អានតួអត្ថបទ
អ៊ីតាលី

ប្រជាជន​អ៊ីតាលី​ទៅ​បោះឆ្នោត​រើស​តំណាងរាស្ត្រ​និង​សមាជិក​ព្រឹទ្ធសភា​

ប្រជាជន​​អ៊ីតាលី​​​​​​ប្រហែល​ជា​៤៧​លាន​នាក់​​ បាន​​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​ នៅ​ថ្ងៃ​អាទិត្យ​នេះ ហើយ​​​នឹង​បន្ត​នៅ​​ថ្ងៃ​ចន្ទ​ស្អែក​​ទៀត​ ដើម្បី​រើសអ្នក​​តំណាង​រាស្ត្រ​ និង​សមាជិក​ព្រឹទ្ធសភា។ មាន​គណបក្ស​​ចំនួន​​​​៥ ​កំពុង​តែ​ប្រជែង​គ្នា​ដណ្តើម​​សន្លឹក​ឆ្នោត។ យោង​តាម​​​​​ការ​ស្ទាបស្ទង់​មតិ គណបក្ស​​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​ឆ្វេង​និយម​ ​របស់​លោក​​ Pier Luigi Bersani នឹង​ទទួល​បាន​ជោគជ័យ​ ក្នុង​ការ​បោះ​ឆ្នោត​​នេះ ជាមួយ​នឹង​សំលេង​ឆ្នោត​ ជាង​៣៤% នាំ​មុខ​គណបក្ស កណ្តាល​និយម​និន្នាកា​ស្តាំ​​​របស់​អតីត​​​នាយករដ្ឋ​មន្ត្រី​ ​ Silvio Berlusconi ដែល​អាច​​ទទួលបាន​​​សំលេង​​​​​​៣០%​​​។​ រីឯ​​គណបក្ស​​កណ្តាល​និយម​របស់​នាយក​រដ្ឋ​មន្ត្រី​​ផុត​អណត្តិ​​​​ Mario Monti ប្រហែល​ជា​នឹង​ទទួល​បាន​សំលេង​​​តែ​ជាង​ ១៣%រយ​ ​ប៉ុណ្ណោះ។ អ្វី​ដែល​​គេ​កំពុង​បារម្ភ​នៅ​ពេល​នេះ​ គឺ​​ថា​តើ​រដ្ឋាភិបាល​ថ្មី​​របស់​អ៊ីតាលី​ នឹង​​មាន​​​សមត្ថភាព​គ្រប់​គ្រាន់​ ដើម្បី​​​ស្រោចស្រង់​វិបត្ត​ថវិកា​ របស់​ប្រទេសជាតិ​​បាន​ឬ​ទេ?​

នាយក​រដ្ឋ​មន្ត្រី​​ផុត​អណត្តិ​​​​ Mario Monti
នាយក​រដ្ឋ​មន្ត្រី​​ផុត​អណត្តិ​​​​ Mario Monti REUTERS/Stefano Rellandini
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​អ៊ីតាលី ប្រហែល​ជា​៤៧​លាន​នាក់ បាន​​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ហើយ​​​នឹង​បន្ត​នៅ​​ថ្ងៃ​ចន្ទ​ស្អែក​​ទៀត​ ដើម្បី​រើសអ្នក​​តំណាង​រាស្ត្រ​ និង​សមាជិក​ព្រឹទ្ធសភា។ ​ គណបក្ស​​ចំនួន​​​​៥ ​កំពុង​តែ​ប្រជែង​គ្នា​ដណ្តើម​​អសនៈ​នៅ​សភា ដែល​មាន​៦៣០ កៅ​អី​ និង​នៅ​ព្រឹទ្ធ​សភា​​ដែល​មាន​៣១៥ កៅ​អី។

យោង​តាម​​​​​ការ​ស្ទាបស្ទង់​មតិ គណបក្ស​​ប្រជាធិបតេយ្យ​​​ឆ្វេង​និយម​ ​របស់​លោក​​ Pier Luigi Bersani នឹង​ទទួល​បាន​ជោគជ័យ​ ក្នុង​ការ​បោះ​ឆ្នោត​​នេះ ជាមួយ​នឹង​សំលេង​ឆ្នោត​ ជាង​៣៤​ ភាគរយ ដោយ​នាំ​មុខ​គណបក្ស​​កណ្តាល​និយម​និន្នាកា​ស្តាំ​​​របស់​អតីត​​​នាយករដ្ឋ​មន្ត្រី​ ​ Silvio Berlusconi ដែល​គេ​ប្រមើល​មើល​ថា​ អាច​​ទទួល​​សំលេង​​​​​​៣០​ភាគរយ​​​។​

បន្ទាប់​ពី​នោះ​ គណបក្ស​ចលនា​ផ្កាយ​​ប្រាំ​ ដែល​ដឹក​នាំ​ដោយ​សិល្បករ​ Beppe Grillo ប្រហែល​ជា​ទទួល​បាន ១៧ ភាគ​រយ។ ចំណែក​​គណបក្ស​​កណ្តាល​និយម​របស់​នាយក​រដ្ឋមន្ត្រី​​ផុត​អណត្តិ​​ គឺ​លោក Mario Monti ត្រូវ​គេ​រំពឹង​ថា​​ទទួល​បាន​សំលេង​​​តែ​ជាង​ ១៣ភាគ​រយ​ ​ប៉ុណ្ណោះ។

អ្វី​ដែល​គេ​កំពុង​តែ​ចោទ​ជា​សំណួរ​នៅ​ពេល​នេះ គឺ​ថា​តើ​រដ្ឋា​ភិបាល​ថ្មី​របស់​អ៊ីតាលី​ អាច​មាន​សមត្ថភាព​គ្រប់​គ្រាន់​ ដើម្បី​ដោះ​ស្រាយ​វិបត្ត​ថវិកា​ក្នុង​ប្រទេស​បាន​រឺ​ក៏​យ៉ាង​ណា។ យើង​ឃើញ​ហើយ​ថា នាយក​រដ្ឋ​មន្ត្រី​ដែល​ផុត​អណត្តិ គឺ​លោក​ Mario Monti​ ដែល​បាន​ចូល​កាន់​តំណែង​ជំនួស​លោក ​ Silvio Berlusconi ទទួល​បាន​សំលេង​តិចតួច​ណាស់ បើ​ប្រៀប​ទៅ​នឹង​​គណបក្ស​​ឆ្វេង​និយម។ ​ជា​ពិសេស​ទៅ​ទៀត​នោះ លោក​ Silvio Berlusconi ដែល​បាន​ចុះ​ពី​តំណែង ដោយ​សារ​តែ​ប្រឈម​មុខ​នឹង​​រឿង​អាស្រូវ​​​​ ព្រម​ទាំង​វិបត្ត​ថវិកា​នោះ បាន​លេច​មុខ​ជា​ថ្មី​ នៅ​ក្នុង​ឆាក​នយោបាយ​ ដោយ​បានឃោសនា​ថា​​ នឹង​កាត់​បន្ថយ​ការ​យក​ពន្ធ​ក្នុង​ស្រុក។ ហើយយោង​តាម​ការ​ស្ទាបស្ទង់​មតិ ​គណបក្ស​របស់​លោក​​បាន​​ទទួល​សម្លេង​ខ្ពស់​ទៀត​ផង។

ដោយឡែក​​ គណបក្ស​​ប្រជាធិបតេយ្យ​​​ឆ្វេង​និយម​ ​របស់​លោក​​ Bersani ដែល​កំពុង​​លេច​មុខ​ធ្លោ​​​​ នៅ​ពេល​នេះ ប្រហែល​ជា​​ពិបាក​នឹង​ដណ្តើម​​​អសនៈ​នៅ​ព្រឹទ្ធ​សភា ដោយ​សារ​តែ​​​​ត្រូវ​ពឹង​ផ្អែក​លើ​​​សមាសភាព​ចំរុះ​​នយោបាយ​ នៅ​តាម​តំបន់​បោះ​ឆ្នោត​និមួយៗ។ អ្នកវិភាគ​នានា​រំពឹង​ថា អនាគត​រដ្ឋាភិបាល​ថ្មី​របស់​អ៊ីតាលី គឺ​ជា​រដ្ឋាភិបាល​ចំរុះ​​ ដែល​មាន​វត្តមាន​​​គណបក្ស​ឆ្វេង​និយម​ និង​អ្នក​​​គាំទ្រ​នានា​​​មក​ពី​គណបក្ស​របស់​នាយករដ្ឋមន្ត្រី​ផុត​អណត្តិ។

ទោះ​យ៉ាង​ណា លទ្ធផល​ផ្លូវ​ការ​​នៃ​ការ​បោះ​ឆ្នោត​​ នឹង​ត្រូវ​​បាន​ដឹង​ច្បាស់​នៅ​យប់​ថ្ងៃ​ចន្ទ​ រឺ​ព្រឹក​ថ្ងៃ​អង្គារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ