អានតួអត្ថបទ
កម្ពុជា

កុមារ កូន​ស្ត្រី​អ្នក​បឹងកក់ យំ​រក​ម្តាយ ដែល​ជាប់​ពន្ធនាគារ​ក្នុង​​រឿង​ដីធ្លី

មួយថ្ងៃ មុន​ទិវា​កុមារ​អន្តរជាតិ ថ្ងៃ​១​មិថុនា ក្រុម​កុមារ ជា​កូន​ស្ត្រី​អ្នកភូមិ​បឹងកក់ ដែល​ជាប់​ពន្ធនាគារ​ក្នុង​រឿង​ជម្លោះ​ដីធ្លី បាន​ប្រមូលផ្តុំ ស្រែក​យំ​រក​ម្តាយ នៅ​មុខ​ក្រសួង​យុត្តិធម៌។ កុមារា កុមារី អាយុ​ប្រមាណ ១០ ឆ្នាំ បាន​ឈរ​យំ​ផង និង​ស្រែក​ច្រៀង​ផង អំពាវ​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគម​ដោះលែង​អ្នក​ភូមិ​បឹងកក់ ១៥ នាក់ ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស។ ក្រុម​ស្ត្រី​បឹងកក់​ទាំងនោះ ត្រូវបាន​តុលាការ​កាត់ទោស ដាក់​ពន្ធនាគារ ពី ១ ឆ្នាំ ទៅ ២ ឆ្នាំ​កន្លះ ក្នុង​រឿង​ជម្លោះ​ដី​នៅ​បឹង​កក់ កាលពី​ថ្ងៃ​ទី​២៤​ឧសភា សប្តាហ៍​មុន។

កុមារ​នៃ​សហគមន៍​បឹងកក់​នៅមុខ​ក្រសួង​យុត្តិធម៌​ដើម្បី​​សុំ​សេរីភាព​ឱ្យ​ម្តាយ
កុមារ​នៃ​សហគមន៍​បឹងកក់​នៅមុខ​ក្រសួង​យុត្តិធម៌​ដើម្បី​​សុំ​សេរីភាព​ឱ្យ​ម្តាយ © reuters
ផ្សាយពាណិជ្ជកម្ម

 

“ខ្ញុំ​ត្រូវការ​ម្តាយ។ ខ្ញុំ​ពិបាក​ណាស់​ ពេល​អត់​មាន​ម្ដាយ។ ប្អូន​ខ្ញុំ​ឈឺ​នៅ​ផ្ទះ គ្មាន​អ្នកណា​មើល ហើយ​ខ្ញុំ​ក៏​មិន​ដែល​បាន​ចូលរៀន...”។ ពាក្យ​សម្តី​ទាំង​នេះ​ គឺ​ជា​ការ​ទួញ​សោក​របស់​កុមារី​អាយុ ១២ ឆ្នាំ ជា​កូន​ស្ត្រី​អ្នកភូមិ​បឹងកក់​ម្នាក់។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ សកម្មជន​ដីធ្លី អ្នក​បុរី​កីឡា ដី​ក្រហម អ្នក​បឹងកក់ និង​អ្នក​រស់នៅ​សហគមន៍​ជាច្រើន​ទៀត រួម​នឹង​កុមារ​តូច​ជាច្រើន​នាក់ បាន​ប្រមូលផ្តុំ នៅ​មុខ​ក្រសួង​យុត្តិធម៌ ទល់មុខ​ព្រះ​បរមរាជវាំង ស្រែក​ទ្រហោ​យំ និង​ច្រៀង​ចម្រៀង អំពាវនាវ​ឲ្យ​តុលាការ ដោះលែង​ម្តាយ​-​ឪពុក ជា​អ្នកភូមិ​បឹងកក់​ចំនួន ១៥ នាក់ ពី​ពន្ធនាគារ​ព្រៃ​ស។​

អ្នក​ភូមិ​បឹងកក់ ដែល​ភាគច្រើន​ជា​ស្ត្រី និងជា​ម្តាយ​របស់​កុមារ​តូចៗ ត្រូវបាន​តុលាការ កាលពី​ថ្ងៃ​ទី​២៤​ឧសភា កាត់ទោស​ដាក់​ពន្ធនាគា​រ ពី​១ ឆ្នាំ ដល់ ២ ឆ្នាំ ៦​ខែ ក្នុង​រឿង​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ នៅ​តំបន់​បឹងកក់។ 

ក្រុម​សកម្មជន​ដីធ្លី និង​កុមារ​តូចៗ បាន​ស្រែក​រក​យុត្តិធម៌ និង​ដាក់​ញត្តិ​ទៅ​កាន់​ក្រសួង​យុត្តិធម៌ ដើម្បី​ឲ្យ​ដោះលែង​ម្តាយ​ពី​ពន្ធនាគារ។ ការចាប់​ស្ត្រី​អ្នក​ភូមិ​បឹងកក់ ដាក់​ពន្ធនាគារ គឺជា​រឿង​អយុត្តិធម៌។ នេះ​ជា​សម្រែក​របស់​កុមារា​កុមារី នៅ​មួយ​ថ្ងៃ​មុន​ទិវា​កុមារ​អន្តរជាតិ ថ្ងៃ​១​មិថុនា។​

តាម​ក្រុម​សកម្មជន​ដី​ធ្លី ស្ត្រី​អ្នក​ភូមិបឹងកក់​ជាប់​ទោស គ្រាន់​តែ​ការពារ​ដី​ផ្ទះ​របស់​ខ្លួន ដែល​ត្រូវ​ក្រុមហ៊ុន​បូម​ខ្សាច់​ពន្លិច​ប៉ុណ្ណោះ។ ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បានចេញ​សេចក្តី​ថ្លែង​ការណ៍ ថ្កោលទោស​ដ៏​ខ្លាំងក្លា ចំពោះ​ការកាត់ទោស​អ្នក​តវ៉ា​ដីធ្លី នៅ​បឹង​កក់។ តាម​សេចក្តី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ រឿង​នេះ ជា​ការគំរាមកំហែង​ដល់​សកម្មជន​ដីធ្លី ហើយ​តុលាការ ត្រូវ​ដោះលែង​អ្នក​បឹងកក់ ឲ្យមាន​សេរីភាព​ឡើងវិញ។​

ជុំវិញ​រឿងនេះ មន្ត្រី​រដ្ឋាភិបាល ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​តែ​រក្សា​ភាពស្ងប់ស្ងាត់ ខណៈ​ដែល​ការបោះឆ្នោត​ឃុំ​សង្កាត់ នឹង​ចូលមក​ដល់​នៅ​ថ្ងៃ​ទី​៣​មិថុនា។ រី​ឯ​គណបក្ស​ប្រឆាំង​សមរង្ស៊ី កំពុង​យក​បញ្ហា​ដីធ្លី និង​ការ​បណ្តេញចេញ ពិសេស​ករណី​រឿង​បឹងកក់ ជា​ប្រធានបទ​ឃោសនា​រក​សំឡេងឆ្នោត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ