អានតួអត្ថបទ
ចិន

ដៃស្តាំ​ ប៉ូ ស៊ីឡៃ ជាប់​ទោស​១៥​ឆ្នាំ​ក្នុង​ពន្ធនាគារ

Wang Lijun មនុស្ស​សំខាន់​ម្នាក់​នៃ​សំណុំ​រឿង​​លោក ប៉ូ ស៊ីឡៃ (រឿង​អាស្រូវ​នយោបាយ​ដ៏​ធំ​មួយក្នុង​បក្ស​កុម្មុយនិស្តចិន)​​ ត្រូវ​បាន​តុលាការ​ចិន​ ប្រកាស​​សាលក្រម​ នៅ​ថ្ងៃ​ចន្ទ ទី​២៤ កញ្ញា ២០១២​​នេះ កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ១៥​ ឆ្នាំ។​ ជា​អតីត​ដៃ​ស្តាំ​របស់​ លោក ប៉ូស៊ីឡៃ ប្រមុខ​បក្ស​កុម្មុយនិស្ត​​​ខេត្ត​ចុងឈីង (Chongqing) អតីត​មេប៉ូលិសរូប​នេះ​ត្រូវ​ជាប់​ទោស​ ពី​បទ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ - ប្រើ​អំណាច​ហួសហេតុ​- ប្តូរតួនាទី​បន្ទាប់ពី​បាន​លួច​គេច​ទៅ​សំងំ​លាក់​ខ្លួន​នៅស្ថានកុងស៊ុល​អាមេរិក​ និង​បានលួច​​បង្វែរ​ច្បាប់​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន។

Wang Lijun អតីត​មេប៉ូលិស​នៅ​ចុងឈីង ក្នុង​សវនាការ​ថ្ងៃទី ១៨ កញ្ញា ២០១២
Wang Lijun អតីត​មេប៉ូលិស​នៅ​ចុងឈីង ក្នុង​សវនាការ​ថ្ងៃទី ១៨ កញ្ញា ២០១២ REUTERS/CCTV
ផ្សាយពាណិជ្ជកម្ម

 

អតីត​មេប៉ូលិស​ចុងឈីង ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​ដៃស្តាំ​របស់​ឥស្សរជន​នយោបាយ​ដ៏​ត្រដែតត្រដឹម​ ប៉ូស៊ីឡៃ ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​មាន​ប្រព្រឹត្ត​​កំហុស​ធំៗ​បួន រាប់​ទាំង​អំពើ​ពុក​រលួយ​មួយ​ផង។ នៅ​ប្រទេស​ចិន ទោស​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​អាច​នឹង​ទទួល​ទោស​ប្រហារ​ជីវិត​ផង។ នេះ​នៅ​មិន​ទាន់​គិត​អំពី​ទោស​កំហុស​ លាក់​បាំង​ឃាតកម្ម​សម្លាប់​មនុស្ស ផ្ទេរ​តំណែង​ និង​លួច​ស្តាប់​ការពិភាក្សា​របស់​ប្រមុខ​បក្ស​តាម​ទូរស័ព្ទ​ដោយ​ខុស​ច្បាប់។

ប៉ុន្តែ​ ដោយ​បាន​ផ្តល់សក្ខីកម្ម​ដាក់​បន្ទុក​លើ​គ្រួសារ​ប៉ូស៊ីឡៃ លោក វាង លីជន់ អាច​ជួយ​សង្គ្រោះ​ជីវិត​ខ្លួន​ឯង​បាន។ កាលពី​ថ្ងៃ​បិទ​បញ្ចប់​សវនការ​ សប្តាហ៍​មុន រដ្ឋអាជ្ញារ​បាន​ថែម​ទាំង​ប្រកាស​ទាមទារ​ការ​លើក​លែង​ទោស​ផង។

ការ​បើក​កកាយ​រឿង​អាស្រូវ​ បាន​អនុញ្ញាត​ឱ្យ​តុលាការ​កាត់​ទោស​ប្រហារ​ជីវិត​ ដោយ​​ព្យួរ​ទោស អ្នកស្រី​ ហ្គូ កៃឡៃ ភរិយា​លោក​ប៉ូស៊ីឡៃ ពី​បទ​បាន​ដាក់​ថ្នាំពុល​សម្លាប់​ពាណិជ្ជករ​ជនជាតិ​អង់គ្លេស កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១១។ ហ្គូ កៃឡៃ បាន​ស្នើ​សុំ​ឱ្យ​ វាង​លីជន់ បិទ​បាំង​សំណុំ​រឿង​ឃាតកម្ម​។ អតីត​មេប៉ូលិស​បាន​ធ្វើ​តាម​បញ្ជា ប៉ុន្តែ​ដោយ​លើក​ឡើង​ពី​​​សង្ស័យ​មួយ​ចំនួន​ទៅ​កាន់​លោក ប៉ូស៊ីឡៃ​ ជា​មេ​កើយ។ លោក ប៉ូស៊ីឡៃ បាន​ទះ​កំផ្លៀង​ និង​គំរាម​ភ្លាម ទើប​វាងលីជន់​ រត់​គេច​​​ទៅ​ស្ថានកុងស៊ុល ដើម្បី​សំងំ​លាក់​ខ្លួនអស់​៣៦​ម៉ោង។

វគ្គ​ទះ​កំផ្លៀង​ត្រូវ​បានអាជ្ញាធរ​​រៀបរាប់​បង្ហាញ​ជា​ផ្លូវការ។ ដូច្នេះ​ទម្ងន់​ទោស​កំពុង​ធ្លាក់​លើ​លោក​ប៉ូស៊ីឡៃ។ លោកប៉ូស៊ីឡៃ ដែល​នៅ​ពេល​នេះ ជាប់​អង្កេត​តែ​ក្នុង​ជួរ​បក្ស​ប៉ុណ្ណោះ ព្រោះ​ជា​ទម្លាប់​ ឱ្យ​តែ​មេ​ធំៗ​មាន​បញ្ហា បក្ស​កុម្មុយនិស្ត​ចិន តែង​ចាត់​ការ​​ស្ងាត់ៗ​​ក្នុង​រង្វាង​បក្ស​។

ប៉ុន្តែ​លើក​នេះ ឈ្មោះ​លោក ប៉ូស៊ីឡៃ បាន​ត្រូវ​លាត​ត្រដាង​យ៉ាង​ច្បាស់ ដោយ​ វាង លីជន់​ នៅ​ចំពោះ​មុខ​ចៅក្រម។ បើ​តាម​អ្នក​វិភាគ​ គឺ​មាន​ន័យ​ថា នឹង​អាច​មាន​សវនាការ​មួយ​ទៀត។ លោក ប៉ូស៊ីឡៃ អាច​នឹង​ត្រូវ​បណ្តេញ​ពី​បក្ស បន្ទាប់​មក​អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​​កាត់ទោស​ពី​បទ​ឃុបឃិត​ធ្វើ​ឃាតកម្ម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ