អានតួអត្ថបទ
លីប៊ី

សហភាព​អឺរ៉ូប និង​អាហ្វ្រិក​សាកល្បង​ផ្តល់​សន្ទុះ​ថ្មី​ឱ្យ​ដល់​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច

ក្រុម​អ្នក​ដឹកនាំ​អឺរ៉ូប​និង​អាហ្វ្រិក​បាន​រួម​ប្រជុំ​គ្នា​ពីរ​ថ្ងៃ​គឺ​ នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​និង​ថ្ងៃ​អង្គារ​៣០វិច្ឆិកា​នេះ​ជា​ថ្ងៃ​បង្ហើយ​ នៅ​ទីក្រុង​Tripoli​ ដើម្បី​សាក​ល្បង​ផ្តល់​សន្ទុះ​ថ្មី​ឱ្យ​ដល់​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​រវាង​ ទ្វីប​ទាំង​ពីរ​ នៅ​ក្នុង​បរិយាកាស​ដក់​ជាប់​ដោយ​រឿង​វិវាទ​ស្តី​ពី​បញ្ហា​ដូច​យ៉ាង​ អន្តោប្រវេសន៍​ ​ ពាណិជ្ជកម្ម​ឬ​អាកាស​ធាតុ។

ជំនួប​កំពូ​ល​សហភាព​អឺរ៉ូប​-អាហ្វ្រិក នៅ​ទីក្រុង​Tripoli​  ប្រទេស​លីប៊ី
ជំនួប​កំពូ​ល​សហភាព​អឺរ៉ូប​-អាហ្វ្រិក នៅ​ទីក្រុង​Tripoli​ ប្រទេស​លីប៊ី Reuters
ផ្សាយពាណិជ្ជកម្ម
02:27

សេចក្តី​រាយការណ៍​របស់ វីនស្តុន រតនា

ជា​ភ្ញៀវ​នៃ​ជំនួប​កំពូល​ ​ លោក​ប្រធានាធិបតី​លីប៊ី​ Mouammar​ Kadhafi​ បាន​យល់​ឃើញ​ថា​ ការបង្កើត​ភាព​ជា​ដៃ​គូ​រវាង​ទ្វីប​ទាំង​ពីរ​បាន​ទទួល​បរាជ័យ។អនុសញ្ញា​មួយ​ចំនួន​ចុះ​នៅ​ឆ្នាំ​២០០៧​ នៅ​ជំនួប​កំពូល​Lisbonne​ គ្មាន​ប្រសិទ្ធិភាព​ទេ។លោក​kadhafi​បាន​ព្រមាន​ប្រាប់​ថា​ អាហ្វ្រិក​ប្រហែល​អាច​នឹង​បែរ​ទៅ​រក​មហាអំណាច​ដទៃ​ទៀត​ដូច​យ៉ាង​ អាមេរិក​ឡាទីន​ ​ ចិន​ឬ​ឥណ្ឌា។ ”យើង​ចង់​បាន​ភាព​ជា​ដៃ​គូ​ស្មើ​ភាព​គ្នា​ឈរ​នៅ​លើ​មូលដ្ឋាន​ មាន​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ ពុំ​មែន​នៅ​លើ​ការកេង​ប្រវ័ញ្ច​គ្នា​នោះ​ទេ”។

ប្រកប​ដោយ​សុទិដ្ឋិនិយម​ជាង​ លោក​ប្រធាន​សហភាព​អឺរ៉ូប​ Herman​ Van​ Rompuy​បាន​យល់​ឃើញ​ថា​ ជំនួប​កំពូល​នៅ​Tripoli​ដែល​ចប់​នៅ​ថ្ងៃ​អង្គារ​៣០វិច្ឆិកា​នេះ​គឺ​”ជា​សញ្ញា​ដ៏​ខ្លាំង​មួយ”។​ ”សហភាព​អឺរ៉ូប​និង​អាហ្វ្រិក​ត្រូវ​តែ​ធ្វើ​សហការ​គ្នា​និង​ឆ្លៀត​ឱកាស​ល្អ​ផ្តល់​ឱ្យ​ដោយ​សក្តានុពល​ដ៏​ធំធេង​ផ្សំ​បញ្ចូល​គ្នា​របស់​យើង”។

លោក​ប្រធាន​គណៈកម្មការ​នៃ​សហភាព​អាហ្វ្រិក​ Jean​ Ping​ បាន​អំពាវ​នាវ​ឱ្យ​”លើក​ជា​ស្ថាពរ​ការបិទ​ខ្ទប់​ដូច​យ៉ាង​កិច្ច​ព្រម​ព្រៀង​នៃ​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច”​ ដែល​ត្រូវ​ជំនួស​របប​ពាណិជ្ជកម្ម​អនុគ្រោះ​ដែល​អឺរ៉ូប​ផ្តល់​ឱ្យ​អតីត​ដែន​ដី​អាណានិគម​របស់​ខ្លួន​ ជា​របប​ត្រូវ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(OMC​)​ ចាត់​ទុក​ថា​មិន​ចុះ​សម្រុង​នឹង​ក្បួន​ខ្នាត​អន្តរជាតិ។

ព្រួយ​បារម្ភ​ចំពោះ​កសិកម្ម​និង​ឩស្សាហកម្ម​របស់​ខ្លួន​ អាហ្វ្រិក​ខ្លាច​បារម្ភ​តែ​ឃើញ​រលាយ​បាត់​ទៅ​ប្រាក់​ចំណូល​មួយ​ភាគ​ធំ​នៃ​ថវិកា​របស់​ខ្លួន​បាន​មក​ពី​ពន្ធ​អាករ​លើ​ទំនិញ​នាំ​ចូល​មក​ពី​អឺរ៉ូប។

បណ្តា​ប្រទេស​អាហ្វ្រិក​បាន​ច្រាន​ចោល​សេចក្តី​ថ្លែងការណ៍​រួម​ជាមួយ​សហភាព​អឺរ៉ូប​ស្តី​ពី​ការប្រែ​ប្រួល​នៃ​អាកាស​ធាតុ​ ដោយ​យល់​ឃើញ​ថា​ វា​ជា​អាទិភាព​សំរាប់​តែ​ទ្វីប​អឺរ៉ូប។

អ្នក​ដឹកនាំ​បារាំង​ អាល្លឺម៉ង់​និង​អង់គ្លេស​ពុំ​បាន​មាន​មុខ​ទេ​ នៅ​ជំនួប​កំពូល​ពីរ​ថ្ងៃ​នេះ​នៅ​Tripoli​នៃ​ប្រទេស​Libye។

៦​ប្រធាន​បទ​សំខាន់ៗ​នៃ​ជំនួប​កំពូល​នេះ​គឺ​សមាហរ័ណកម្ម​ក្នុង​តំបន់ ថាមពល​និង​ការប្រែប្រួល​នៃ​អាកាស​ធាតុ​​ កសិកម្ម​ ​សន្តិភាព​ និង​សន្តិសុខ​ អភិបាលកិច្ច​និង​សិទ្ធិ​មនុស្ស​ អន្តោប្រវេសន៍​និង​ការងារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ