អានតួអត្ថបទ
រុស្ស៊ី-អ៊ីស្រាអែល

រឿង​អាស្រូវ​ការទូត រវាងរុស្ស៊ី និង អ៊ីស្រាអែល

រដ្ឋាភិបាល​អ៊ីស្រាអែល ទើប​បញ្ជាក់​ថា​ ទីក្រុង​ម៉ូស្គូ​បាន​បណ្តេញ​អនុព័ន្ធ​យោធា​នៃ​ស្ថានទូត​រដ្ឋ​អ៊ីស្រាអែល​ចេញ​ពី​ប្រទេស​រុស្ស៊ី​មែន ក្រោម​លេស​ថា​អ្នក​ការទូត​នេះ​បាន​ប្រព្រឹត្ត​ចារកម្ម​ លួច​យកការណ៍​ពី​រុស្ស៊ី។ ប៉ុន្តែ​អ៊ីស្រាអែល​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នោះ ដោយ​កត់​សម្គាល់​ទៅ​ផង​ថា ឧប្បត្តិហេតុ​នេះ​កើត​មាន​ឡើង​នៅ​ចំ​ទិវា​ខួប​កំណើត​៦៣​ឆ្នាំ​នៃ​រដ្ឋ​អ៊ីស្រាអែល និង​ខួប​២០​ឆ្នាំ នៃ​ការ​ស្តារ​ឡើង​វិញ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ។

ទីក្រុង ម៉ូស្គូ​រដ្ឋធានីរុស្ស៊ី
ទីក្រុង ម៉ូស្គូ​រដ្ឋធានីរុស្ស៊ី © រូបថតរក្សាសិទ្ធិ
ផ្សាយពាណិជ្ជកម្ម

អនុព័ន្ធយោធានេះ​នៃ​ស្ថានទូត​រដ្ឋ​អ៊ីស្រាអែល​ប្រចាំ​ប្រទេស​រុស្ស៊ី គឺ​លោក Vadim Leiderman ពាក់​សក្តិ​ជា​វរសេនីយឯក ដែល​ស្រប​នឹង​តំណែង​ផ្លូវការ​ផ្ទុក​ផ្តាក់​ឲ្យ​បំពេញ​ដោយ​រដ្ឋ​ស្រាអែល​មាន​ឋានៈ​ជា “សេនានុព័ន្ធ​របស់​កងទ័ព​ការពារ​ប្រទេស​អ៊ីស្រាអែល”។ គាត់​បាន​ចាប់ផ្តើម​បេសកកម្ម​ខ្លួន​នៅ​រុស្ស៊ី គឺ​តាំងពី​ឆ្នាំ​២០០៨​មក ហើយ​ត្រូវ​ផុត​អាណត្តិ​ក្នុង​២​ខែ​ទៀត​សោះ។

ស្រប​នឹង​ការផ្សាយ​ឲ្យ​ដឹង​នៃ​កាណាល់​ទូរទស្សន៍ ប៉ុស្តិ៍​​លេខ២ របស់​អ៊ីស្រាអែល គឺ​ថ្ងៃ​១២​ឧសភា ពេល​ដែល​គាត់​កំពុង​ទទួល​ទាន​អាហារ រួម​ជាមួយ​ប្រពន្ធ​កូន​គាត់ ក្នុង​ភោជនីយដ្ឋាន​មួយ​នៃ​រដ្ឋធានី​ម៉ូស្គូ ស្រាប់​តែ​បាន​ត្រូវ​សមត្ថកិច្ច​នៃ​ក្រសួង​សន្តិសុខ​រុស្ស៊ី ចូល​ទៅ​ឃាត់​ខ្លួន​គាត់​យ៉ាង​គំហុក ទាំង​វ៉ៃ​ខ្នោះ​ដៃ​គាត់​យ៉ាង​សម្ញែង​នៅ​ពី​មុខ​អតិថិជន​ឯ​ទៀត​រួច​នាំ​យក​រូប​គាត់​ទៅ​សួរ​ចម្លើយ​ទៅ។

បន្ទាប់មក ក្រោម​បទ​ចោទ​ប្រកាន់​ថា គាត់​បាន​ប្រព្រឹត្ត​ចារកម្ម លួច​យកការ​សម្ងាត់​ពី​រុស្ស៊ី គឺ​ទុក​ពេល​៤៨​ម៉ោង​ឲ្យ​គាត់​ចាកចេញ​ពី​រុស្ស៊ី ដោយ​មិន​បាន​ឃុំឃាំង​រូប​គាត់​ទេ ដ្បិត​គាត់​មាន​អភ័យ​ឯកសិទ្ធិ​ជា​អ្នក​ការទូត។ លុះ​ថ្ងៃ​សៅរ៍​១៤​ឧសភា គាត់​ក៏​បាន​ចាកចេញ​ពី​ដែន​ដី​រុស្ស៊ី​ទៅ។

ពិតជា​កាលបរិច្ឆេទ​ថ្ងៃ ១៤​ឧសភា​នោះ​ឯង ដែល​៦៣​ឆ្នាំ​មុន គឺ​ក្នុង​ឆ្នាំ​១៩៤៨​ មាន​ប្រសូត​មក​ជា​រដ្ឋ​អ៊ីស្រាអែល។ រួច​ក្នុង​ឆ្នាំ​នោះ​ឯង សហភាព​សូវៀត​បាន​ប្រកាស​ទទួល​ស្គាល់ ហើយ​តាំង​ទំនាក់ទំនង​ការទូត​ជាមួយ​រដ្ឋ​នេះ។ ប៉ុន្តែ នៅ​ថ្ងៃ​១០​មិថុនា​ឆ្នាំ​១៩៦៧ សហភាព​សូវៀត បាន​ផ្តាច់​ទំនាក់ទំនង​នោះ​ទៅវិញ ដោយ​សំដែង​ការ​ប្រឆាំង​ទល់​នឹង​អ៊ីស្រាអែល​ចំពោះ​ការ​ផ្លុំ​បញ្ឆេះ “សង្គ្រាម​៦​ថ្ងៃ” ទៅ​លើ​ពិភពអារ៉ាប់ ដែល​ស្និទ្ធ​នឹង​រុស្ស៊ី។ លុះ​នៅ​ថ្ងៃ​១៨​តុលា​ឆ្នាំ​១៩៩១ ជំនាន់​លោក Gorbatchev ទៅ​ហើយ ទើប​សហភាព​សូវៀត​ស្តារ​ឡើង​វិញ​ទំនាក់ទំនង​ការទូត ជាមួយ​រដ្ឋ​អ៊ីស្រាអែល។

ប្រតិកម្ម​ពី​ខាង​ទីក្រុង Tel-Aviv  ចំពោះ​ការបណ្តេញ​អ្នក​ការទូត​ខ្លួន ចេញ​ពី​រុស្ស៊ី​ គឺ​សំដែង​ដោយ​ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល ដែល​ថា​សេនានុព័ន្ធ​អ៊ីស្រាអែល​នោះ ឥត​ពាក់ព័ន្ធ​នឹង​អំពើ​ចារកម្ម អ្វី​ណា​ទល់​នឹង​ប្រទេស​រុស្ស៊ី​ឡើយ។

ចំណែក​ក្រសួង​សន្តិសុខ​អ៊ីស្រាអែល​វិញ ក្រោយពី​ធ្វើ​អង្កេត​សព្វ​គ្រប់​ទៅ​បាន​សន្និដ្ឋាន​ថា ពាក្យ​ពោល​​អះ​អាង​របស់​រុស្ស៊ី ដែល​ថា លោក​សេនានុព័ន្ធ Vadim Leiderman ជាប់​ពាក់ព័ន្ធ​នឹង​ចារកម្ម​ស្អី​ណា គឺ​គ្មាន​អ្វី​ជា​សំអាង​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ