អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

ចាប់​ពី​ថ្ងៃ​ចន្ទ ​១១​កុម្ភៈ​នេះ​ រុស្ស៊ី​ឈប់​នាំ​សាច់​ពី​ ស.រ.អា. ​

បម្រាម​ហាម​នេះ ប្រកាស​ដោយ​រដ្ឋាភិបាល​រុស្ស៊ី ស្រប​នឹង​សេចក្តី​សន្និដ្ឋាន របស់​គ្រូពេទ្យ​ដើម​ខ្សែ​ខាង​អនាម័យ​ទូទាំង​សហព័ន្ធ​រុស្ស៊ី លោក Guennady Onishenko ដែល​ថា មូលហេតុ​មក​ពី​នៅ​តាម​កសិដ្ឋាន​អាមេរិកាំង គេ​ចេះ​តែ​បន្ត​ចិញ្ចឹម​សត្វ ដោយ​លាយ​នឹង​ចំណី​វា​ទៅ​ដោយ​ថ្នាំ​ម្យ៉ាង​ ឈ្មោះ Ractopamine ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ដែល​ទទួលទាន​សាច់​បែប​នេះ។ តាម​តួ​លេខ​ក្រសួង​កសិកម្ម​អាមេរិក ក្នុង​មួយឆ្នាំៗ ស.រ.អា. បាន​លក់​សាច់​មក​ឲ្យ​រុស្ស៊ី ក្នុង​ទឹក​ប្រាក់ ៥០០​លាន​ដុល្លារ។

Ractopamine ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជម្ងឺ​ហឺត ហើយ​សព្វថ្ងៃ​ត្រូវ​គេ​ឆ្លៀត​ប្រើ​វា​សម្រាប់​បំប៉ន​សាច់ដុំ​សត្វ
Ractopamine ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជម្ងឺ​ហឺត ហើយ​សព្វថ្ងៃ​ត្រូវ​គេ​ឆ្លៀត​ប្រើ​វា​សម្រាប់​បំប៉ន​សាច់ដុំ​សត្វ RFI/Keo Chhaya
ផ្សាយពាណិជ្ជកម្ម

ក្នុង​បទ​សម្ភាសន៍​តាម​កាណាល់​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី គ្រូពេទ្យ​ដើម​ខ្សែ​ខាង​អនាម័យ ទូទាំង​សហព័ន្ធ​រុស្ស៊ី លោក Guennady Onishenko ដែល​តែង​មាន​ទឹកមាត់​ប្រៃ ហើយ​សេចក្តី​សន្និដ្ឋាន​របស់​គាត់ ខាង​អនុញ្ញាត​ឬ​ហាម​មិន​ឲ្យ​នាំ​ចូល​ប្រទេស​រុស្ស៊ី នូវ​គ្រឿង​បរិភោគ​នេះ​នោះ រមែង​បំពេញ​តាម​ដោយ​រដ្ឋាភិបាល។ គាត់​បាន​ពន្យល់​បំភ្លឺ​ថា៖ Ractopamine ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជម្ងឺ​ហឺត ហើយ​សព្វថ្ងៃ​ត្រូវ​គេ​ឆ្លៀត​ប្រើ​វា​សម្រាប់​បំប៉ន​សាច់ដុំ​សត្វ ឲ្យ​វា​ឆាប់​ធំ​កើន​ទម្ងន់​តួ​ខ្លួន​វា ប៉ុន្តែ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ដែល​ទទួលទាន​សាច់​បែប​នេះ។

លោក Guennady Onishenko ក៏​គូស​បញ្ជាក់​ថា៖ “ទន្ទឹម​នឹង​រុស្ស៊ី គឺ​មាន​ប្រទេស​ដល់​ទៅ ជាង​១៦០​ឯណោះ ដែល​ប្រកែក​ឈប់​ទិញ​សាច់​អាមេរិកាំង​បែប​នេះ។ ពួក​អ្នកប្រាជ្ញ​រុស្ស៊ី បាន​តាក់តែង​បញ្ជី​ទាមទារ ដែល​មាន​១៣​ចំណុច ចំពោះ​ថ្នាំ Ractopamine ហើយ​ដែល​ភាគី​រុស្ស៊ី​ប្រាថ្នា​ទទួល​ចម្លើយ​ពី​ខាង​ស.រ.អា. តប​នឹង​ចំណុច​ទាមទារ​ទាំង​នោះ”។

វេជ្ជបណ្ឌិត​រុស្ស៊ី​នេះ​ចាប់​អារម្មណ៍​ជា​ពិសេស ​ទៅ​លើ​ហេតុការណ៍​ដែល​ថា “ស.រ.អា.​មិន​ដែល​លក់​ទៅ​ឲ្យ​បណ្តា​ប្រទេស​អឺរ៉ុប​ឡើយ នូវ​សាច់​បាន​មក​ពី​សត្វ​ដែល​ចិញ្ចឹម ដោយ​ឲ្យ​វា​ស៊ី​ចំណី​លាយ​ជាមួយ​ថ្នាំ Ractopamine”។

គាត់​សង្កត់​ធ្ងន់​ថា៖ សំខាន់​សែន​សំខាន់​ដែល​រុស្ស៊ី​ត្រូវការឲ្យ​ស.រ.អា. ​លាត​ត្រដាង​សក្ខីកម្ម ដែល​បញ្ជាក់​ពី​សុវត្ថិភាព​នៃ​ការ​ប្រើ​ថ្នាំ​នោះ បន្ថែម​ទៅ​លើ​ចំណី​សត្វ។

តាម​កាសែត​អាមេរិកាំង The New York Times ចុះ​ផ្សាយ​ ក្រសួង​កសិកម្ម ស.រ.អា.​ចាត់​ទុក ជាតិ Ractopamine ថា​គ្មាន​គ្រោះថ្នាក់​អ្វី​ទេ សម្រាប់​សុខភាព​មនុស្ស។ ប៉ុន្តែ​ក្រសួង​នេះ មិន​លំអិត​ឡើយ តើ​ក្នុង​សាច់​ដែល​នាំចូល​ប្រទេស​រុស្ស៊ី មាន​ឬ​ទេ​ជាតិ Ractopamine ។
ក្រសួង​កសិកម្ម ស.រ.អា. បាន​ស្នើ​សុំ​រុស្ស៊ី​ឲ្យ​លើក​ទៅ​ពេល​ក្រោយ​ទៅ ការ​ចូល​ជា​ធរមាន​នៃ​បម្រាម​នោះ។ ក្នុង​គោលដៅ​នេះ គណៈ​ប្រតិភូ​នៃ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិកាំង​នឹង​មក​កាន់​ក្រុងម៉ូស្គូ ដើម្បី​ចរចា​ជាមួយ​ភាគី​រុស្ស៊ី។ 

សព្វថ្ងៃ ប្រទេស​ធំៗ​ជា​ចម្បង​ដែល​លក់​សាច់​មាន​គុណភាព​មក​ឲ្យ​រុស្ស៊ី គឺ​មិន​មែន​សហភាពអឺរ៉ុប​និង​អាមេរិក​ខាងជើង​ បែប​យ៉ាង ស.រ.អា. និង​កាណាដា​ឡើយ តែ​គឺ​ប្រទេស​អាមេរិក​ខាង​ត្បូង​ទេតើ បែប​យ៉ាង Bresil , Uruguay , Paraguay ជា​ដើម។

ស្រប​នឹង​ទិន្នន័យ​នៃ “សមាគម​រុស្ស៊ី​ខាង​នាំ​សាច់​ពី​ក្រៅ”  ក្នុង​១១​ខែ នៃ​ឆ្នាំ​២០១២ កន្លង​ទៅ
រុស្ស៊ី​បាន​នាំ​ចូល​គឺ សាច់គោ ៥៣៣.៣០០​តោន ពី​ក្នុង​នោះ ៤០.៨០០​តោន គឺ​ពី​ស.រ.អា, និង​សាច់ជ្រូក ៦៣៩.៦០០​តោន ពី​ក្នុង​នោះ៧៧.៧០០​តោន គឺ​ពី​ស.រ.អា។ តាម​ក្រសួង​កសិកម្ម​អាមេរិក ក្នុង​មួយឆ្នាំៗ​ ស.រ.អា.​បាន​លក់​សាច់​មក​អោយ​រុស្ស៊ី ក្នុង​ទឹក​ប្រាក់ ៥០០​លាន​ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ