អានតួអត្ថបទ
រុស្ស៊ី អាមេរិក

សភា​ឌូម៉ា​របស់​រុស្ស៊ី​បោះឆ្នោត​ជុំទីមួយ​លើ​សន្ធិសញ្ញា​START​ថ្មី

បើទោះបី​ជា​មាន​ការរារែក និង​មិនយល់ស្រប​លើ​ចំណុច​ខ្លះ​ក្នុង​សន្ធិសញ្ញា​ START​ថ្មី​ដែល​ទើប​ផ្តល់​សច្ចាប័ន​ដោយ​សភា​អាមេរិកាំង សភា​ឌូម៉ា​របស់​រុស្ស៊ី​បានសម្រេច​ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ផ្តល់​ចម្លើយ​ជា​វិជ្ជមាន​ដល់​សន្ធិសញ្ញា​ START​ថ្មី​ដែល​ប្រមុខដឹកនាំ​រុស្ស៊ី និង​អាមេរិក​បាន​ចុះហត្ថលេខា កាលពី​ខែ​មេសា ក្នុង​សាធារណរដ្ឋ​ឆែក។ អ្នកតំណាងរាស្រ្ត​បាន​ធ្វើ​ការបោះឆ្នោត​គាំទ្រ ជារួម។ ចំណែក​ការផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​នឹង​អាច​ធ្វើឡើង នៅពាក់​កណ្តាល​ខែ​មករា ២០១១ នៅក្រោយពេល​សមាជិក​សភា​ត្រលប់ពី វិស្សមកាល​វិញ។

សមាជិក​សភា​ឌូម៉ា​របស់​រុស្ស៊ីបោះឆ្នោត​ជុំទីមួយ​សន្ធិសញ្ញា​START ថ្មី​ក្រោយ​សភា​អាមេរិកាំង​ផ្តល់សច្ចាប័ន​លើ​សន្ធិសញ្ញា នៅ​ថ្ងៃ​ពុធ​ទី ២២​ធ្នូ ២០១០
សមាជិក​សភា​ឌូម៉ា​របស់​រុស្ស៊ីបោះឆ្នោត​ជុំទីមួយ​សន្ធិសញ្ញា​START ថ្មី​ក្រោយ​សភា​អាមេរិកាំង​ផ្តល់សច្ចាប័ន​លើ​សន្ធិសញ្ញា នៅ​ថ្ងៃ​ពុធ​ទី ២២​ធ្នូ ២០១០ ©Reuters
ផ្សាយពាណិជ្ជកម្ម

01:53

សេចក្តី​រាយការណ៍របស់ឈាង បុប្ផា​

ឈាង បុប្ផា

សភា​ឌូម៉ា​បាន​បោះឆ្នោត​ទទួលសា្គល់​ខ្លឹមសារ​រួម​របស់​សន្ធិសញ្ញា​ START​ថ្មី​ដែល​សំដៅ​កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ ក្នុង​ប្រទេស​រុស្ស៊ី និង​អាមេរិក។ ប៉ុន្តែ នៅថ្ងៃ​សុក្រ​ម្សិលមិញ​នេះ អ្នកច្បាប់​រុស្ស៊ី​បាន​ត្រឹម​អាន​អត្ថបទ​លើកទីមួយ​ប៉ុណ្ណោះ។ គេត្រូវការ​អាន និង​កែសម្រួល​ខ្លឹមសារ​អត្ថបទ​ សន្ធិសញ្ញា​ START​ថ្មី បីដង មុន​នឹង​ឈាន​ទៅ​ដល់​ការផ្តល់​សច្ចាប័ន​ទាំងស្រុង​លើ​សន្ធិសញ្ញា។

 
បើតាម​ការបញ្ជាក់​របស់​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី លោក Sergei Lavrov រុស្ស៊ី​ត្រូវ​ធ្វើការ​ពិនិត្យ​ដោយ​ល្អិតល្អន់​ទៅ​លើ​សន្ធិសញ្ញា​ START​ថ្មី​ដែល​ធ្វើ​ដោយ​ភាគី​អាមេរិក។ ជាក់ស្តែង រុស្ស៊ី​បាន​បង្ហាញ​រួចទៅហើយ នូវ​ការមិន​យល់ស្រប​របស់​ខ្លួន ជាមួយ​នឹង​ចំណុច​វិសោធនកម្ម​មួយ​ចំនួន​ដែល​ភាគី​​អាមេរិក​បាន​ធ្វើ​ឡើង នៅក្នុង​សន្ធិសញ្ញា​ START​ថ្មី។
ឃ្លាមួយ​ដែល​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​ធ្វើ​ដោយ​ភាគី​អាមេរិក​បាន​សរសេរ​ថា សន្ធិសញ្ញា​នឹង​មិន​កំរិត​នូវ​លទ្ធភាព​នៃ​ការបាញ់​សាកល្បង ការអភិវឌ្ឍន៍ និង​ការពង្រាយ​ខែល​មីស្ស៊ីល ដែល​គ្មាន​គ្រាប់​នុយក្លេអ៊ែរ ដែល​អាមេរិក​ធ្លាប់មាន និង​ត្រូវ​ផលិត​ក្នុង​ពេល​អនាគត។

លោក​ Lavrov បាន​និយាយ​ថា រុស្ស៊ី​មិន​អាច​ទទួល​យក​បានទេ ដែល​អាមេរិក​មិន​ព្រម​បញ្ចូល​ប្រភេទ​អាវុធ​ទំនើប ជាពិសេស​ខែល​ប្រឆាំង​មីស្ស៊ីល ចូលទៅ​ក្នុង​សន្ធិសញ្ញា​កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ។ ដូច្នេះ រុស្ស៊ី​បាន​បង្ហាញ​ជំហរ​ថា ខ្លួន​នឹង​សរសេរ​អត្ថបទ​មួយ​សម្រាប់​ជំទាស់​នឹង​ខ្លឹមសារ​របស់​សន្ធិសញ្ញា​ដែល​ធ្វើ​ឡើង​ដោយ​អាមេរិក។

គួររំលឹក​ថា ​រុស្ស៊ី​ធ្លាប់​បាន​តវ៉ា​ទៅ​ទីក្រុង​វ៉ាស៊ីនតោន ឲ្យ​ឈប់​ដំឡើង​ខែល​ប្រឆាំង​មីស្ស៊ីល ក្នុង​ទឹកដី​អឺរ៉ុប ដូចជា​ក្នុង​ប្រទេស​ប៉ូឡូញ។ ទីក្រុង​ម៉ូស្គូ​ដែល​បារម្ភ​ថា​ខែល​មីស្ស៊ីល​ទាំងនោះ​អាច​គំរាមកំហែង​សន្តិសុខ​របស់​រុស្ស៊ី បាន​ស្នើសុំ​ឲ្យ​អាមេរិក​ចុះ​ឈ្មោះ​ខែល​មីស្ស៊ីល និង​អាវុធ​បាញ់​បាន​ចម្ងាយ​ឆ្ងាយ​ផ្សេងទៀត ទៅ​ក្នុង​បញ្ជី​អាវុធ​ដែល​ត្រូវ​កាត់បន្ថយ នៅ​ក្នុង​សន្ធិសញ្ញា​ START​ថ្មី។ សំណើ​នេះ​ធ្លាប់​បាន​អាមេរិក​ច្រានចោល​ដោយ​បង្ហាញ​ហេតុផល​ថា អាវុធ​ទាំងនោះ​នឹង​មិនអាច​ចង​ភ្ជាប់​ទៅ​នឹង​សន្ធិសញ្ញា​បាន ដោយសារ​វា​មិនមាន​បំពាក់​ជាមួយ​នឹង​អាវុធ​នុយក្លេអ៊ែរ។ សន្ធិសញ្ញា​START​ថ្មី​​ផ្តោត​សំខាន់តែ​ទៅ​លើ​ការកាត់បន្ថយ​គ្រឿង​សព្វាវុធ​ដែល​មាន​​គ្រាប់នុយក្លេអ៊ែរ​តែ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ