អានតួអត្ថបទ
អ.ស.ប.-អ៊ីស្លាម

ប្រទេស​អារ៉ាប​ទាមទារ​បង្កើត​ច្បាប់​ប្រឆាំង​នឹង​ការ​ស្អប់​ខ្ពើម​អ៊ីស្លាម​នៅ​អ.ស.ប.

ក្រៅពី​បញ្ហា​នយោបាយ មហា​សន្និបាត​អង្គការ​ប្រជាជាតិ​លើក​ទី​៦៧ ក៏​ជា​ទេវិកា​នៃ​ការ​តស៊ូ​មតិ​ជុំ​វិញ​សំណុំ​រឿង​សេរីភាព​សារព័ត៌មាន​និង​ការ​គោរព​សាសនា​ដែរ។ នៅ​សប្តាហ៍​នេះ ក្រុម​ប្រមុខ​ដឹកនាំប្រទេស​កាន់​សាសនា​បាន​រួប​រួម​​ជា​ធ្លុង​មួយ​ បញ្ចេញ​សំឡេង បន្ទោស​បស្ចិម​លោក​ ថា​​បាន​យក​ពាក្យ​ “ការពារ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ” មក​ធ្វើ​ជា​លេស ធ្វើ​មិន​ដឹង មិន​ឮ នឹង​ការ​ប៉ះពាល់​វប្បធម៌​អ្នក​​ដទៃ។

ទិដ្ឋភាព​នៃ​ថ្ងៃ​បើក​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ ថ្ងៃទី​២៤ កញ្ញា ២០១២
ទិដ្ឋភាព​នៃ​ថ្ងៃ​បើក​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ ថ្ងៃទី​២៤ កញ្ញា ២០១២ REUTERS/Eduardo Munoz
ផ្សាយពាណិជ្ជកម្ម

 

រិះគន់​ ប្រមាថ ម៉ាក់ងាយ​ ឬ ការ​ស្អប់​ខ្ពើម​សាសនា​អ៊ីស្លាម គឺ​ជា​ទម្រង់​មួយ​នៃ​ការ​ប្រកាន់​ពូជសាសន៍ ដែល​មិន​គួរ​ត្រូវ​អនុគ្រោះ​ ដោយ​អនុលោម​តាម​ច្បាប់​ “សិទ្ធិ​​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ឡើយ ! នេះ​ជា​ប្រសាសន៍​របស់​ប្រមុខ​ការទូត​តួកគី ទៅ​កាន់​អង្គ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។

ប្រមុខ​រដ្ឋ​ ប្រមុខ​ការទូត នៃបណ្តា​ប្រទេស​កាន់​សាសនា​អ៊ីស្លាមជា​ច្រើន​​ផ្សេង​ទៀត ក៏​បាន​រួម​​គំនិត​ដូច​គ្នា​ជា​ធ្លុង​មួយ ឆ្លៀត​យក​​ហេតុការណ៍​ហិង្សា​ផ្ទុះកំហឹង​ក្នុង​ពិភព​អារ៉ាប (បង្ក​ឡើង​ដោយ​ខ្សែភាព​យន្ត​អាមេរិក​មាន​លក្ខណៈ​ប្រមាថ​សាសនា​អ៊ីស្លាម) ដើម្បី​បរិហារ​ភាព​ស្ងប់​ស្ងាត់​របស់​បស្ចិម​លោកចំពោះ​ព្រឹត្តិការណ៍​នេះ​ ព្រោះសំអាង​លើ​ពាក្យ “សេរីភាព​នៃ​ការ​បញ្ចេញ​មតិ”។ សេរីភាព​ មិនមែន​ជា​បញ្ចេញ​មតិ​អនាធិបតេយ្យប៉ាត​ណា​ប៉ាត​ណី​ឡើយ ! លោក​ប្រធានាធិបតី​អេហ្ស៊ីប​ ដែល​ប្រសូត​ចេញ​ពី​បក្ស​អ៊ីស្លាម​ជ្រុលនិយម​ ភាតរបុត្រ Frère Musulman បាន​ទាមទារ​ឱ្យ​ពិភពលោក​ គោរព​លក្ខណៈ​ពិសេស​នៃ​វប្បធម៌​អ៊ីស្លាម និង​ប្រើ​ប្រាស់​សេរីភាព​ដោយ​មិន​ ញុះញង់​ឱ្យ​ស្អប់​ខ្ពើម​សាសនា។ ការ​ជេរ​ប្រមាថ​សាសនា​ គឺ​បទ​ឧក្រិដ្ឋ​ ! នេះ​ជា​ការ​ទាមទារ​របស់​ប្រធានាធិបតី​ប៉ាគីស្ថាន។

អង្គការ​​សហប្រតិបត្តិការ​អ៊ីស្លាម​ ដែល​មាន​ប្រទេស​ជា​សមាជិក​ចំនួន​៥៧ បាន​ទាមទារ នៅ​សប្តាហ៍​នេះ ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​​អង្គការ​សហប្រជាជាតិ​ បង្កើត ឱ្យ​​​មាន​ច្បាប់​ប្រឆាំង​នឹង​ការ​ស្អប់​ខ្ពើម​សាសនា​អ៊ីស្លាម ដូច​ច្បាប់​ប្រឆាំង​នឹង​ការ​ស្អប់​ខ្ពើម​ជនជាតិ​Juif។ ប៉ុន្តែ​បស្ចិម​លោក​​បាន​សម្តែង​មន្ទិល​យ៉ាង​ខ្លាំង​ចំពោះ​ឥទ្ធិពល​នៃ​ច្បាប់​នេះ ព្រោះ​វា​អាច​ក្លាយ​ជា​អាវុធ​ដ៏ពិសពុល​របស់​​អាជ្ញាធរ​អ៊ីស្លាម​ ​សំរាប់យក​ទៅ ​បង្ក្រាប និង​បិទ​ខ្ទប់​សេរីភាព​សាសនា​ផ្សេង​ដែល​ជា​សាសនា​ភាគ​តិច​ក្នុង​ប្រទេស។

ការ​តស៊ូ​មតិ រវាង សេរីភាព​សារព័ត៌មាន និង​ការ​គោរព​សាសនា តែង​ផ្ទុះ​ឡើង​ជា​ញយៗ ជួន​កាល​មានល​ក្ខណៈ​ហិង្សា​និង​សាហាវ​ផង នៅ​លើ​ពិភពលោក។ អំពើ​ហិង្សា ដែល​អាច​ក្លាយ​ជា​អធិករណ៍​បែប​ថ្មី ដូច​អ្វី​ដែល​ទស្សនវិទូ​អាមេរិក Samuel Huntington បានប្រមើល​ទុក​ជាមុន​ក្នុង​និក្ខេបបទ​​ថ្នាក់​បណ្ឌិត​របស់​លោក ថា ជម្លោះ​អនាគត​គឺ​ជម្លោះ​វប្បធម៌​និង​សាសនា មិន​មែន​បង្ក​ឡើង​​ដោយ​បញ្ហា​ទឹកដី ឬ មនោគមន៍​វិជ្ជា​មួយ​មុខ​ទៀតនោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ