អានតួអត្ថបទ
រុស្ស៊ី

រុស្ស៊ី​បាន​ប្រារព្ធ​ខួប​ទី​៦៨​នៃ​ទិវា​មហា​ជ័យជំនះ​ ថ្ងៃ​៩​ឧសភា​

ជា​កិត្តិយស​ដល់​កាលបរិច្ឆេទ​ជ័យជំនះ​នេះ​ក្នុង​សង្គ្រាមលោក​លើក​ទី​២ ព្រឹកមិញ អស់​ពេញ​មួយម៉ោង នៅ​លើ​ទីលាន​ក្រហម មុខ​វិមាន​ក្រេមឡាំង ក្នុង​រដ្ឋធានី​ម៉ូស្គូ មាន​ប្រព្រឹត្ត​ទៅ​យ៉ាង​គគ្រឹកគគ្រេង ព្យុហយាត្រា​កងទ័ព​ដោយមាន​ការ​ចូលរួម​នៃ​យោធា​១ម៉ឺន​១ពាន់​នាក់, យានយន្ត​ចម្បាំង​គ្រប់​ប្រភេទ​១១០​គ្រឿង, យន្តហោះ​និង​ឧទ្ធម្ភាគចក្រ ចំនួន​៦៨​គ្រឿង គឺស្រប​នឹង​តួលេខ​នៃ​ខួប​៦៨​ឆ្នាំ​នោះ។

រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Sergei Shoigu សំដែង​គេរវកិច្ច​ក្នុង​ពិធី​ដង្ហែ​ក្បួន​មហាជ័យជំនះ ថ្ងៃ​៩​ឧសភា​នេះ។
រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Sergei Shoigu សំដែង​គេរវកិច្ច​ក្នុង​ពិធី​ដង្ហែ​ក្បួន​មហាជ័យជំនះ ថ្ងៃ​៩​ឧសភា​នេះ។ REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

ជាបឋម គួរ​និយាយ​ថា ខុសពី​បស្ចិម​ប្រទេស​ដែល​តែង​ប្រារព្ធ​ទិវា​ជ័យជំនះ គឺ​នៅថ្ងៃ​៨​ឧសភា រុស្ស៊ី​វិញ​បាន​សម្រេច​យកជា​កាលបរិច្ឆេទ​ជ័យជំនះ គឺ​ថ្ងៃ​៩​ឧសភា ដ្បិត​ពេល​ដែល​មេទ័ព​នៃ​របប​ហ្វាស៊ីស្ត​អាល្លឺម៉ង់ បាន​ចុះ​ហត្ថលេខា​សុំ​ចុះចាញ់ នៅ​ពីមុខ​ពួក​មេទ័ព​នៃ​“សម្ព័ន្ធ​ប្រឆាំង​ហ៊ីត្លែរ” គឺ​សហភាពសូវៀត ស.រ.អា. អង់គ្លេស បារាំង នៅក្រុង Berlin ទ្រនិច​នាឡិកា​ចង្អុល​ម៉ោង ២២​និង​៤៣​នាទី​នៃ​ថ្ងៃ​ទី​៨​ឧសភា​ឆ្នាំ​១៩៤៥ ប៉ុន្តែ​សម្រាប់​សហភាព​សូវៀតវិញ ពេលនោះ​គឺ​ត្រូវ​នឹង​ម៉ោង​០​និង​៤៣​នាទី ម៉ោង​ម៉ូស្គូ រំលង​អធ្រាត្រ ចូលថ្ងៃ​ទី៩​ឧសភា​ទៅ​ហើយ។

ម្យ៉ាងទៀត សម្រាប់​រុស្ស៊ី ជ័យជំនះ​ថ្ងៃ​៩​ឧសភា​គឺមាន​ន័យជា​ការ​ខ័ណ្ឌបញ្ចប់​សង្គ្រាម ក្រោម​ឈ្មោះ​ជា​ផ្លូវការ​ថា “មហាសង្គ្រាម​ការពារ​មាតុភូមិ” ដែល​បាន​ពន្យារ​ទៅ​អស់ ១៤១៨​ថ្ងៃ រាប់ពី​ថ្ងៃ​ទី​២២​មិថុនា​ ឆ្នាំ​១៩៤១ ពេល​កងទ័ព​អាល្លឺម៉ង់​ស្រាប់តែ​វាយលុក​មកលើ​សហភាព​សូវៀត។ 

ចំណែក​សង្គ្រាមលោក​លើកទី២​ផ្ទាល់ វា​បាន​ចាប់ផ្តើម​ឡើង នៅ​ថ្ងៃ​ទី​១​កញ្ញា ឆ្នាំ​១៩៣៩ ហើយ​បាន​ចប់​ទៅ​នៅ​ទ្វីបអឺរ៉ុប គឺ​នៅ​ថ្ងៃ​ទី​៨​ឧសភា ឆ្នាំ​១៩៤៥ និង​នៅ​ទ្វីបអាស៊ី គឺ​នៅ​ថ្ងៃ​ទី​២​កញ្ញា ឆ្នាំនោះ​ឯង ដោយ​ការចុះហត្ថលេខា​សុំ​ចុះចាញ់​នៃ​មេទ័ព​របប​យោធា​និយម​ជប៉ុន។

មុន​បើកជា​ក្បួន​ព្យុហយាត្រា នៅ​លើ​ទីលាន​ក្រហម​ព្រឹកមិញ លោក​ប្រធានាធិបតី​ពូទីន ដែល​ស្របនឹង​រដ្ឋធម្មនុញ្ញ ជា​អគ្គមេបញ្ជាការ​ជាន់ខ្ពស់​បំផុត​នៃ​កងទ័ព បាន​ថ្លែងសុន្ទរកថា​ឧទ្ទិស​ដល់​ទិវា​មហា​ជ័យជំនះ​ថ្ងៃ​៩​ឧសភា ដោយ​សង្កត់​ធ្ងន់​ថា ៖ រុស្ស៊ី​នៅ​ចងចាំ​ច្បាស់ណាស់​អំពី​សោកនាដកម្ម​នៃ​សង្គ្រាម​នេះ ហើយ​រុស្ស៊ី​នឹង​ធ្វើ​សព្វបែបយ៉ាង​ដើម្បី​កុំឲ្យ​នរណា​ហ៊ាន​បញ្ឆេះ​ភ្លើងសង្គ្រាម​ដែល​គម្រាម​ប្រជាជន​និង​រដ្ឋរុស្ស៊ី​ទៀត​ឡើយ។ ពិត​ជា​រុស្ស៊ី​និង​សហភាព​សូវៀត​ដែល​បាន​រែក​លើស្មា​ខ្លួន នូវ​បន្ទុកធ្ងន់​ជាងគេ​នៃ​សង្គ្រាម​នោះ និង​បាន​បំផ្លាញ​ឲ្យ​ហិនហោច​ទៅ គម្រោង​សែន​យង់ឃ្នង​របស់​ពួក​ហ្វាស៊ីស្ត ចង់ធ្វើ​ជា​ចៅហ្វាយ​លើ​ពិភពលោក​ទាំងមូល។ ហើយ​ពន្លឺ​នៃ​ជ័យជំនះ​កាល​ពី​៦៨​ឆ្នាំ​មុន នឹង​នៅតែ​បន្ត​ចែងចាំង
ជាប់​ជានិច្ច​សម្រាប់​ប្រជាពលរដ្ឋ​រុស្ស៊ី ពី​ស្រករ​មួយ​ទៅ​ស្រករ​មួយ។

ដោយ​ហេតុថា​ ក្នុង “មហា​សង្គ្រាម​ការពារ​មាតុភូម៌”​ សហភាពសូវៀត​បាន​បាត់បង់​ពលរដ្ឋ​ខ្លួន​ដល់ទៅ​២៦លាន​៥សែន​នាក់ បានជា​អ្នកស្រុក​ហៅ​បុណ្យជ័យជំនះ​នេះ​ថា​ជា “បុណ្យ​អមដោយ​ទឹកភ្នែក​រលីងរលោង”។ ​

ព្យុហយាត្រា​ផ្ទាល់​បាន​ចាប់ផ្តើម​ គឺ​ពីការ​ដង្ហែចូល​លើ​ទីលាន​ក្រហម នូវ​ទង់ជាតិ​ត្រីពណ៌​របស់​រុស្ស៊ី និង​ទង់​ជ័យជំនះ​ក្រហម​ឆ្អិនឆ្អៅ ដែល​កាលពី​៦៨​ឆ្នាំ​មុន ត្រូវបាន​យុទ្ធជន​សូវៀត​ដោត​លើ​អគារ​រដ្ឋសភា​នៃ​អាណាចក្រ​អាល្លឺម៉ង់​ទី​៣ ក្នុង​ក្រុង​ប៊ែរឡាំង ផ្ចាញ់​របប​Hitlerឲ្យ​លឹប​បាត់​ទៅ។ 

បន្ទាប់​មក គឺ​ព្យុហយាត្រា​នៃ​យោធា​១ម៉ឺន​១ពាន់​នាក់ តំណាង​ឲ្យ​កងទ័ព​ជើងគោក ជើងទឹក ជើងអាកាស យានយន្ត​ចម្បាំង​១១០​គ្រឿង យន្តហោះ​និង​ឧទ្ធម្ភាគចក្រ​ចំនួន​៦៨​គ្រឿង គឺស្រប​នឹង​តួលេខ​នៃ​ខួប​៦៨ឆ្នាំ​នោះ អស់ទាំងនេះ​គឺសុទ្ធ​តែ​តំណាងឲ្យ​សព្វាវុធ​គ្រប់​ប្រភេទ ដែល​បច្ចុប្បន្ន​បំពាក់​នៅនឹង​កងទ័ព​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ