំនន់​​​កើន​​ដល់​ ១៧២​ នាក់​ និង​ការ​ខូចខាត​​​៩៥​លាន​ដុល្លារ​

របាយការណ៍​​គណៈកម្មាធិការ​​ជាតិ​​គ្រប់​គ្រង​​គ្រោះ​មហន្តរាយ​ បង្ហាញ​ថា ​ទឹក​ជំនន់​ គិត​​ត្រឹម​​ថ្ងៃ​ទី​​៦​​តុលា ​បាន​សម្លាប់​​ជីវិត​​មនុស្ស​ ១៧២​ នាក់​ និង​​បង្ក​​ការ​ខូចខាត​ ដែល​​តាម​​ការ​ប៉ាន់ស្មាន​​ជា​​ជំ​ហាន​​​ដំបូង​គិត​​ជា​​ទឹក​ប្រាក់​​ចន្លោះ​​ពី​ ៩០​ ទៅ​ ៩៥​ លាន​​ដុល្លារ​។ ចំពោះ​​ស្ថានភាព​​ទឹក​​ទន្លេ​មេគង្គ​​នៅ​​ផ្នែក​​ខាង​លើ ​បាន​​បន្ត​​ស្រក​​ចុះ​ ប៉ុន្តែ​​នៅ​​ប៉ែក​​ខាង​ក្រោម ​ពិសេស​​នៅ​​ភ្នំពេញ​ ទឹក​​ទន្លេ​ចតុមុខ​ឡើង​​បន្តិ​ច​បន្តួច​នៅ​​ថ្ងៃ​​សុក្រ​៧តុលា​នេះ​។​

បុរស​ម្នាក់​​កំពុង​​ទាញ​​ពាង​ទឹក​ដ៏​ធំ​មួយ​ដែល​អណ្តែត​ដោយ​​ទឹក​ជំនន់​នៅ​ក្នុង​​ផ្លូវមួយនៃ​ខេត្ត​កណ្តាល​ថ្ងៃទី​៣០កញ្ញា២០១១។
បុរស​ម្នាក់​​កំពុង​​ទាញ​​ពាង​ទឹក​ដ៏​ធំ​មួយ​ដែល​អណ្តែត​ដោយ​​ទឹក​ជំនន់​នៅ​ក្នុង​​ផ្លូវមួយនៃ​ខេត្ត​កណ្តាល​ថ្ងៃទី​៣០កញ្ញា២០១១។ REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​អ្នក​ស្លាប់​ដោយ​ទឹកជំនន់​ចំនួន ១៧២ នាក់ មាន​ក្មេង​ចំនួន ៦៩ នាក់​។ ខេត្ត​កំពង់ចាម នៅតែ​មាន​ចំនួន​អ្នក​ស្លាប់​ដោយសារ​ទឹកជំនន់ ច្រើនជាងគេ ក្នុងចំណោម ១៧ ខេត្ត ដែល​រងគ្រោះ ដោយ​ទឹកជំនន់​។ អ្នកស្លាប់​ភាគច្រើន ដោយ​លង់ទឹក និង​ពស់​ចឹក​។ ចំណែក​មនុស្ស​ចំនួន១៤​នាក់បាន​រងរបួស។ នេះ​បើ​តាម​ការឲ្យដឹង​របស់​លោកកែវវី នាយក​ខុទ្ទកាល័យ​​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។


​អំពី​ទិន្នន័យ​ប៉ះពាល់ និង​ខូចខាត ដោយ​ទឹកជំនន់​ទឹកភ្លៀង និង​ទឹកជំនន់​ទន្លេ គិត​ត្រឹម​ថ្ងៃទី​៦​តុលា ក៏​ត្រូវបាន​មន្ត្រី​ជំនាញ លើក​បង្ហាញ​ថា ប្រជាជន ២៣១.០៤៤ គ្រួសារ បាន​រងគ្រោះ​ដោយសារ​ទឹកជំនន់​។ ចំណែក​ប្រជាជន ២៣.៤១២ គ្រួសារ ត្រូវបាន​ជម្លៀស​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​។ ផ្ទះ ១៦៥.៦១៩ ខ្នង ត្រូវ​លិច​ទឹក​។ ផ្ទះ​ខូចខាត មាន​ចំនួន ៤៥៦ ខ្នង​។​

របាយការណ៍​ដដែល​បង្ហាញថា សាលារៀន ១.០៥៣ វត្ត ៤៣៤ និង​មណ្ឌល​សុខភាព ៧៦ កន្លែង ត្រូវ​ទឹក​ជន់​លិច​។ រីឯ​ដំណាំ​ស្រូវ​លិច​ទឹក​មាន ៣០៤.៤៩៦ ហិកតា​។ សំណាប មាន ៦៣៦ ហិកតា​។ ដំណាំ​ផ្សេងៗ លិច​ទឹក​មាន ១០.៥៣៥ ហិកតា​។ ផ្លូវជាតិ​លិច​ទឹក មាន ១៨០ គីឡូម៉ែត្រ​។ ផ្លូវលំ​លិច​ទឹក​មាន ២.៤០០ គីឡូម៉ែត្រ​។​

តាម​មន្ត្រី​ដដែល ការប៉ាន់ស្មាន​ជា​ជំ​ហាន​ដំបូង​របស់​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​បង្ហាញថា ការខូចខាត​ដោយ​សារ​ទឹកជំនន់​ពេលនេះ គិត​ជា​ទឹកប្រាក់​មាន​ក្នុង​រង្វង់​ពី ៩០ ទៅ ៩៥ លាន​ដុល្លារ​។

​អំពី​ស្ថានភាព​ទឹក​ជំនន់​នៅ​ទូទាំង​ប្រទេស ត្រូវបាន​មន្ត្រី​ឧតុនិយម ប្រកាសថា បាន​ធូរស្រាល​។ នៅ​ទន្លេមេគង្គ​ប៉ែក​ខាងលើ ដូចជា​នៅ​ស្ទឹងត្រែង ក្រចេះ និង​ខេត្ត​កំពង់ចាម ទឹកទន្លេ​បាន​បន្ត​ស្រក​ចុះ​។ ប៉ុន្តែ​នៅ​ទន្លេមេគង្គ​ប៉ែក​ខាងក្រោម ដូចជា នៅ​ភ្នំពេញ ទឹក​ឡើង​បន្តិចបន្តួច​។

ចំណែក​ព្យុះភ្លៀង មិន​ជា​កើត​មាន​ខ្លាំង​ទេ បើទោះបីជា​មេឃ​រាង​ស្រទំ​បន្តិច​ក៏​ដោយ នៅ​ថ្ងៃ​សុក្រ​នេះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ