អានតួអត្ថបទ
កូរ៉េ

ព្យុងយ៉ាង​បើក​សម័យ​ប្រជុំ​សភា​ទន្ទឹម​នឹង​ការ​បង្ហោះ​ផ្កាយ​រណប

សភា​កូរ៉េ​ខាង​ជើងប្រកាស​​បើក​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន នៅ​​ថ្ងៃ​ទី ១៣ មេសា ឆ្នាំ​២០១២។ គិត​ចាប់​តាំងពី​ លោក​ គីម​ ជុង​អ៊ុន ​ក្លាយជា​ប្រមុខ​ដឹកនាំ​រដ្ឋមក នៅ​ខែ​ធ្នូ​ឆ្នាំ​២០១១​មក​នេះ​ជា លើក​ទី​មួយហើយ​ដែល​ សភាប្រជាជន​កូរ៉េខាង​ជើង​​ បើក​សម័យ​ប្រជុំ​​ពេញ​អង្គ​របស់​ខ្លួន ទន្ទឹម​ពេល​​​គ្នា​នឹង​កាល​បរិច្ឆេទ​បាញ់​បង្ហោះ​ផ្កាយ​រណប។

ទាហាន​កូរ៉េខាង​ជើង​អបអរ​ការ​បង្ហោះ​កាំជ្រួច​មីស្ស៊ី​ល​បាន​ជោគជ័យ​ កាលពី​ឆ្នាំ​២០០៩
ទាហាន​កូរ៉េខាង​ជើង​អបអរ​ការ​បង្ហោះ​កាំជ្រួច​មីស្ស៊ី​ល​បាន​ជោគជ័យ​ កាលពី​ឆ្នាំ​២០០៩ ©rfi
ផ្សាយពាណិជ្ជកម្ម

នា​ឱកាស សម័យ​ប្រជុំ​សភា​ប្រចាំ​ឆ្នាំ ​ លោក គីម ជុង​អ៊ុន ប្រមុខ​ដឹក​នាំ​ថ្មី វ័យ​ក្មេង​​របស់​កូរ៉េខាង​ជើង​ នឹង​ត្រូវ​ប្រកាស​តែងតាំង​ជា​ផ្លូវការ ជា​អគ្គមគ្គុទ្ទេសក៍​ ដ៏​មហិមា​នៃ​របប​កុម្មុយនិស្ត​​​​ព្យុងយ៉ាង។ នេះ​បើ​តាម​ទី​ភ្នាក់ងារ​​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​សៅរ៍​នេះ។ រហូត​មក​ទល់​ពេល​នេះ លោក គីម ជុង​អ៊ុន ត្រូវ​បាន​តែង​តាំង​ជា​អនុប្រធាន​គណៈកម្មការ​ការពារ​ជាតិ ដែល​ជា​ស្នូល​នៃ​អំណាច​របស់​កូរ៉េខាង​ជើង។ អ្នក​វិភាគ​ និង​អ្នក​សង្កេត​ការណ៍​នយោបាយ​កូរ៉េខាង​ជើង​ រំពឹង​ថា​លោក គីម​ ជុង​អ៊ុន នៅ​អាយុ​៣០​ឆ្នាំ នឹង​ទទួល​បាន​តួនាទី​ទាំង​អស់​​ដែល​លោក គីម ជុងអ៊ីល ជា​ឪពុក​ធ្លាប់​កាន់​កាប់​កាល​នៅ​រស់​ ពោល​គឺ​ជា​ប្រមុខ​ដឹកនាំ​យោធា និង​ជា​ប្រមុខ​ដឹកនាំ​បក្ស​ពលករ​តែ​មួយ​គត់​របស់​កូរ៉េ​កុម្មុយនិស្ត។

 
ប៉ុន្តែ អ្វី​ជា​ការកត់​សម្គាល់​ខ្លាំង គឺ​សម័យ​ប្រជុំ​ពេញ​អង្គ​សភា​ប្រជាជន​កូរ៉េខាង​ជើងនេះ​ នឹង​ប្រព្រឹត្ត​ទៅ​​ចំ​ថ្ងៃ​ដែល​របប​ក្រុង​ព្យុងយ៉ាង​គ្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប ដើម្បី​អប​អរ និង​ឧទ្ទិស​ដល់​ថ្ងៃ​ខួប​កំណើត​​១០០​ឆ្នាំ លោក គីម អ៊ីលស៊ុង អ្នក​បង្កើត​របប​កុម្មុយនិស្ត​កូរ៉េខាង​ជើង និង​ត្រូវ​ជា​ជីតា​របស់​លោក​គីម ជុង​អ៊ុន ប្រមុខ​ដឹកនាំ​ប្រទេស​បច្ចុប្បន្ន។

គម្រោង​​បង្ហោះ​ផ្កាយ​រណប របស់​កូរ៉េខាង​ជើង ពី​ថ្ងៃទី​១២ដល់​ថ្ងៃ​ទី​១៦​មេសា​​​ ដែល​រៀប​ចំ​ស្រេច​បាច់​​រង់ចាំ​តែ​ដល់​ថ្ងៃ​បាញ់​​នេះ ត្រូវ​បាន​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធ​មិត្ត​ មាន​ជា​អាទិ៍​កូរ៉េខាង​ត្បូង ចាត់​ទុក​ថា​ជា​លេស​បិទ​បាំង​មហិច្ឆតា​ចង់​សាកល្បង​បាញ់​ពាំ​ក្បាល​នុយក្លេអ៊ែរ​ ឬ​មីស្ស៊ីល​អន្តរទ្វីប។ សូម្បី​តែ​ប្រទេស​ចិន សម្ព័ន្ធ​មិត្ត​តែ​មួយ​គត់​របស់​ព្យុងយ៉ាង ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ដែរ។ ចិន​បាន​បង្ខំ​ឱ្យ​មិត្ត​ជិតខាង​​នេះ​​ស្ងប់​អារម្មណ៍​ បញ្ចៀស​រាល់​ទង្វើ​បង្ក​ហេតុ។

ម្យ៉ាង​វិញ​ទៀត​ គម្រោង​បង្ហោះ​ផ្កាយ​រណប​​នេះ នឹង​ក្លាយ​ជា​ប្រធានបទ​ពិភាក្សា​ដ៏​ចម្បង​និង​ទូលំទូលាយ​មួយ តែ​ក្រៅ​ផ្លូវការ នា​ឱកាស​ជំនួប​កំពូល​ស្តី​ពី​នុយក្លេអ៊ែរ​ ដើម​សប្តាហ៍​ក្រោយ​នេះ នា​ទីក្រុង​សេអ៊ូល ដោយ​មានប្រធានាធិបតី​អាមេរិក បារ៉ាក់​ អូបាម៉ា និង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន ​ចូល​រួម​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ